អ្នកធ្លាប់ឮមកខ្លះហើយថា ការធ្វើកិច្ចការជាច្រើនព្រមគ្នា (Multitasking) មិនមែនជារឿងល្អឡើយ ។ តាមការស្រាវជ្រាវបង្ហាញថា វាធ្វើឲ្យប្រសិទ្ធភាពការងារថយចុះ និងអាចបំផ្លាញដល់ខួរក្បាលផងដែរ ។ ការស្រាវជ្រាវពីមហាវិទ្យាល័យ Standford បង្ហាញថា ការធ្វើកិច្ចការជាច្រើនព្រមគ្នា វាផ្តល់ប្រយោជន៍តិចជាងការធ្វើតែមួយមុខ ។
*វាជាជំនាញពិសេសឬ ?
ក្នុងករណីមនុស្សខ្លះមានដុងពីកំណើតក្នុងការធ្វើកិច្ចការជាច្រើនព្រមគ្នាវិញ អ្នកស្រាវជ្រាវពីមហាវិទ្យាល័យ Standford បានសិក្សា ដោយបែងចែកជា២ក្រុមលើនិស្ស័យចូលចិត្តធ្វើកិច្ចការជាច្រើនព្រមគ្នា ដោយជឿថា ជាផលល្អដល់ការធ្វើការងារ ។ ពួកគេសង្កេតឃើញថា ក្រុមអ្នកចូលចិត្តធ្វើអ្វីច្រើនយ៉ាងក្នុងពេលតែមួយ បែរជាធ្វើការងារមិនបានល្អទេ បើធៀបជាមួយក្រុមអ្នកធ្វើការតែមួយមុខ ខណៈពួកគេមិនអាចរៀបរៀងគំនិតបានល្អ និងកាត់ព័ត៌មានដែលមិនចាំបាច់ចេញ ។ ក្រៅពីនោះ ពួកគេបែរជាធ្វើការងារយឺតទៀតផង ។
ការធ្វើអ្វីច្រើនយ៉ាងជាមួយគ្នា នឹងធ្វើឲ្យប្រសិទ្ធភាពបំពេញការងារថយចុះ ខណៈខួរក្បាលអាចផ្តោតលើការងារតែមួយមុខ ។ ដូច្នេះ បើអ្នកធ្វើកិច្ចការ២ក្នុងពេលតែមួយ ខួរក្បាលរបស់អ្នកនឹងមិនអាចធ្វើបានទាំង២មុខឲ្យបញ្ចប់ទៅព្រមគ្នាឡើយ ។
*ការធ្វើកិច្ចការជាច្រើនក្នុងពេលជាមួយគ្នាធ្វើឲ្យ IQ ថយចុះ ៖
បន្ទាប់ពីអ្នកធ្វើអ្វីយឺតយ៉ាវហើយ វានឹងធ្វើឲ្យ IQ (ភាពឆ្លាតវៃ) ថយចុះទៀតផង ។ តាមការស្រាវជ្រាវពីមហាវិទ្យាល័យ University of London បង្ហាញថា ក្រុមដែលធ្វើកិច្ចការផ្សេងៗជាមួយគ្នា ជាមួយការងារដែលត្រូវប្រើគំនិត គឺមាន IQ ថយចុះព្រមគ្នាដូចការសេពកញ្ឆា ឬការមិនបានសម្រាកពេញមួយយប់ ។ IQ នឹងថយចុះ១៥ពិន្ទុ រហូតដល់ស្មើគ្នាជាមួយ IQ របស់កុមារអាយុ៨ឆ្នាំ ។ ដូច្នេះ បើអ្នកនៅតែអង្គុយធ្វើកិច្ចការផ្សេងៗជាមួយគ្នាបន្តទៀត ខណៈពេលចូលរៀន ឬកំពុងប្រជុំ វាអាចធ្វើឲ្យ IQ ថយចុះ ប្រៀបដូចជាក្មេងអាយុ៨ឆ្នាំ ក៏ថាបាន ។
*ប៉ះពាល់ដល់ខួរក្បាល ៖
