ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ

6 ឆ្នាំ មុន

មានរឿង​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្ប​សេដ្ឋី​ម្នាក់​មាន​បុត្រ​មួយ​ឈ្មោះ​ធម្មបាល​កុមារ ជា​អ្នកមាន​ចំណេះវិជ្ជា​ដ៏​វិសេស រៀន​ចេះ​ចប់​ត្រៃវេទ​តាំងពី​អាយុ​បាន​៧​ឆ្នាំ ។ សេដ្ឋី​បិតា​បាន​សាង​ប្រាសាទ​ឱ្យ​នៅ​ទៀប​

មានរឿង​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្ប​សេដ្ឋី​ម្នាក់​មាន​បុត្រ​មួយ​ឈ្មោះ​ធម្មបាល​កុមារ ជា​អ្នកមាន​ចំណេះវិជ្ជា​ដ៏​វិសេស រៀន​ចេះ​ចប់​ត្រៃវេទ​តាំងពី​អាយុ​បាន​៧​ឆ្នាំ ។ សេដ្ឋី​បិតា​បាន​សាង​ប្រាសាទ​ឱ្យ​នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆ្នេរទន្លេ ដែល​ជាទី​នៅ​នៃ​បក្សី​ទាំងឡាយ ធម្មបាល​កុមារ​បាន​ចេះ​ទាំង​ភាសា​បក្សី​ទាំងពួង​ផង ហើយ​បានជា​អាចារ្យ​សម្ដែង​មង្គល ផ្សេង​ៗ​ដល់​មនុស្ស​ទាំងពួង​ផង ។ គ្រានោះ​មនុស្សលោក​រមែង​រាប់អាន​ព្រះ​មហាព្រហ្ម និង​កបិល​មហាព្រហ្ម​១​អង្គ​ទៀត​ដែល​ជា​អ្នក​សម្ដែង​មង្គល​ដល់​មនុស្ស​ទាំងពួង ។

ពេល​នោះ​កបិល​មហាព្រហ្ម​បាន​ជ្រាប​ព័​ត៌‌​មាន​ក៏​ចុះ​មក​សួរ​បញ្ហា​នឹង​ធម្មបាល​កុមារ ៣ «​ខ​» ដោយ​សន្យា​ទុក​ថា បើ​ដោះប្រស្នា​បាន​នឹង​កាត់​ព្រះ​សិរ​ទ្រង់​ដើម្បី​បូជា​ចំពោះ​ធម្មបាល​កុមារ តែបើ​ដោះ​មិន​រួច​នឹង​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ ។ ធម្មបាល​កុមារ​សុំ​ឱ្យ​ពន្យារពេល​ចំនួន​៧​ថ្ងៃ​សិន​ដើម្បី​គិត​ប្រស្នា ។ លុះ​កន្លង​ទៅ​៦​ថ្ងៃ​ហើយ​ក៏​នៅ​តែ​គិត​មិនឃើញ ដឹងខ្លួន​ថា ព្រឹក​នេះ​នឹង​ត្រូវ​ស្លាប់​ដោយ​អាជ្ញា​កបិល​មហាព្រហ្ម​ជា​ប្រាកដ​ហើយ ។ ដូច្នេះ​គួរតែរ​ត់ទៅ​លាក់ខ្លួន​ពួន​អាត្មា​ឱ្យ​ស្លាប់​ដោយ​ខ្លួនឯង​ប្រសើរ​ជាង ទើប​ចុះ​ពី​ប្រាសាទ​ទៅ​ដេក​ពួន​នៅ ក្រោម​ដើម​ត្នោត​មួយគូ ។ ដើម​ត្នោត​នោះ​សត្វ​ឥន្ទ្រី​ញី​ឈ្មោល​ធ្វើ​សំបុក​អាស្រ័យ​នៅ វេលា​យប់​ឥន្ទ្រី​ញី​សួរ​ឥន្ទ្រី​ឈ្មោល​ថា «​ព្រឹក​នេះ​យើង​បាន​អាហារ​ពី​ណា​ស៊ី​»​? ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា «​យើង​នឹង​ស៊ីសាច់​ធម្មបាល​កុមារ ដែល​ត្រូវ​កបិល​មហាព្រហ្ម​សម្លាប់ ព្រោះ​ដោះប្រស្នា​មិន​រួច​» ។ ឥន្ទ្រី​ញី​សួរ​ថា «​ប្រស្នា​នោះ​ដូច​ម្ដេច​» ? ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា «​វេលា​ព្រឹក​សិរី​សួស្ដី​ស្ថិត​នៅ​ទីណា​» ? ត្រូវ​ឆ្លើយ​ថា «​នៅ​មុខ ហេតុនេះ​ទើប​មនុស្ស​ទាំងឡាយ​ត្រូវ​យក​ទឹកលុប​មុខ​» ។ ខ​១​ទៀត​ថា «​ថ្ងៃត្រង់​សិរី​ស្ថិត​នៅ​ត្រង់​ណា​» ? ត្រូវ​ឆ្លើយ​ថា «​នៅ​ទ្រូង ហេតុ​នោះ​ទើប​មនុស្ស​ត្រូវ​យក​ទឹក​លាង​ទ្រូង​» ។ ខ​១ ទៀត​ថា «​វេលា​ល្ងាច​សិរី​ស្ថិត​នៅ​ទីណា​» ? ត្រូវ​ឆ្លើយ​ថា «​នៅ​ជើង ហេតុនេះ​ទើប​មនុស្ស​ទាំងឡាយ​ត្រូវ​យក​ទឹក​លាង​ជើង​» ។ ធម្មបាល​កុមារ​បានឮ​ដូច្នេះ ក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ ។

