ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«របាំ​ត្រុដិ​» សម្រាប់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ

6 ឆ្នាំ មុន

យោង​តាម​សៀវភៅ​«​របាំ​ប្រជាប្រិយ​ខ្មែរ​» នៃ​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ លើក​ឡើង​ថា របាំ​ត្រុដិ​ជា​របាំ​ប្រជាប្រិយ​មួយ​បែប​ដែល​សព្វ​ថ្ងៃនេះ​គេ​ឃើញ​មាននៅ​តែ​ក្នុង​ខេត្តសៀមរាប ហើយ​ជួនកាល​គេ​ឃើញ​នៅ​ខេត្តបាត់ដំបង​ខ្លះ​ដែរ​ត្រង់​ភូមិភាគ​ណា​ដែល​នៅ​ជាប់​នឹង​

យោង​តាម​សៀវភៅ​«​របាំ​ប្រជាប្រិយ​ខ្មែរ​» នៃ​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ លើក​ឡើង​ថា របាំ​ត្រុដិ​ជា​របាំ​ប្រជាប្រិយ​មួយ​បែប​ដែល​សព្វ​ថ្ងៃនេះ​គេ​ឃើញ​មាននៅ​តែ​ក្នុង​ខេត្តសៀមរាប ហើយ​ជួនកាល​គេ​ឃើញ​នៅ​ខេត្តបាត់ដំបង​ខ្លះ​ដែរ​ត្រង់​ភូមិភាគ​ណា​ដែល​នៅ​ជាប់​នឹង​ខេត្តសៀមរាប​នោះ​ឯង ។ របាំ​ត្រុដិ​មាន​លេង​តែ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប៉ុណ្ណោះ​ដែល​ជា​ចាំបាច់ ព្រោះ​មាន​សេចក្តី​ឲ្យ​ការណ៍៍​ជា​ច្រើន​អំពី​សមាជិក​ឆ្លើយឆ្លង​នៃ​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ដែល​នៅ​ក្នុង​ខេត្ត​ទាំងនោះ​ថា របាំ​នេះ​គេ​លេង​ដើម្បី​ប្រសិទ្ធពរ​ជ័យ សិរី​សួស្តី​ជូន​ដល់​អ្នកស្រុក​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ។

ឈ្មោះ​ថា «​ត្រុដិ​» ជា​ពាក្យ​ដើម​មក​ពី​ភាសាសំស្ក្រឹត​ប្រែ​ថា «​ផ្តាច់ ឬ​កាត់​ផ្តាច់​»​គឺ​សំដៅ​ដល់​ការ​ផ្តាច់​ឆ្នាំ ឬ​ការ​កាត់​ផ្តាច់​ឆ្នាំ​ចាស់​ចូល​ទៅ​ក្នុង​ឆ្នាំ​ថ្មី ហើយ​ដែល​នៅ​មាន​ជាប់​នាម​ព្រះរាជ​ពិធី​មួយ​ហៅ​ថា «​ត្រស្តិ​សង្ក្រាន្ត​» ជាប់​រហូត​សព្វថ្ងៃ ។ ដូចនេះ​ឃើញ​ថា ឈ្មោះ​របាំ​ត្រុដិ​បញ្ជាក់​ថា សម្រាប់​ប្រកប​ឡើង​នៅ​ពេល​ដំណាច់ឆ្នាំ នីមួយ​ៗ​មែន ប៉ុន្តែ​តាម​ទម្លាប់់​របស់​អ្នកស្រុក​ជួនកាល​គេ​លេង​របាំ​នេះ​នៅ​ពេល​ប្រារព្ធ​ពិធី​សុំ​ទឹកភ្លៀង​នៅ​គ្រា​ដែល​ស្រុក​ទេស​រាំង​ស្ងួត​ជា​ច្រើន​ថ្ងៃខែ ម្តង​ៗ​ដែរ ។