សមត្ថភាពខាងគំនិតដែលធ្វេសប្រហែសដោយសារការធ្វើកិច្ចការជាច្រើន ដែលគ្រាន់តែជាភារកិច្ចបណ្តោះអាសន្ន តាមការស្រាវជ្រាវចុងក្រោយពីមហាវិទ្យាល័យ University of Sussex ក្នុងទីក្រុងឡុងដ៍ បានប្រៀបធៀបរវាងរយៈពេលបំពេញការងារ និងប្រើឧបករណ៍ជាច្រើនក្នុងពេលជាមួយគ្នា ដូចជា ការផ្ញើសារតាមទូរស័ព្ទពេលកំពុងមើលទូរទស្សន៍ បើធៀបនឹងលទ្ធផលការស្គេនខួរក្បាលដោយគ្រឿង MRI បង្ហាញថា ខួរក្បាលផ្នែក Anterior Cingulate Cortex ដែលបំពេញតួនាទីគ្រប់គ្រងអារម្មណ៍ និងគំនិតរបស់មនុស្សមានឥរិយាបថខាងលើ នឹងថយចុះ ។
ពិតណាស់ថា នៅមានការស្រាវជ្រាវបន្តនាអនាគត នឹងសរុបបានថា ការធ្វើកិច្ចការជាច្រើនក្នុងពេលតែមួយ គឺជាកត្តាធ្វើឲ្យខូចខួរក្បាល ឬខួរក្បាលដែលកំពុងតែខូចនោះ គឺជាដើមហេតុធ្វើឲ្យយើងធ្វើកិច្ចការខាងលើ ប៉ុន្តែទោះជាយ៉ាងណា ការអនុវត្តបែបនេះមិនផ្តល់ផលល្អឡើយ ។
Kep Kee Loh អ្នកជំនាញផ្នែកប្រព័ន្ធខួរក្បាល និងជាប្រធានក្រុមស្រាវជ្រាវនិយាយថា ៖ « ខ្ញុំថា វាជារឿងសំខាន់ណាស់ដែលត្រូវឲ្យយើងរាល់គ្នាយល់ច្បាស់ថា ឥរិយាបថនៃការប្រើបច្ចេកវិទ្យាផ្សេងៗទាំងនេះប៉ះពាល់ដល់ការគិត ឬអាចធ្វើឲ្យផ្លាស់ប្តូរប្រព័ន្ធខួរក្បាលក៏ថាបាន » ។
បើអ្នកជាមនុស្សម្នាក់ចូលចិត្តធ្វើអ្វីច្រើនមុខជាមួយគ្នា គួរតែកាត់បន្ថយនិស្ស័យបែបនេះខ្លះទៅ ព្រោះវាធ្វើឲ្យអ្នកធ្វើកិច្ចការទាំងនោះកាន់តែយឺតឡើង ហើយប្រសិទ្ធភាពការងារក៏ថយចុះផងដែរ ។ ទោះបីជាមិនខូចដល់ខួរក្បាល ប៉ុន្តែវានឹងធ្វើឲ្យអ្នកពិបាកក្នុងការប្រើសមាធិ និងផ្តោតលើរឿងផ្សេងទៀត ។
ក្រៅពីនោះ ការបំពេញកិច្ចការច្រើនជាមួយគ្នានៅក្នុងកន្លែងប្រជុំ ឬកន្លែងផ្សេងៗបង្ហាញថា កម្រិតយល់ដឹងរបស់អ្នកអន់ថយចំពោះខ្លួនឯង និងសង្គម ដែលជាអង្គប្រកបរបស់ភាពឈ្លាសវៃខាងអារម្មណ៍សំខាន់សម្រាប់ភាពជោគជ័យក្នុងតួនាទីការងារ ។
វែបសាយ TalentSmart បានពិសោធន៍លើមនុស្សជាង១លាននាក់ ហើយបង្ហាញថា ៩០%នៃអ្នកដែលធ្វើការងារបានល្អបំផុត គឺមានកម្រិត EQ (សមត្ថភាព) ខ្ពស់ ។ បើធ្វើការងារច្រើនក្នុងពេលតែមួយបំផ្លាញខួរក្បាលផ្នែកសំខាន់ដល់ EQ ពិតមែននោះ ឥរិយាបថខាងលើនឹងធ្វើឲ្យ EQ របស់អ្នកថយចុះផងដែរ ។
ហេតុនេះ ការធ្វើការងារជាច្រើនក្នុងពេលតែមួយ គឺមិនត្រឹមតែកាត់បន្ថយប្រសិទ្ធភាពការងារបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែវាអាចបំផ្លាញខួរក្បាល និងប៉ះពាល់ដល់អាជីពនាពេលអនាគតទៀតផង ៕
ចែករំលែកព័តមាននេះ