ព្រឹក​ឡើង​កបិល​មហាព្រហ្ម​ក៏​មក​សួរ​ប្រស្នា ធម្មបាល​កុមារ​ឆ្លើយ​ដោះស្រាយ​តាម​ដែល​បានឮ​មក ។ កបិល​មហាព្រហ្ម ហៅ​ទេពធីតា​ទាំង ៧​នាក់​ដែល​ជា​បាទបរិចារិកា​ព្រះឥន្ទ្រ​មក​ប្រាប់​ថា «​ឥឡូវ​បិតា​ត្រូវ​កាត់​ព្រះ​សិរ​ដើម្បី​បូជា​ចំពោះ​ធម្មបាល​កុមារ តែបើ​ដាក់​ក្បាល​នោះ​លើ​ផែនដី នោះ​នឹង​កើតជា​ភ្លើង​ឆេះ​ទាំង​លោកធាតុ បើ​បោះ​ទៅ​លើ​អាកាស​ភ្លៀង​នឹង​រាំង បើ​ចោល​ក្នុង​មហាសមុទ្រ​នោះ​ទឹកនឹង​រីងស្ងួត​ហួត​អស់ ដូច្នេះ​សូម​ឱ្យ​កូន​ទាំង​៧​នាក់​យក​ពាន​មក​ទទួល​ព្រះ​សិរ​បិតា​» ។ ថា​ហើយ​កបិល​មហាព្រហ្ម​ក៏​កាត់​ព្រះ​សិរ​ហុច​ទៅ​ឱ្យ​ព្រះ​នាង «​ទុ​ង្សា​» ជា​កូនច្បង​។ ព្រះ​នាង​ទុ​ង្សា​បាន​យក​ពាន​មក​ទទួល​ព្រះ​សិរ​បិតា រួច​ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ​៦០​នាទី ទើប​អញ្ជើញ​ទៅ​ប្រតិស្ឋាន​ទុក​ក្នុង​មណ្ឌល​នៅ​ក្នុង​គុហា​គន្ធ​មាលី ភ្នំ​កៃលាស បូជា​គ្រឿង​ទិព្វ ផ្សេង​ៗ ព្រះ​វិស្សកម្ម​ទេវបុត្រ ក៏​និមិត្ត​រោង​ទិព្វ​ធ្វើ​ពី​កែវ ៧​ប្រការ ឈ្មោះ​ថា «​ភគវតី​សភា​» ឱ្យ​ជាទី​ប្រជុំ​នៃ​ទេវតា លុះដល់​គម្រប់​១​ឆ្នាំ​ជា​សង្ក្រាន្ត នាង​ទេពធីតា​ទាំង​៧​ក៏​ផ្លាស់​វេន​គ្នា​មក​អញ្ជើញ​ព្រះ​សិរ​កបិល​មហាព្រហ្ម​ចេញ​មក​ហែ​ប្រទក្សិណ ភ្នំ​ព្រះ​សុមេរុ​ជា​រៀង​រាល់​ឆ្នាំ ហើយ​ត្រឡប់​ទៅ​ស្ថាន​ទេវលោក​ដើម្បី​តម្កល់​វិញ ។

