ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុក​បរិបូណ៌ រៀបចំ​ប្រណាំងសេះ​រំឭក​ប្រវត្តិ​ជាង​40​ឆ្នាំ​មុន

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែ មេ​សា ឆ្នាំ​២០១៧ អាជ្ញា​ឃុំ​ផ្សារ ស្រុក​បរិបូណ៌ សហការ​ជាមួយ​មជ្ឈមណ្ឌល​សេះ​ខ្មែរ​បាន​រៀបចំ​ពិធី​ប្រណាំងសេះ​នៅ

ខេត្តកំពង់ឆ្នាំង ៖  ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែ មេ​សា ឆ្នាំ​២០១៧ អាជ្ញា​ឃុំ​ផ្សារ ស្រុក​បរិបូណ៌ សហការ​ជាមួយ​មជ្ឈមណ្ឌល​សេះ​ខ្មែរ​បាន​រៀបចំ​ពិធី​ប្រណាំងសេះ​នៅ​ចំណុច​ផ្លូវ​បរសេះ ស្ថិត​ក្នុង ភូមិ​ផ្សារ ។

លោក​កែវ វ​ណ្ណា​រិ​ន អគ្គលេខាធិការ​សហភាព​សហព័ន្ធ​កម្ពុជា បង្ហាត់​ជិះសេះ និង​ជា​ប្រធាន មជ្ឈមណ្ឌល​ក្លឹ​ប​បរិបូណ៌​មរកត​បង្ហាត់​សេះ​ខ្មែរ លើក​ឡើង​ថា «​គោលបំណង​នៃ​ការ​ប្រណាំងសេះ គឺ​ចង់​គាស់​រំឭក​ឡើង​វិញ ពី​ទីកន្លែង​នេះ​កាលពី​ជាង​៤០​ឆ្នាំ​មុន គឺជា​ទីលាន​ប្រណាំងសេះ​របស់​ដូនតា​យើង ។ ពី​ជំនាន់​ដើម​តែងតែ​យក​ទីកន្លែង​នេះ​ប្រណាំងសេះ​ជា​រៀង​រាល់​ឆ្នាំ ។ ម្យ៉ាងវិញទៀត​ការ​ប្រណាំងសេះ គឺជា​ទិស​ដៅ​មួយ​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ឆ្ពោះទៅ​កីឡា​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣ និង​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏​ចង់​បំផុស​ឱ្យ​ស្រទាប់​យុវជន​របស់​យើង​យល់​ដឹង និង​ចង់​ចូលរួម​លើ​វិស័យ​កីឡា​ជិះសេះ​នេះ​»  ។

លោក​ផាង វាសនា ក្រុមប្រឹក្សា​ឃុំ​ផ្សារ​ឱ្យ​ដឹង​ថា ក្រុមប្រឹក្សា​ឃុំ​អាណត្តិ​ទី​៣ បាន​កសាង​ផ្លូវ​មួយ​ខ្សែ​នោះ​ដាក់​ឈ្មោះ​ថា «​ផ្លូវ​បរសេះ​»​។ ចង់​ថែរក្សា​ប្រពៃណី​ទំនៀមទម្លាប់​វប្បធម៌​ដ៏​រុងរឿង​របស់​ដូនតា​យើង​ដែល​ធ្លាប់​មាន​កងទ័ព​សេះ  ហើយ​កងទ័ព​សេះ​ធ្លាប់​មានជោគ​ជ័យ​លើ​ខ្មាំងសត្រូវ​ទើប​រៀប​ចំការ​ប្រណាំងសេះ​នេះ ។ ម្យ៉ាង​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​មូលដ្ឋាន ធ្វើ​យ៉ាងណា​កុំឱ្យ​យុវជន​ក្នុង​ឃុំ​ទៅ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ហើយ​ឱ្យ​យុវជន​ងាក​មក​លេង​កីឡា​មាន​បាល់ទាត់ បាល់ទះ និង​ប្រណាំងសេះ​ជាដើម  ។

មជ្ឈមណ្ឌល​ក្លឹ​ប​បរិបូណ៌ មាន​គម្រោង​យក​កីឡា​ប្រណាំងសេះ​ទៅ​ចូល​ក្នុង​វិញ្ញាសា​មួយ​ក្នុង​ចំណោម​វិញ្ញាសា​ជា​ច្រើន​ក្នុង​កីឡា​ស៊ី​ហ្គេ​ម ។

ទស្សនិកជន​ម្នាក់​យល់​ថា ការ​ប្រណាំងសេះ​នេះ​ជា​ការ​ប្រសើរ​ណាស់ ព្រោះ​វា​ធ្វើ​ឱ្យ​យុវជន​ចាក​ឆ្ងាយ​ពី​គ្រឿងញៀន ។ គាត់​ចង់ឱ្យ​អាជ្ញាធរ​រៀបចំ​ការ​ប្រណាំងសេះ​នៅ​ឆ្នាំ ក្រោយ​ៗ​ទៀត​។

សេះ​ដែល​បាន​ចូលរួម​ប្រណាំង​នា​ឱកាស​នោះ មាន​១៥​ក្បាល ក្នុង​នោះ​ពី​ភ្នំពេញ​៤​ក្បាល កប់​ស្រូវ​២​ក្បាល និង​ឃុំ​ផ្សារ​ស្រុក​បរិបូណ៌​៩​ក្បាល ៕