រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានបោះពុម្ពប័ណ្ណព័ត៌មានសម្រាប់ចែកដល់អ្នកបោះឆ្នោតស្មើចំនួនអ្នកចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី ។ នេះបើតាមការឲ្យដឹងពីសមាជិក គ.ជ.ប. ។
លោក រ៉ុង ឈុន សមាជិក គ.ជ.ប. បានថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបិទផ្សាយបញ្ជីបេក្ខជននាព្រឹកថ្ងៃទី១៨ ខែមេសា នៅទីស្តីការ គ.ជ.ប. ថា «ប័ណ្ណព័ត៌មានបោះទៅតាមចំនួនអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ។ ទាក់ទងប័ណ្ណនេះដែរ គ.ជ.ប បានសេចក្តីសម្រេចរៀបចំការបែងចែកប័ណ្ណព័ត៌មាននេះ មានលក្ខណៈជាក្រុម ដើម្បីចែកឲ្យដល់ដៃប្រជាពលរដ្ឋ។ ក្រុមនោះមានប្រធានឃុំ សង្កាត់ រៀបចំការបោះឆ្នោតជាប្រធាន ប្រធានក្រុមប្រឹក្សាឃុំសង្កាត់ ជាសមាជិក និងអង្គការសង្គមស៊ីវិលជាសមាជិក និងមេភូមិជាសមាជិក»។
លោក រ៉ុង ឈុន ថា សម្រាប់ការចែកប័ណ្ណព័ត៌មានដល់អ្នកបោះឆ្នោតនេះ ក៏បានផ្តល់ឱកាសដល់ភ្នាក់ងារគណបក្សនយោបាយនីមួយៗចូលរួមអង្កេតការណ៍ផងដែរ។ លោកស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ជួយធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដើម្បីទទួលបានប័ណ្ណព័ត៌មានឲ្យបានគ្រប់ៗគ្នា ពោលគឺអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
លោកបានគូសបញ្ជាក់ថា «ប័ណ្ណព័ត៌មាននេះមិនអាចជំនួសអត្តសញ្ញាណប័ណ្ណយកទៅបោះឆ្នោតបានទេ។ ប៉ុន្តែវាមានន័យសម្រាប់ឲ្យគាត់ត្រៀមលក្ខណៈ ឲ្យគាត់បានដឹងអំពីលេខរៀង និងលេខកូដ ទីកន្លែងបោះឆ្នោត ។ សុំឲ្យគាត់កាន់ប័ណ្ណនេះ ទៅជាមួយអត្តសញ្ញាញប័ណ្ណ ដើម្បីងាយស្រួលដល់មន្ត្រីស្វែងរកឈ្មោះជូនគាត់»។
លោក ហង្ស ពុទ្ធនា អ្នកនាំពាក្យ គ.ជ.ប បានសង្កត់ធ្ងន់ថា ចំនួនប័ណ្ណព័ត៌មានស្មើនឹងចំនួនអ្នកចុះឈ្មោះបោះឆ្នោតជាផ្លូវការ។ ប័ណ្ណព័ត៌មាននេះ មិនអាចជំនួសឯកសារសម្រាប់ការបោះឆ្នោតបានទេ។ ប័ណ្ណនេះបានចែកចាប់ផ្តើមពីថ្ងៃទី១៧ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ដោយធ្វើសកម្មភាពចែកតាមផ្ទះនៅក្នុងភូមិនីមួយៗ ។ ប៉ុន្តែបន្ទាប់ពីថ្ងៃទី១៦ ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា ប័ណ្ណព័ត៌មាននឹងប្រមូលទៅសាលាឃុំ-សង្កាត់ ។
លោកបញ្ជក់ថា ភាពដែលអាចបោះឆ្នោតបានរបស់ប្រជាពលរដ្ឋ គឺមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ (ករណីអត់មានអត្តសញ្ញាណប័ណ្ណត្រូវប្រើឯកសារបំរើឲ្យការបោះឆ្នោត) ។
លោ កទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានឲ្យដឹងថា ការចែកជូនប័ណ្ណព័ត៌មានស្តីពីការ បោះឆ្នោតនេះនឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ព្រះថានៅក្នុងប័ណ្ណនោះមានទាំងលេខរៀង ឈ្មោះ ការិយាល័យបោះឆ្នោតត្រឹមត្រូវ ។
ទោះយ៉ាងណាក្តី ការចែកប័ណ្ណព័ត៌មានក៏មានការជំទាស់ពីការតំណាងគណបក្សសង្គ្រោះជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិចផងដែរ។ តំណាងគណបក្សហ្វ៊ិនស៊ិនប៉ិច ដោយបានលើកឡើងថា ការចែកប័ណ្ណបានធ្វើឲ្យខាតថវិកាជាតិឥតប្រយោជន៍ ព្រោះថា ការបោះឆ្នោតត្រូវការតែអត្តសញ្ញាញប័ណ្ណមួយគ្រប់គ្រាន់ហើយ ។
ដោយឡែងតំណាងគណបក្សសង្គ្រោះជាតិវិញបានលើកឡើងថា ការចែកប័ណ្ណបោះឆ្នោតមានភាពមិនប្រក្រតី និងការផ្តល់ឱកាសដល់អាជ្ញាធរមានឱកាសធ្វើការផ្សព្វផ្សាយព័ត៌មានផ្សេងបាន។ ជាងនេះតំណាងបក្សប្រឆាំងក៏បានលើកឡើងពីភាពមិនប្រក្រតីនៃការចែកប័ណ្ណព័ត៌មាន គឺមានការចែកនៅទីកន្លែងដែលមានស្លាកគណបក្សនយោបាយ ពិសេសនោះគណបក្សប្រជាជនកម្ពុជាតែម្តង។
ការប្រកាសចែកប័ណ្ណព័ត៌មានដល់អ្នកបោះឆ្នោតនេះ ខណៈការបោះឆ្នោតនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ដោយមានចំនួនអ្នកចុះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត ថ្មីឆ្នាំ២០១៦ មានជាង៧លាន៨សែននាក់ (៧.៨៦៤.០៣៣នាក់) ក្នុងចំណោមពលរដ្ឋគ្រប់អាយុចុះឈ្មោះបោះឆ្នោតសរុបជាង៩លាន៦សែននាក់ (៩.៦៦៤.២១៦នាក់)។
សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ មានគណបក្សនយោបាយចំនួន១២បានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជាផ្លូវការ សរុបទាំងអស់៩៤.៥៩៥នាក់ ស្រី២៥.៧៨៨នាក់៕
ចែករំលែកព័តមាននេះ