ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​ខេត្ត​ភូមិភាគ​ឦសាន​រង់ចាំ​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាមួយ​សកម្មភាព​កម្សាន្ដជា​ច្រើន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខេត្ត​នៅ​តាម​តំបន់​ភូមិភាគ​ឦសាន​បាន​និង​កំពុង​ត្រៀមខ្លួន​ទទួលភ្ញៀវ​ទេសចរ​ច្រើន​ជាង​ឆ្នាំ​មុន ក្នុង​អំឡុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នៅ​ចុង​ស​ប្តា​ហ៍​នេះ ។

រាជធានី​ភ្នំពេញ ៖ ខេត្ត​នៅ​តាម​តំបន់​ភូមិភាគ​ឦសាន​បាន​និង​កំពុង​ត្រៀមខ្លួន​ទទួលភ្ញៀវ​ទេសចរ​ច្រើន​ជាង​ឆ្នាំ​មុន ក្នុង​អំឡុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នៅ​ចុង​ស​ប្តា​ហ៍​នេះ ។

លោក រ៉ុ​ន ភា​រ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ បាន​ថ្លែង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​១១ មេ​សា​ថា មន្ទីរ​កំពុង​រៀបចំ និង​ផ្សព្វផ្សាយ​ពី​ការ​ពង្រឹងគុណភាព និង​សេវាកម្ម​ទេសចរណ៍​តាម​រមណីយដ្ឋាន​នានា ដែល​មាន​ទាំងអស់​១៧​កន្លែង​នៅ​ក្នុង​ខេត្ត ដោយ​មាន​មន្ត្រី​មន្ទីរ​ទេសចរណ៍​ប្រមាណ​៣០​រូប​នឹង​ចូលរួម​ត្រួតពិនិត្យ​ពី​សុវត្ថិភាព​ភ្ញៀវ អនាម័យ និង​សេវាកម្ម​លក់​ម្ហូបអាហារ​នានា​កុំ​ឲ្យ​ដំឡើង​ថ្លៃ តាម​ការ​ណែនាំ​របស់​ក្រសួងទេសចរណ៍ ។

លោក​បន្ត​ថា ៖ « មន្ទីរ​ទេសចរណ៍​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​ខេត្ត នឹង​រៀបចំ​សកម្មភាព​លេងល្បែង​ប្រជាប្រិយ​នៅ​តាម​រមណីយដ្ឋាន​គោលដៅ​នានា​ដើម្បី​បង្ក​ភាព​សប្បាយ​រីករាយ ក៏​ដូច​ជា​ចូលរួម​លើក​ស្ទួយ​វប្បធម៌​ជាតិ » ។ លោក​បន្ត​ថា ៖ « ខេត្តក្រចេះ កាលពី​ឆ្នាំ​មុន ទទួល​បាន​ភ្ញៀវ​ទេសចរ​១០​ម៉ឺន​នាក់​ក្នុង​អំឡុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ កើនឡើង​៥% ធៀប​នឹង​ឆ្នាំ​២០១៥ ហើយ​រំពឹង​ថា នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​កើនឡើង​បន្ថែម​ទៀត » ។

ខេត្តក្រចេះ មាន​សណ្ឋាគារ​ចំនួន​១៣ ផ្ទះសំណាក់​៣៤​កន្លែង និង​មាន​បន្ទប់​សរុប​ជាង​១​ពាន់​បន្ទប់ ព្រមទាំង​មាន​រមណីយដ្ឋាន​ទេសចរណ៍​១៧​កន្លែង (​អន្លង់​ផ្សោត​, ព្រែក​កាំ​ពី​, វិហារ​សសរ​១០០ និង​ភ្នំ​សំបុក​ជាដើម​) ក្នុង​នោះ​សហគមន៍​ទេសចរណ៍ធម្មជាតិ​១០​កន្លែង ។

លោក គង់ វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​បាន​និង​កំពុង​រៀបចំ​សោភ័ណ​ភាព​កាន់តែ​ប្រសើរ​ជាង​មុន តាម​រយៈ​ការ​បំពាក់​ភ្លើង​នា​ពេល​រាត្រី​នៅ​តាម​ផ្លូវភ្លោះ​របស់​ខេត្ត និង​ជំរុញ​ឲ្យ​មន្ទីរ​នានា​រៀបចំ​តុបតែង​លម្អ​សម្រាប់​អបអរ​ចូល​ឆ្នាំ​ថ្មី ។ នៅ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នេះ អាជ្ញាធរ​ខេត្ត​នឹង​ប្រគំ​តន្ត្រី លេងល្បែង​ប្រជាប្រិយ​នៅ​ក្នុង​ខេត្ត ដោយ​មានការ​ចែក​បបរ និង​ភេសជ្ជៈ​ដល់​អ្នកចូលរួម​កម្សាន្ត​ទទួលទាន​ផង​ដែរ ។

