ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារពិភពលោកសម្រេច​ផ្តល់​កម្ចី​100លាន​ដុល្លារ​ដល់​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ធនាគារពិភពលោក បាន​សម្រេច​ផ្តល់​កម្ចី​ឥត​ការ​ប្រាក់​ទំហំ​១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​កម្ពុជា​សម្រាប់ គម្រោង​លើកកម្ពស់​គុណភាព​អប់រំ​កម្រិត​អនុ​វិទ្យាល័យ និង​ស្ថាបនា​ផ្លូវលំ​ជនបទ​ឲ្យ​កាន់តែ​ប្រសើរ និង​

រាជធានី​ភ្នំពេញ ៖ ធនាគារពិភពលោក បាន​សម្រេច​ផ្តល់​កម្ចី​ឥត​ការ​ប្រាក់​ទំហំ​១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​កម្ពុជា​សម្រាប់ គម្រោង​លើកកម្ពស់​គុណភាព​អប់រំ​កម្រិត​អនុ​វិទ្យាល័យ និង​ស្ថាបនា​ផ្លូវលំ​ជនបទ​ឲ្យ​កាន់តែ​ប្រសើរ និង​មាន​ភាព​ធន​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារពិភពលោក ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ មេ​សា បាន​ឲ្យ​ដឹង​ថា គម្រោង​ទី​១​ជា​គម្រោង​គាំទ្រ​ការ​ពង្រឹងគុណភាព​អប់រំ​នៅ​អនុ​វិទ្យាល័យ មាន​រយៈពេល​៥​ឆ្នាំ​នៅ​ទូ​ទាំង​ប្រទេស​ដែល​មាន​ទឹកប្រាក់​ចំនួន​៤០​លាន​ដុល្លារ និង​ផ្តល់​ដល់​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ ជាមួយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​របស់​ធនាគារពិភពលោក សម្រាប់​ជួយ​ប្រទេស​ក្រីក្រ ។ គម្រោង​នេះ​មាន​គោលបំណង​ពង្រឹង​ការ​គ្រប់គ្រង​សាលា ការ​លើកកម្ពស់​គុណភាព​គ្រូបង្រៀន ពិសេស​មុខ​វិជ្ជា គណិត​វិទ្យា រូបវិទ្យា ជីវវិទ្យា គីមីវិទ្យា អក្សរសាស្ត្រ​ខ្មែរ និង​ប្រវត្តិវិទ្យា ។

គម្រោង​នេះ​ក៏​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​សម​ស្រប​របស់​នាយក​សាលា​និង​សាលារៀន ដោយ​ស្ថាបនា​ឡើង​វិញ​នូវ​អនុ​វិទ្យាល័យ​ចំនួន​១០០​កន្លែង និង​សាងសង់​អគារ​ថ្មី​ចំនួន​៣០​។ គម្រោង​នេះ នឹង​ផ្តល់​ផលប្រយោជន៍​ដល់​សិស្ស​ជាង​១៦.០០០​នាក់ គ្រូ​ជាង​២.២០០​នាក់ នាយក និង​នាយករង​អនុ​វិទ្យាល័យ​ចំនួន​៣១០​នាក់ និង​មន្ត្រី​នៃ​អនុ​វិទ្យាល័យ ព្រមទាំង​មន្ទីរ​អប់រំ​ខេត្ត និង​ស្រុក​ចំនួន​១.៥០០​នាក់​ផង​ដែរ ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ដ​ថា សម្រាប់​គម្រោង​ទី​២ គឺ​ការ​គ្រប់គ្រង​ហានិភ័យ​នៃ​គ្រោះ​មហន្តរាយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​នឹង​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​សហគមន៍​ជនបទ ដែល​មាន​ទឹកប្រាក់​៦០​លាន​ដុល្លារ​អា​មេ​រិ​ក ។ គម្រោង​នេះ​នឹង​ស្ថាបនា​ផ្លូវ​ជនបទ​ប្រវែង​២៥០​គីឡូម៉ែត្រ ក្នុង​ខេត្ត​ចំនួន​៦​តាម​ដង​ទន្លេមេគង្គ និង​ទន្លេសាប ហើយ​វា​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​៣,៥​លាន​នាក់​ក្នុង​ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ សៀមរាប និង​ខេត្តកណ្តាល ។

« គម្រោង​នេះ​នឹង​ស្ថាបនា​ផ្លូវ​ដែល​អាច​ធន​នឹង​ទឹកជំនន់ ដែល​អាច​បញ្ចៀស​ការ​ចំណាយ​ខ្ពស់​លើ​ការ​សាងសង់​ដដែល​ៗ​។ ប្រព័ន្ធ​គ្រប់គ្រង​ផ្លូវថ្នល់ និង​យុទ្ធសាស្ត្រ​នានា​នឹង​ត្រូវ​ពង្រឹង ដើម្បី​គាំទ្រ​ដល់​កម្ពុជា​លើ​ផែនការ​ធន​នឹង​អាកាសធាតុ ការ​អនុវត្ត និង​ការ​ស្ថាបនា​ផ្លូវ​តាម​ទី​ជនបទ » ។ សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ឲ្យ​ដឹង ។

ប្រធាន​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា លោកស្រី អ៊ឺ​ហ្គូ​ណា ដូ​ប្រា​ចា បាន​ថ្លែង​ថា ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​មកនេះ កម្ពុជា​បាន​ពង្រីក​ការ​ទទួល​បានការ​សិក្សា​នៅ​កម្រិត​បឋម​សិក្សា និងអនុ​វិទ្យាល័យ​យ៉ាង​ធំធេង ។ គម្រោង​នេះ​នឹង​ជួយ​កម្ពុជា​មាន​លទ្ធភាព​ថែម​ទៀត ក្នុង​ការ​លើកកម្ពស់​ការ​ទទួល​បាន​គុណភាព​អប់រំ​នៅ​អនុ​វិទ្យាល័យ ។ លោកស្រី​បន្ត​ថា ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ផ្លូវ​ជនបទ គឺជា​ស្នូល​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា ដោយសារ​ថា ប្រជាជន​នៅ​ជនបទ និង​ប្រជាជន​ក្រីក្រ​៩១​ភាគរយ​នៃ​ប្រជាជន​កម្ពុជា​ទាំងអស់​រស់នៅ​ទី​ជនបទ​។

លោកស្រី​បន្ត​ថា ៖ « ផ្លូវ​ជនបទ​ប្រសើរ និង​ធន់​នឹង​អាកាសធាតុ​អាក្រក់ នឹង​ជួយ​សិស្ស​បាន​ទៅ​សាលារៀន គ្រួ​សារបាន​ទៅ​កាន់​មណ្ឌល​សុខភាព ហើយ​កសិករ​ទូ​ទាំង​ប្រទេស​អាច​នាំ​ផលិតផល​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​បាន »​។

លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ត្រូវ​បាន​ស្រង់​សម្តី យក​មក​ចុះ​ផ្សាយ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​សូម​ស្វាគមន៍​ចំពោះ​ការ​គាំទ្រ​របស់​ធនាគារពិភពលោក ក្នុង​វិស័យ​អប់រំ និង​ដឹក​ជញ្ជូន​ដែល​វិស័យ​នេះ​ស្រប​ទៅ​តាម​អាទិភាព​នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់​គុណភាព​អប់រំ និង​ទំនាក់ទំនង​ផ្នែក​ដឹក​ជញ្ជូន ជា​ពិសេស​ការ​ពង្រីក​ការ​ទទួល​បាន​សេវា​និង​ទីផ្សារ​នៅ​តំបន់​ជនបទ ៕