ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បួន​ម៉ូតូ​ធំ​ស្វាគមន៍​ម្ចាស់​មេដាយមាស​ពិភពលោក អ៊ុ​ក ស្រី​មុំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រតិភូ​កីឡា​ប៉េតង់​ជម្រើសជាតិ​កម្ពុជា ដែល​បាន​ទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក World Championship Petanque2017 នៅ​ប្រទេស​បែ​ល ហ្ស៊ិ​ក បាន​វិល​ត្រឡប់​មក​ដល់​រាជធានី​ភ្នំពេញ​វិញ​ហើយ កាលពី​

រាជធានី​ភ្នំពេញ ៖ ប្រតិភូ​កីឡា​ប៉េតង់​ជម្រើសជាតិ​កម្ពុជា ដែល​បាន​ទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក World Championship Petanque2017 នៅ​ប្រទេស​បែ​ល ហ្ស៊ិ​ក បាន​វិល​ត្រឡប់​មក​ដល់​រាជធានី​ភ្នំពេញ​វិញ​ហើយ កាលពី​ថ្ងៃ​ទី​១៨ មេ​សា វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល ដោយ​នាំ​មក​ជាមួយ​នូវ​មេដាយមាស​១​គ្រឿង និង​ប្រាក់​១​គ្រឿង​មក​ជូន​ប្រទេស​ជាតិ ។

ការ​មក​ដល់​របស់​ក្រុម​ប្រតិភូ​កីឡា​ប៉េតង់​ជម្រើសជាតិ​កម្ពុ​ជានា​ឱកាស​នោះ ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា និង​មិត្ត​រួម​អាជីព​ជា​ច្រើន​រូប​ទៀត ព្រមទាំង​មានការ​ដង្ហែ​យ៉ាង​គគ្រឹកគគ្រេង​ដោយ​ក្បួន​ម៉ូតូ​ធំ​១២​គ្រឿង​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មក​កាន់​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ថែម​ទៀត​ផង ។

កីឡាការិនី អ៊ុ​ក ស្រី​មុំ ជា​ស្ត្រី​ខ្មែរ​ទី​២​ហើយ​ដែល​ដណ្ដើម​បាន​មេដាយមាស​លំដាប់ថ្នាក់​ពិភពលោក បន្ទាប់​ពី​អ្នកស្រី កែ ឡេ​ង លើ​វិញ្ញាសា​ឯកត្តជន​នារី​វាយ​យក​ពិន្ទុ​ដូច​គ្នា ។ ដោយឡែក​កីឡាករ សុខ ចាន់​មាន ម្ចាស់​មេដាយមាស​ឆ្នាំ​២០១៦​នោះ បែរជា​ខកចិត្ត​ដោយសារ​ពុំ​ទទួល​បាន​លទ្ធផល​ល្អ​នោះ​ទេ ។ ចំណែក​មេដាយ​ប្រាក់​១​គ្រឿង​ទៀត រកបាន​ដោយ​កីឡាការិនី ស្រៀ​ង សុ​រ៉ា​ឃី​ម និង​កីឡាករ ញ៉ែ​ម បូ​រ៉ា ដែល​បាន​ចាប់ដៃ​គ្នា​ប្រកួតលើ​វិញ្ញាសា​វាយ​គូ​ចម្រុះ​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បានឱ្យ​ដឹង​ថា ការ​រៀបចំ​ក្បួន​ដង្ហែ​ម៉ូតូ​ធំ​ទាំង​១២​គ្រឿង​នេះ គឺ​អនុវត្ត​ទៅ​តាម​អនុសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​លើកទឹកចិត្ត​ដល់​អត្តព​លិ​ក​ដណ្ដើម​បាន​មេដាយមាស​ពិភពលោកផង​ដែរ ។ សម្ដេច​តេ​ជោ​ក៏​ត្រៀម​ផ្ដល់​កិត្តិយស​ឱ្យ​ម្ចាស់​មេដាយមាស​ពិភពលោក​ចូល​ជួប​សំណេះសំណាល និង​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​ដូច​កីឡាករ សុខ ចាន់​មាន និង​កីឡាការិនី កែ ឡេ​ង ផង​ដែរ​ក្នុង​ពេលវេលា​ដ៏​សម​ស្រប​ណាមួយ ។

លោក សូ​ម៉ៃ សុខ​គា អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​ប៉េតង់​កម្ពុជា បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​សហព័ន្ធ​សម្រេចចិត្ត​ដាក់​កីឡាការិនី អ៊ុ​ក ស្រី​មុំ ទៅ​ចូលរួម​ប្រកួត​លើក​នេះ​ន្ទា​ប់​ពី​បាន​មើល​ឃើញ​​ថា កីឡាការិនី​រូប​នេះ​ឆ្លងកាត់​ការ​ប្រកួត​តេស្ត​ប្រចាំខែ និង​ប្រចាំឆ្នាំ​ទទួល​បាន​លទ្ធផល​ល្អ​ជាងគេ​លើ​វិញ្ញាសា​មួយ​ទល់​នឹង​មួយ​និង​ពីរ​ទល់​នឹង​ពីរ ។ ចំណែក​កីឡាការិនី កែ ឡេ​ង ពូកែ​​តែ​​ខាង​ប្រកួត​វាយ​យក​ពិន្ទុ​ប៉ុណ្ណោះ ។ កីឡាការិនី អ៊ុ​ក ស្រី​មុំ ក៏​បាន​បង្ហាញ​អារម្មណ៍រំភើប​និង​ប្រាប់​ថា ក្នុង​មួយ​ជីវិត​នេះ​គឺ​មាន​តែ​ថ្ងៃនេះ​ទេ​ដែល​គាត់​សប្បាយចិត្ត​ជាងគេ ៕