ឈ្មោះ​ទេពធីតា​មហាសង្ក្រាន្ត និង​គ្រឿង​ប្រដាប់​កាយ
-​ថ្ងៃអាទិត្យ «​នាង​ទុ​ង្សា​ទេវី​» សៀតផ្កា​ទទឹម គ្រឿង​ប្រដាប់​បទុមរាគ ភក្សាហារ​ផ្លែ​ឧទុម្ពរ អាវុធ​ស្តាំ​កងចក្រ ឆ្វេង​ស័ង្ខ ពាហនៈ​គ្រុឌ ។
-​ថ្ងៃ​ចន្ទ «​នាង​គោ​រាគ​ទេវី​» សៀតផ្កា​អង្គាបុស្ប គ្រឿង​ប្រដាប់​មុក្តា ភក្សាហារ​ប្រេង អាវុធ​ស្តាំ​ព្រះ​ខ័ន ឆ្វេង​ឈើច្រត់ ពាហនៈ​ខ្លា ។
-​ថ្ងៃ​អង្គារ «​នាង​រា​ក្យ​សា​ទេវី​» សៀតផ្កា​ឈូក គ្រឿង​ប្រដាប់​មោ​រា​៉ ភក្សាហារ​លោហិត អាវុធ​ស្តាំ​ត្រីសូល៍ ឆ្វេង​ធ្នូ ពាហនៈ​អស្សតរ ។
-​ថ្ងៃ​ពុធ «​នាង​ម​ណ្ឌា​ទេវី​» សៀតផ្កា​ចម្ប៉ា គ្រឿង​ប្រដាប់​ពិទូរ្យ ភក្សាហារ​ទឹកដោះ​សប្បិ អាវុធ​ស្តាំ​ម្ជុល ឆ្វេង​ឈើច្រត់ ពាហនៈ​លា ។
-​ថ្ងៃ​ព្រហស្បតិ៍ «​នាង​កិ​រិ​ណី​ទេវី​» សៀតផ្កា​ម​ណ្ឌា គ្រឿង​ប្រដាប់​មរកត ភក្សាហារ​សណ្ដែក ល្ង អាវុធ​ស្តាំ​កង្វេរ ឆ្វេង​កាំភ្លើង ពាហនៈ​ដំរី ។
-​ថ្ងៃ​សុក្រ «​នាង​កិ​មិ​រា​ទេវី​» សៀតផ្កា​ចង្កុលណី​គ្រឿង​ប្រដាប់​បុស្ស​រាគ​ម័ ភក្សាហារ​ចេកណាំវ៉ា អាវុធ​ស្តាំ​ព្រះ​ខ័ន ឆ្វេង​ពិណ ពាហនៈ​ក្របី ។
-​ថ្ងៃ​សៅរ៍ «​នាង​ម​ហោ​ទ​រា​ទេវី​» សៀតផ្កា​ត្រកៀត គ្រឿង​ប្រដាប់​និលរ​ត័​ន៍ ភក្សាហារ​សាច់​ទ្រាយ អាវុធ​ស្តាំ​កងចក្រ ឆ្វេង​ត្រីសូល៍ ពាហនៈ​ក្ងោក ៕