រាជធានីភ្នំពេញ ៖ Amana Ikhtiar Microfinance គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបែបអ៊ិស្លាម នៃប្រទេសម៉ាឡេស៊ីដ៏ធំមួយ បានចាប់ផ្តើមបោះទុនវិនិយោគនៅកម្ពុជា ហើយនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ នេះ បានចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់(MOU) រវាង Amana Ikhtiar Microfinance ដឹកនាំដោយ Dr. Zubir Harun ជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដឹកនាំដោយលោកឧកញ៉ា អូស្មាន ហាស្សាន់ ។
ការដំណើរការវិនិយោគនេះ ទៅលើផ្នែកសំខាន់ៗចំនួន៣រួមមាន ៈ
១-ការផ្តល់ប្រាក់កម្ចីសម្រាប់អាជីវកម្មខ្នាតតូច ចន្លោះ២៥០០ដុល្លា ដល់៥០០០ដុល្លា។
២-ការបើកលក់ផលិតផលហាឡាល មានដូចជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ។
៣-ជំនាញតម្លើង និង បណ្តុះបណ្តាលប្រព័ន្ធព័ត៌មានវិទ្យា។
ការបោះទុនវិនិយោគនេះ គឺផ្តោតសំខាន់ទៅលើប្រជាពលរដ្ឋក្រីក្រ ខ្វះខាតដើមទុន ក្នុងគោលបំណងលើកកម្ពស់ជីវភាពគ្រួសារ
ពួកគាត់ ដោយផ្អែកទៅលើចំណេះ និងជំនាញដែលពួកគាត់មានស្រាប់ និងបំពាក់បំប៉នបន្ថែម។លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លុីមកម្ពុជា បានឲ្យដឹងថា គម្រោងនេះនឹងដំណើរការនៅចុងឆ្នាំ២០១៧ខាងមុខ ដែលនឹងដាក់ស្នាក់ការនៅឯមជ្ឈមណ្ឌលម៉ូឌែន៥ ដែលស្ថិតនៅតាមផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោកឧកញ៉ា បានបញ្ជាក់ថា គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ ទោះបីមិនបានទាំងមូលក៏បានមួយផ្នែកធំក្នុងការជួយសម្រួលដល់ការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាជាទូទៅ ទាំងមូស្លុីម និងមិនមែនមូស្លុីម។ លោកឧកញ៉ាបន្តថា ទន្ទឹមនឹងនេះបងប្អូនប្រជាពលរដ្ឋកម្ពុជាយើង នឹងទទួលបានបទពិសោធន៍កាន់តែច្រើន ក្នុងការប្រកបអាជីវកម្មខ្នាតតូចកាន់តែច្រើន ព្រមទាំងនឹងទទួលបានការបណ្តុះបណ្តាលផ្នែកប្រព័ន្ធព័ត៌មានវិទ្យាផងដែរ៕
ចែករំលែកព័តមាននេះ