ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តសៀមរាប​ទទួល​បាន​ចំណូល​95​លាន​ដុល្លារ​ពី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខេត្តសៀមរាប​ទទួល​បាន​ចំណូល​ចំនួន​៩៥​លាន​ដុល្លារ​ពី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ជា​ពិធីបុណ្យ និង​ជា​ផលិតផល​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​របស់​កម្ពុជា ។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ។

រាជធានី​ភ្នំពេញ ៖ ខេត្តសៀមរាប​ទទួល​បាន​ចំណូល​ចំនួន​៩៥​លាន​ដុល្លារ​ពី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ជា​ពិធីបុណ្យ និង​ជា​ផលិតផល​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​របស់​កម្ពុជា ។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១៨ មេ​សា កន្លង​មក​ថា គិត​ត្រឹម​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​១៦ មេ​សា ខេត្តសៀមរាប​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជាង​១,៦​លាន​នាក់ កើនឡើង​ជាង​២២% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ បើ​គិត​ម្នាក់​ៗ​ចំណាយ​ជា​មធ្យម​៥០​ដុល្លារ និង​ភ្ញៀវ​អន្តរជាតិ​ចំណាយ​៥០០​ដុល្លារ កម្ពុជា​ទទួល​បាន​ចំណូល​ពី​ព្រឹត្តិការណ៍​នេះ​រហូត​ដល់​៩៥​លាន​ដុល្លារ​អា​មេ​រិ​ក ។ ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​ខេត្តសៀមរាប​ក្នុង​អំឡុង​ពិធីបុណ្យ​នេះ មាន​ចំនួន​៣១.៨០០​នាក់ កើនឡើង​៧,៨០% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

លោក​បន្ត​ថា ៖ « សន្តិសុខ សណ្តាប់ធ្នាប់ និង​អនាម័យ​មាន​ភាពល្អ​ប្រសើរ​ក្នុងអំឡុងពេល​អង្គរ​សង្ក្រាន្ត​នា​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នេះ » ។

លោក តាំង សុចិត្រ​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ជាប់​សមុទ្រ ថ្លែង​ថា ខេត្ត​ព្រះ​សីហ​នុ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ប្រមាណ​១៤​ម៉ឺន​នាក់ កើនឡើង​១២៣% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ប៉ុន្តែ​សេវាកម្ម​ផ្ទះសំណាក់ ម្ហូបអាហារ​មួយ​ចំនួន​បាន​ឡើងថ្លៃ​ខ្ពស់​រហូត​ដល់​៣០​ទៅ​៤០% ដែល​ផ្ទុយ​ពី​សារា​ចរណ៍​ណែនាំ​របស់​អន្តរក្រសួង ។ លោក​បន្ត​ថា មាន​អ្នកបម្រើ​សេវាកម្ម​ម្ហូបអាហារ សេវា​បដិសណ្ឋារកិច្ច​ជា​ផ្ទះសំណាក់ និង​សណ្ឋាគារ​មួយ​ចំនួន​បាន​ដំឡើង​ថ្លៃ​ខ្ពស់ ផ្ទុយ​ពី​ការ​ណែនាំ​នៃ​សេចក្តី​ប្រកាស​អន្តរក្រសួង ។

លោក​មាន​ប្រសាសន៍​ថា ៖ « បញ្ហា​ដំឡើង​ថ្លៃ​នេះ មន្ទីរ​កំពុង​ពិនិត្យ​តាមដាន និង​វាយតម្លៃ​ដើម្បី​ឈាន​ទៅ​ធ្វើការ​ផាកពិន័យ ឬ​ព្រមាន ។ ទោះជា​យ៉ាងណា យើង​មិន​ទាន់​ចាត់វិធានការ​ណាមួយ​នៅឡើយ​ទេ ព្រោះ​សេចក្តី​ប្រកាស​របស់​អន្តរក្រសួង​បាន​ចេញ​កៀក​នឹង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ពេក » ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត លោក សយ ស៊ី​ណុ​ល បាន​ថ្លែង​ដែរ​ថា ខេត្តកំពត​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ជាង​៩​ម៉ឺន​នាក់ កើនឡើង​ជាង​៣០% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ ប៉ុន្តែ​អ្វី​សំខាន់ គឺ​ខេត្ត​គ្មាន​បន្ទប់​សណ្ឋាគារ និង​ផ្ទះសំណាក់​គ្រប់គ្រាន់​សម្រាប់​ភ្ញៀវ​សម្រាក​ទេ ដោយ​ភ្ញៀវ​ទេសចរ​បាន​បោះ​តង់​ស្នាក់​នៅ​តាម​មាត់​ព្រែក និង​មាត់សមុទ្រ ហើយ​លោក​អំពាវនាវ​ឲ្យ​វិស័យ​ឯកជន​ចូលរួម​វិនិយោគ​បន្ថែម​លើ​សេវា​បដិសណ្ឋារកិច្ច​នៅ​ក្នុង​ខេត្ត ។

រីឯ​បណ្តា​ខេត្ត​នៅ​ភូមិភាគ​ឦសាន ក៏​ទទួល​បាន​ភ្ញៀវ​ទេសចរ​កើនឡើង​ច្រើន​ផង​ដែរ ។

លោក រុន ភា​រ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ ថ្លែង​ថា ខេត្ត​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជិត​១៥​ម៉ឺន​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន​១.៣៥៧​នាក់ កើនឡើង​១,៣០% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ លោក​បន្ត​ថា សេវាកម្ម​ម្ហូបអាហារ សេវា​បដិសណ្ឋារកិច្ច ផ្ទះសំណាក់ និង​សណ្ឋាគារ​មិន​បាន​ឡើងថ្លៃ​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​ទេ ។

លោក​បន្ត​ថា ៖ « ខេត្តក្រចេះ ជា​ទូទៅ​តែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដោយ​កាលពី​ឆ្នាំ​មុន ខេត្ត​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​២​ម៉ឺន​៦​ពាន់​នាក់ ភាគច្រើន​ជា​ជនជាតិ​អឺរ៉ុប»។

ចំណែក​ខេត្តមណ្ឌលគិរី​ឯណោះ​វិញ ចំនួន​ភ្ញៀវ​ទេសចរ​បាន​ទៅ​ទស្សនា និង​កម្សាន្ត​នៅ​ខេត្ត​នេះ​ជាង​១៨.៥០០​នាក់ កើនឡើង​ជិត​៤១% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

លោក គង់ វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ថ្លែង​ថា ការ​កើនឡើង​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ក្នុង​ខេត្ត ដោយសារ​កត្តា​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា ខេត្ត​មាន​កន្លែង​កម្សាន្ត​ច្រើន ពិសេស សក្តានុពល​ធនធានធម្មជាតិ ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ងាយស្រួល សន្តិសុខ សណ្តាប់ធ្នាប់​ល្អ​ប្រសើរ ការ​កើនឡើង​នូវ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ល្អ ព្រោះ​បើ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ ពួក​គេ​គ្មាន​ប្រាក់​ដើរ​កម្សាន្ត​ទេ ៕