ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហ៍​បង​និង​អូន​សាបសូន្យ​ព្រោះ​​គ្រូទាយ

7 ឆ្នាំ មុន

ឪពុក​ម្តាយ​តែង​នាំ​គ្នា​ទៅ​រក​គ្រូទាយ ដើម្បី​ដឹង​ថា តើ​កូនស្រី ឬ​ក៏​កូនប្រុស​របស់​គាត់​មាន​ថ្ងៃខែ​ឆ្នាំ​ត្រូវ​គ្នា​ឬ​អត់? គោលបំណង​នៃ​ការ​រក​គ្រូទាយ​នោះ គឺ

ឪពុក​ម្តាយ​តែង​នាំ​គ្នា​ទៅ​រក​គ្រូទាយ ដើម្បី​ដឹង​ថា តើ​កូនស្រី ឬ​ក៏​កូនប្រុស​របស់​គាត់​មាន​ថ្ងៃខែ​ឆ្នាំ​ត្រូវ​គ្នា​ឬ​អត់? គោលបំណង​នៃ​ការ​រក​គ្រូទាយ​នោះ គឺ​ខ្លាច​កូនប្រុស ឬ​កូនស្រី​ពេល​រៀប​ការ​ហើយ​មិន​មាន​សេចក្តីសុខ និង​សុភមង្គល​។

ដោយ​បាន​ពឹងពាក់​គ្រូទាយ​ឱ្យ​ទស្សន៍​ទាយ​មើល​ពី​អនាគតកាល​បែប​នេះ ឪពុក​ម្តាយ​ក៏​បាន​ផ្តល់​សិទ្ធិ​អំណាច​ដល់​គ្រូទាយ ដើម្បី​សម្រេច​ថា តើ​កូនស្រី ឬ​កូនប្រុស​របស់​គាត់​គួរ​ត្រូវ​រៀប​ការ​ជាមួយនឹង​បុរស ឬ​ក៏​ស្ត្រី​ណា​ម្នាក់​។ វា​បាន​ធ្វើ​ឱ្យ​បញ្ហា​អាពាហ៍ពិពាហ៍​កាន់តែ​ស្មុគស្មាញ​ទៀត ដោយ​វា​មិន​ត្រឹមតែ​ចាំបាច់​ត្រូវ​តែ​មានការ​យល់ព្រម​ដោយ​ឪពុក​ម្តាយ​ទាំង​សងខាង​ឡើយ​។ នៅ​ក្នុង​ករណី​នេះ អាពាហ៍ពិពាហ៍​មួយ​អាច​សម្រេច​បាន លុះត្រាតែ​កូនក្រមុំ និង​កូនកំលោះ​ស្រឡាញ់​គ្នា ឬ​ទទួលយក​គ្នា​ទៅ​វិញ​ទៅ​មក មានការ​យល់ព្រម​ពី​ឪពុក​ម្តាយ​ទាំង​សងខាង និង​មានការ​យល់ព្រម​ពី​គ្រូទាយ​ផង​ដែរ​។

ទោះបីជា​មិនសូវ​មាន​ច្រើន​ករណី​ក្តី ប៉ុន្តែ​វា​ពិតជា​មានកូន​ក្រមុំ និង​កូនកំលោះ​ដែល​មិន​អាច​រៀប​ការ​ជាមួយ​គ្នា​បាន​ដោយសារ​តែ​គ្រូទាយ​និយាយ​ថា ពួក​គេ​មិន​មាន​ជា​គូរ​នឹង​គ្នា ហើយ​បើ​ហ៊ាន​រៀប​ការ​នឹង​មាន​គ្រោះ​ចង្រៃ​កើត​ឡើយ​រវាង​អ្នក​ទាំង​ពីរ ឬ​ក៏​ក្រុម​គ្រួសារ​។  ទន្ទឹម​នឹង​នោះ​ក៏​មាន​ឪពុក​ម្តាយ​ខ្លះ​ប្រើប្រាស់​គ្រូទាយ ដើម្បី​រកហេតុ​ផល​បំបែក​កូនក្រមុំ ឬ​កូនកំលោះ​ចេញពី​គូរ​ស្នេហ៍​របស់​ពួក​គេ​ដែល​ពួក​គាត់​មិន​ពេញចិត្ត​។

អាពាហ៍ពិពាហ៍​របស់​យុវជន និង​យុវតី​មិន​គួរ​វែង​ឆ្ងាយ​ធ្លាក់​រហូត​ដល់​ដៃ​គ្រូទាយ​ជា​អ្នក​សម្រេចចិត្ត​នោះ​ឡើយ​។ និយាយ​ឱ្យ​ត្រង់​ទៅ បើសិនជា​អ្វី​ដែល​គ្រូទាយ​បាន​ទាយ​សុទ្ធតែ​ត្រូវ​នោះ វា​នឹង​មិន​មាន​ប្តី​ប្រពន្ធ​លែងលះ​គ្នា​ច្រើន​នោះ​ដែរ​។ ដូច្នេះ​គេ​មិន​គួរ​យក​រឿង​ស្នេហា​របស់​យុវជន និង​យុវតី​ទៅ​ឱ្យ​គ្រូទាយ​ជា​អ្នក​សម្រេច​នោះ​ឡើយ​។ វា​សំខាន់​ណាស់​ដែល​រឿង​ពា​ពា​ហ៍​ពិពាហ៍​នេះ ត្រូវ​ទុក​ឱ្យ​កូនកំលោះ និង​កូនក្រមុំ​ជា​អ្នកធ្វើការ​សម្រេច​ចិត្តជា​ធំ​។

បើ​ពុំនោះ​ទេ រឿង​ស្នេហា​រវាង​ប្រុស និង​ស្រី​នឹង​មិន​ត្រឹមតែ​ជា​អា​ពា​ហ៍​ពីរ​គ្រួសារ​ទេ​។ វា​ថែម​ទាំង​មាន​ភាគី​ទី​បី ជា​គ្រូទាយ​ចូលរួម​ទៀត ដោយ​ធ្វើ​ឱ្យ​ដំណើរការ​នេះ​កាន់តែ​ស្មុគស្មាញ និង​មិន​សម​ទំនង​។

ដូច្នេះ​ស្នេហ៍​បង​និង​អូន​មិន​គួរ​សាបសូន្យ​តាម​សម្តី​គ្រូទាយ​ឡើយ ៕