មិនតែប៉ុណ្ណោះ​មាន​ព័ត៌មាន​ខ្លះ​បាន​បញ្ជាក់​ថា របាំ​ត្រុដិ​សេសសល់​នៅ​ជាមួយ​មនុស្ស​ជាន់​ដើម ពួក​ដែល​រស់នៅ​លើ​ទឹកដី​សុវណ្ណ​ភូមិ​ចាស់​តាំងពី​ដែនដី​នេះ​ពុំ​ទាន់​ទទួល​អារ្យធម៌​ពី​ប្រទេស​ឥណ្ឌា​នៅឡើយ គឺ​ត្រកូល​មនុស្ស​មួយ​ពួក​នៅ​ក្នុង​ប្រទេស​យើង​ដែល​អ្នកស្រុក​ហៅ​ថា «​សំរែ​»  ដែល​សព្វថ្ងៃ​ច្រើន​រស់នៅ​ក្នុង​ភូមិភាគ​ខាងជើង​បឹង​ទន្លេសាប​នេះឯង ។

កាលពី​ជំនាន់​បុរាណ​វង់​ត្រុដិ​របស់​ជនជាតិ​សំរែ​នេះ បាន​នាំ​គ្នា​ទៅ​លេង​ថ្វាយ​ព្រះរាជា​នៅ​រៀង​រាល់ពេល​បុណ្យចូលឆ្នាំ​ដើម្បី​ថ្វាយព្រះពរ​សួស្តី សិរី​មង្គល ។ ហេតុនេះ​ហើយ​បានជា​មាន​ទម្លាប់​លេង​តែ​នៅ​ពេល​ចូល​ឆ្នាំ​រហូត​ដល់​ឥឡូវ ហើយ​មាន​តែ​នៅ​ក្នុង​ខេត្តសៀមរាប​ដែល​ជិត​រាជធានី​ចាស់​ប៉ុណ្ណោះ ។

ប្រដាប់ប្រដារ​និង​របៀប​លេង
-«​អំពី​ប្រដាប់ប្រដារ​» ៖ តាម​ធម្មតា​វង់​របាំ​ត្រុដិ​មាន​ក្រុម​តូច ក្រុម​ធំ​យោង​ទៅ​តាម​ការ​និយម​របស់​អ្នកស្រុក និង​និយម​តាម​ចំនួន​មនុស្ស​ដែល​ស្ម័គ្រចិត្ត​ចូល​លេង ។ ឯ​ប្រដាប់ប្រដារ​សោត​ក៏​និយម​ទៅ​តាម​នោះ​ដែរ ប៉ុន្តែ​យើង​អាច​រក​មើល​ទាំងអស់​ឲ្យ​ឃើញ​ថា តើ​វង់​ត្រុដិ​ពេញលេញ​នោះ​ប្រដាប់​មានឈ្មោះ​អ្វីខ្លះ0x017d7 គឺ​មាន គ្រឿង​ភ្លេង ៖
-«​ក​ញ្ចា​រ​» ដង​ធ្វើ​ពី​ពីងពង់​ប្រវែង​២ ម៉ែត្រ មាន​បន្ទះ​រនាប​តូចឆ្មារ​ភ្ជាប់​នៅ​ចុង ហើយ​ខ្វែងគ្នា​ពត់​ង​ទន្ទាំ​មាន​សណ្ឋាន​ដូច​ស្នែង​៤ ។

