រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ បានបើកសវនការលើសំណុំរឿងជនជាតិស្បែកខ្មៅ២នាក់ ពាក់ព័ន្ធដឹកជញ្ជូនសារធាតុញៀនឆ្លងដែនដោយខុសច្បាប់តាមមាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនកម្ពុជា ។
ជនជាប់ចោទម្នាក់ឈ្មោះ Adybel pasta ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិនីហ្សេរីយ៉ា និងម្នាក់ទៀតឈ្មោះ An tony ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិនីហ្សេរីយ៉ាដូចគ្នា ។
ក្នុងសវនាការឈ្មោះ Adybel pasta បានសារភាពថា មុនពេលសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ០៩ មេសា ២០១៦ ខ្លួនបានធ្វើដំណើរពីប្រទេសនីហ្សេរីយ៉ា តាមយន្តហោះទៅកាន់ទីក្រុងឌូបៃ ប្រទេសអារ៉ាប់ បានជួបជាមួយឈ្មោះ ណាប៊ី ។ ពេលនោះឈ្មោះណាប៊ី បានឲ្យថ្នាំញៀន១កញ្ចប់មកខ្លួនចំនួន៧០គ្រាប់ ។ ហើយឈ្មោះ ណាប៊ីបានឲ្យខ្លួនលេបថ្នាំញៀននោះចូលក្នុងពោះ ដើម្បីជិះយន្តហោះមកកាន់ប្រទេសកម្ពុជា និងបានផ្តាំឲ្យមកជួបឈ្មោះ អូកាតា ប្រគល់ថ្នាំនោះ ។ ឈ្មោះ អូកាតា នឹងប្រគល់ប្រាក់ឲ្យចំនួន៣.០០០ដុល្លារអាមេរិក ។ ឈ្មោះ អាន តូនី បានឆ្លើយទៀតថា ពេលបានទទួលថ្នាំ និងលេបចូលទៅក្នុងពោះហើយ ខ្លួនក៏បានជិះយន្តហោះពីឌូបៃចូលមកកោះត្រល់ បន្ទាប់មកចូលក្នុងប្រទេសវៀតណាម និងចុងក្រោយនៅល្ងាចថ្ងៃទី០៩ មេសា ២០១៦ ក៏បានចូលមកកម្ពុជាតាមច្រកព្រលានយន្តហោះភ្នំពេញ ក៏ត្រូវសមត្ថកិច្ចកម្ពុជាចាប់ខ្លួនជាមួយ អាឌីបែល ប៉ាស្កា តែម្ដង ។ នៅពេលឆែកឆេរឃើញមានសារធាតុញៀននៅក្នុងខ្លួន ។ បន្ទាប់មកសមត្ថកិច្ចបាននាំខ្លួនគេទៅមន្ទីរពេទ្យ ដើម្បីបញ្ចុះថ្នាំញៀននោះចេញពីក្នុងពោះ ដែលមានចំនួន៧០ដុំ ។ ចំណែកឈ្មោះ អាឌីបែលប៉ាស្កា ខ្លួនមិនដែលស្គាល់ទេ គឺគ្រាន់តែជិអយន្តហោះជាមួយគ្នាប៉ុណ្ណោះ ។
ចម្លើយរបស់ឈ្មោះអាឌី បែលប៉ាស្កា បានឆ្លើយនៅក្នុងសវនាការថា ខ្លួនមិនដែលស្គាល់ឈ្មោះអាន តូនី នេះទេ ដោយពួកគេគ្រាន់តែធ្វើដំណើរក្នុងជើងយន្តហោះជាមួយគ្នាប៉ុណ្ណោះ ។
ដោយសារតែជនជាប់ចោទបានបដិសេធដូច្នេះ តំណាងអយ្យការបានស្នើឲ្យផ្អាកសវនាការ ហើយ និងត្រូវធ្វើការកោះអញ្ជើញសមត្ថកិច្ចពាក់ព័ន្ធឲ្យចូលឆ្លើយបំភ្លឺក្នុងតទល់មុខគ្នាជាមួយជនជាប់ចោទ ។
ក្រោយពីមានការស្នើសុំយ៉ាងដូច្នេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចផ្អាកសវនាការបណ្តោះអាសន្ន ដើម្បីរង់ចាំឲ្យសមត្ថកិច្ចចូលឆ្លើយបំភ្លឺក្នុងរឿងក្ដីនេះ នៅថ្ងៃទី២៨ មេសា ខាងមុខ ។
គួរបញ្ជាក់ថា ថ្នាំញៀនដែលសមត្ថកិច្ចបានរឹបអូសពីជនជាប់ចោទមានចំនួន៧០ដុំ ស្មើទម្ងន់១០៣៩,៤ក្រាម ជាប្រភេទកាកូអុីន មានតម្លៃប្រហែល១៥ម៉ឺនដុល្លារអាមេរិកក្នុង១គីឡូក្រាម ៕
ចែករំលែកព័តមាននេះ