ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ចំនួន​13 លក់​សំបុត្រ​មិន​ឡើងថ្លៃ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តំណាង​ក្រុមហ៊ុន​ផ្តល់​សេវា និង​ដឹក​ជញ្ជូន​អ្នកដំណើរ​ចំនួន​១៣ អះអាង​ថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ នៅ​តែ​រក្សា​តម្លៃ​សំបុត្រ​ដដែល គឺ​មិន​ឡើង ហើយ

រាជធានី​ភ្នំពេញ ៖ តំណាង​ក្រុមហ៊ុន​ផ្តល់​សេវា និង​ដឹក​ជញ្ជូន​អ្នកដំណើរ​ចំនួន​១៣ អះអាង​ថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ នៅ​តែ​រក្សា​តម្លៃ​សំបុត្រ​ដដែល គឺ​មិន​ឡើង ហើយ​ក៏​មិន​ចុះថ្លៃ​ដែរ ។ ការ​អះអាង​នេះ​លើក​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក តូច ចាន់​កុសល រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នៅ​ទីស្តីការក្រសួង កាលពី​ថ្ងៃ​ទី​១០ មេ​សា ម្សិលមិញ ។

ក្រុមហ៊ុន​ទាំង​១៣ រួម​មាន ក្រុមហ៊ុន Yello Stone Express, PSD Express, ម៉ិ​ហុង​, វ៉ា​ប៊ុ​ន​ត្រា​, ឡា​វី​តា​, វ៉ាង​ម៉ិច​, យូ​ហ៊ី​ក​, រស្មី​សាមគ្គី​, Giant Ibis Transport, វី​រៈ​ប៊ុ​ន​ថាំ​, ពន្លឺ​អង្គរ​ខ្មែរ​ដឹក​ជញ្ជូន​, Mekong Express និង​ភ្នំពេញ អូ​ថូ​ម៉ូ​ប​ល ត្រេ​ន​ស្ព័ត ។

អ្នកស្រី សំ​ដ្ឋា ហា​វិ​សី ជំនួយការ​អគ្គនាយក​ក្រុមហ៊ុន Mekong Express និយាយ​ថា ៖ «​ក្រុមហ៊ុន​យើង​បែងចែក​រថយន្ត​ដឹក​អ្នកដំណើរ​ជា​ពីរ​ផ្នែក គឺ​មាន​រថយន្ត​ប៊ឺ​ស និង​វី​អាយ​ភី ហ្វេ​ន ។ រថយន្ត​ប៊ឺ​ស​នេះ​មាន​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​សៀមរាប និង​ហូ​ជី​មិ​ញ ។ ចំណែក​រថយន្ត​វី​អាយ​ភី ផ្តល់​សេវា​ទៅ​ប៉ោយ​ប៉ែ​ត ថៃ បាត់ដំបង ពោធិ៍សាត់ និង​កំពង់សោម​ជាដើម​» ។

អ្នកស្រី​បញ្ជាក់​ថា ៖ « ចំពោះ​ក្រុមហ៊ុន​យើង​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ លក់​សំបុត្រ​មិន​ឡើងថ្លៃ​ទេ គឺ​នៅ​រក្សា​តម្លៃ​ដដែល ហើយ​ក្រុមហ៊ុន​តែងតែ​សហការ​ជាមួយ​ក្រសួង​សាធារណការ ក្នុង​ការ​អនុវត្ត​តម្លៃ​សំបុត្រ​រថយន្ត ដោយ​មិន​អាច​ចេះ​តែ​កែប្រែ​នោះ​ទេ » ។

លោក តូច ចាន់​កុសល រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មាន​ប្រសាសន៍​ថា ៖ « គ្រប់​ក្រុមហ៊ុន​ទាំងអស់​អះអាង​ថា មិន​ឡើងថ្លៃ​ទេ ដោយ​គាត់​ឯកភាព​រក្សា​តម្លៃ​លក់​សំបុត្រ​នៅ​ដដែល ក្នុង​នោះ​មាន​ក្រុមហ៊ុន​ខ្លះ​បាន​សហការ​ជាមួយ​ដៃគូ ចេញ​សំបុត្រ​ធ្វើ​ដំណើរ​ដោយ​ឥត​គិតថ្លៃ តាម​រយៈ​ការ​ចូល​លេង​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន ។ ក្រុមហ៊ុន​ផ្សេង​ទៀត​អះអាង​ថា ផ្តល់​អាទិភាព​ជូន​ជន​ពិការ ដោយ​មិន​គិតថ្លៃ​ទាំង​ទៅ និង​មក ជា​រៀង​រហូត » ។

លោក​បញ្ជាក់​ថា ៖ « នៅ​ឆ្នាំ​នេះ ក្រុមហ៊ុន​មាន​ស្មារតី​ភ្ញាក់រលឹក គាត់​មិន​ចង់ឱ្យ​រាជរដ្ឋាភិបាល​សំណូមពរ​ដល់​ពួក​គាត់​ទៀត​ទេ កុំឱ្យ​តែ​ដល់​ពេល​បុណ្យ​ទាន រាជរដ្ឋាភិបាល​សំណូមពរ​ទៅ​ដល់​ពួក​គាត់ » ។

ទោះបី​មានការ​អះអាង​ពី​តំណាង​ក្រុមហ៊ុន​ថា មិន​ឡើងថ្លៃ​លក់​សំបុត្រ​រថយន្ត​នា​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ក្តី ប៉ុន្តែ​បើសិន​ដល់​ពេល​នោះ​រក​ឃើញ​ថា មាន​ក្រុមហ៊ុន​ណាមួយ​លក់​សំបុត្រ​ឡើងថ្លៃ លោក តូច ចាន់​កុសល ថ្លែង​ថា ៖ « ក្នុង​នាម​ក្រសួង យើង​នឹង​ពិចារណា​បញ្ហា​នេះ ។ លើស​ពី​នេះ បើសិន​ក្រុមហ៊ុន​ផ្តល់​សេវា​ដឹក​ជញ្ជូន​អ្នកដំណើរ​ណា ដែល​តែងតែ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ញឹកញាប់ ក្រសួង​នឹង​ចេញ​លិខិត​ព្រមាន​ទៅ​ក្រុមហ៊ុន​នោះ ប៉ុន្តែ​ផ្ទុយ​មក​វិញ បើ​ក្រុមហ៊ុន​ណាមួយ​ព្យាយាម​ផ្តល់​សេវា​ដឹក​ជញ្ជូន​អ្នក​ដំណើរ​បាន​ល្អ ក្រសួង​នឹង​រៀបចំ​លិខិត​សរសើរ និង​ប្រកាស​ជា​សាធារណៈ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​បានដឹង ក្នុង​ការ​ជ្រើសរើស​យក​ក្រុមហ៊ុន​មួយ​ដែល​ផ្តល់​សេវា​ល្អ និង​មិន​ធ្វើ​ឱ្យ​អ្នកដំណើរ​ព្រួយបារម្ភ » ៕