លោក​បន្ត​ថា ៖ « រហូត​មក​ទល់​ពេល​នេះ បន្ទប់​សណ្ឋាគារ និង​ផ្ទះសំណាក់​ជាង​១​ពាន់​បន្ទប់​ក្នុង​ខេត្ត​បាន​ទទួល​ការ​កក់​ពេញ​បណ្តើរ​ៗ​ហើយ និង​មួយ​ចំនួន​ទៀត​មិន​ទទួល​ការ​កក់​ទេ ដោយ​ពួក​គេ​ទុក​នៅ​ពេល​ភ្ញៀវ​ទៅ​ដល់ » ។

លោក​បន្ថែម​ថា ៖ « ខ្ញុំ​បាន​ធ្វើការ​ណែនាំ​ដល់​ម្ចាស់ផ្ទះ​សំណាក់ និង​អូ​តែ​ល និង​អ្នកបម្រើ​សេវាកម្ម​នានា កុំ​ឲ្យ​ដំឡើង​ថ្លៃ​សេវាកម្ម​របស់​ពួក​គេ​ហួសហេតុ​ផង​ដែរ » ។

ខេត្តមណ្ឌលគិរី​មាន​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ជា​ច្រើន​ដូច​ជា ទឹកជ្រោះ​ប៊ូ​ស្រា រមណីយដ្ឋាន​ភ្នំ​ដោះ​ក្រមុំ សមុទ្រ​ឈើ ភូមិ​ដាក់​ដាំ និង​ទឹកធ្លាក់រ​មនា​ជាដើម ។

រីឯ​ខេត្តរតនគិរី​ឯណោះ​វិញ ក៏​មាន​រៀបចំ​ព្រឹត្តិការណ៍​ជា​ពិសេស​ដែរ​នៅ​ឆ្នាំ​នេះ តាម​រយៈ​ការ​រៀបចំ​សង្ក្រាន្ត​ប្រចាំ​ខេត្ត ។

លោក ង៉ែត ពិ​ទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី​ឲ្យ​ដឹង​ថា ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ក្នុង​ឆ្នាំ​ថ្មី​នេះ ខេត្តរតនគិរី​នឹង​រៀបចំ​សង្ក្រាន្ត ដោយ​សហការ​ចូលរួម​ពី​រដ្ឋបាល​សាលាខេត្ត មន្ទីរ​ទេសចរណ៍ និង​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ដើម្បី​បង្ក​ភាព​សប្បាយ​រីករាយ​នៅ​ក្នុង​ខេត្ត ។ ការ​រៀបចំ​សង្ក្រាន្ត​នេះ​ដែរ នឹង​មានការ​រត់​ម៉ា​រ៉ា​តុង​ចម្ងាយ​៥​គីឡូម៉ែត្រ ការ​ជិះ​កង់​ប្រណាំង​យឺត​ៗ និង​ការ​រៀបចំ​ល្បែង​ប្រជាប្រិយ​កម្សាន្ត​រយៈពេល​បី​ថ្ងៃ​ពេញ ។

លោក​បន្ត​ថា ៖ « រហូត​មក​ទល់​ពេល​នេះ ការ​កក់​បន្ទប់​សណ្ឋាគារ និង​ផ្ទះសំណាក់​បាន​ចាប់ផ្តើម​បណ្តើរ​ៗ​ហើយ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​មាន​តួលេខ​ជាក់លាក់​ពី​ចំនួន​បន្ទប់​ដែល​បាន​កក់​នោះ​ទេ ព្រោះ​ការ​ចុះ​ស្រង់​ស្ថិតិ​នៅ​ធ្វើ​ថ្ងៃស្អែក​នេះ » ។

ខេត្តរតនគិរី​មាន​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ និង​វប្បធម៌​ជា​ច្រើន​កន្លែង ដែល​អាច​ឲ្យ​ភ្ញៀវ​ទៅ​ទស្សនា​កម្សាន្ត​ដូច​ជា ទឹកជ្រោះ​ចា​អ៊ុ​ង បឹង​យក្ស​លោម និង​ទឹកធ្លាក់​៧​ជាន់​អូ​សៀន​លែរ​ជាដើម ។

លោក ង៉ែត ពិ​ទូ មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ខេត្តរតនគិរី​កើនឡើង​ឬ​ថយ​ចុះ​ទេ ប៉ុន្តែ​លោក​រំពឹង​ថា ខេត្ត​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើន​ជាង​មុន ដោយសារ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​ភ្ជាប់​មក​កាន់​ខេត្ត​កាន់តែ​ងាយស្រួល ៕