នៅ​ចុង​បន្ទះ​រនាប​មាន​ចងខ្សែ​ខ្វែង​ពី​ចុង​មួយ​ទៅ​ចុង​មួយ ហើយ​ត្រង់​កណ្តាល​ខ្សែ​ខ្វែង​នេះ​មាន​បណ្តោយ​ផ្លែ​អង្គញ់​ដែល​ចោះ​យក​គ្រាប់​ចេញ​អស់ ហើយ​ដាក់​គ្រាប់​ក្រួស ឬ​កម្ទេច​ដែក​ទៅ​ក្នុង​នោះ​ប្រយោជន៍​ឲ្យ​ឮ​សូរ កាលណា​គេ​បុក​ដង​វា​នឹង​ដី​តាម​ចង្វាក់​ស្គរ ។
-«​ចង្ក្រង់​ដំបែ​» ៖ ចង្ក្រង់​ចង​បន្តោង​នឹង​ខ្សែទាម​គោ ហើយ​ចង​ភ្ជាប់​នឹង​ដង​ឫស្សី​ដែរ ។ កាលណា​គេ​បុក​នឹង​ដី​ក៏​មាន​សូរ ប្រាវ​ៗ តាម​ចង្វាក់ ។
-«​ចង្ក្រង់​រ៉ូង​» ៖ ចង្ក្រង់​នេះ​ចង​ព្យួរ​នឹង ចង្កេះ​មនុស្ស​តែ​ម្តង ដោយ​ចង​គួប​គ្នា​ជា ចង្កោម​ៗ ។
-«​ស្គរ​» ៖ ស្គរអារក្ស គឺ​ស្គរ​ដែល​ធ្វើ​ពី​ដី​ដុត​ពាស​ស្បែក​ថ្លាន់ ។
-«​ប៉ីពក​» ៖ មាន​តែ​១​ប៉ុណ្ណោះ​។
-«​ទ្រអ៊ូ ឬ​ទ្រសោ​» ៖ ត្រូវ​មាន​ទាំង​ពីរ ។
-«​សន្ទូច​» ៖ ដង​ពីងពង់​វែង​មាន​សណ្ឋាន ដូច​សន្ទូច​ចង​ចុង​ដូច​ចន្ទោល​រទេះ ដោយ​មាន ព្យួរ​ថង់​មួយ​នៅ​ចុង​សម្រាប់​ទទួល​វត្ថុ​ជា​ទាន ។
គ្រឿង​តែង ៖
-​មុខ​ត្លុក ៖ ធ្វើ​ពី​ឆ្អឹង​ឫស្សី​ពាស​ក្រដាស ឬ​ស្មាច់ ឬ​ខ្មុក ។
-​មកុដ ៖ គេ​ធ្វើ​ពី​ក្រដាស​លាប​កាវ និង​បិទ ឲ្យ​ក្រាស់​តម្រួត​គ្នា​ទៅ​ជា​រឹង គឺ​ស្មាច់ ឬ​ខ្មុក ហើយ​ផាត់​ពណ៌ ។
-​ស្នែង​ប្រើស ៖ គេ​យក​ផ្តៅ​មក​ព័ទ្ធ​ធ្វើ​ឆ្អឹង   ហើយ​យក​ក្រដាស​បិទ​ពី​ក្រៅ​ឲ្យ​ក្រាស់​ព័ទ្ធ​ឲ្យ​មាន​រាង​ដូច​ស្នែង ឬ​ជួនកាល​គេ​យក​ស្នែង​ប្រើស​មែនទែន​មក​ស៊ក​ភ្ជាប់​នឹង​ផ្តៅ​ពាក់​ឲ្យ​ជាប់​នឹង​ក្បាលមនុស្ស​ក៏​មាន ។
-​ស្នែងទន្សោង​៖ ស្នែងទន្សោង​គេ​ធ្វើ​ប្រហែល​គ្នា​នឹង​ស្នែង​ប្រើស​ដែរ គឺ​ជួន​គេ​យក​ស្នែង​មែនទែន​មក​ធ្វើ ជួន​គេ​ស្មាច់​ក្រដាស​ឲ្យ​ក្រាស់ ។
-​កន្ទុយក្ងោក ៖ យក​កន្ទុយក្ងោក​មែនទែន​មក​កាន់ ហើយ​កាច់​កែ​ឲ្យ​មាន​សណ្ឋាន​ដូច​សត្វ​ក្ងោក​មែនទែន ។
-​ក្រចក ៖ យក​ផ្តៅ​ប្រវែង​០,២០​ម៉ែត្រ ទៅ​បិត​ចុង​ឲ្យ​ស្រួច រោល​ភ្លើង​ពត់​ឲ្យ​ង ហើយ​យក​អំបោះ​ចង​គល់​ភ្ជាប់​នឹង​ម្រាម​៤ ឯ​មេដៃ​មិន​ពាក់​ទេ ៕