ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវវ័យ​សម័យ​ថ្មី​មិនសូវ​ចាប់អារម្មណ៍​លេងល្បែង​ប្រជាប្រិយ​ខ្មែរ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​ការ​អង្កេត​នៅ​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ យុវវ័យ​ហាក់​មិនសូវ​អើពើ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ កម្សាន្ត​ក្នុង​ឱកាស​មុន​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ទេ ។

រាជធានី​ភ្នំពេញ ៖ តាម​ការ​អង្កេត​នៅ​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ យុវវ័យ​ហាក់​មិនសូវ​អើពើ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ កម្សាន្ត​ក្នុង​ឱកាស​មុន​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ទេ ។

ល្បែង​ប្រជាប្រិយ​ខ្មែរ​បាន​ថមថយ​ប្រជាប្រិយភាព​នៅ​ដំណាក់កាល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្នុង​ពេល​បច្ចេកវិទ្យា និង​បរិបទ​សង្គម​ផ្លាស់​ប្តូរ ក្នុង​នោះ​ទំនោរ​ចិត្ត​របស់​យុវវ័យ​ក៏​មានការ​ប្រែប្រួល​ដែរ ។

តាម​ការ​តំណាល​ពី​ចាស់​ៗ​ថា ល្បែង​ប្រជាប្រិយ​ខ្មែរ​ត្រូវ​ប្រជាពលរដ្ឋ​ខ្មែរ​លើកយក​មក​លេង​កំ​ម្សា​ន្ត​តាំងពី​មុន​ចូល​ឆ្នាំ​ខ្មែរ​មក​ម្ល៉េះ ពោល​អាច​លេង​តាំងពី​១​ខែ ឬ​កន្លះ​ខែ​មុន​ចូល​ឆ្នាំ​ខ្មែរ​មក​ដល់ ។ ល្បែង​ប្រជាប្រិយ​ដែល​គេ​និយម​លេង​កំ​ម្សា​ន្ត​ខ្លាំង​ជាងគេ​មាន​ចោល​ឈូង ទាញព្រ័ត្រ លាក់​កន្លែង ។​ល​។ ប៉ុន្តែ​ល្បែង​ប្រជាប្រិយ​ខ្មែរ​ទាំងនេះ ក្នុង​យុគសម័យ​ទំនើប មិនសូវ​ទទួល​បានការ​ចាប់អារម្មណ៍​លេង​ពី​យុវវ័យ​ឡើយ តែ​ជំនួស​មក​វិញ​ដោយ​ការ​លេង​ល្បែងស៊ីសង ចាក់​បាស់​រាំ​លេង​យ៉ាង​ផុស​ផល​នៅ​តាម​ភូមិ ឃុំ ទៅ​វិញ ។

ល្បែង​ប្រជាប្រិយ​ខ្មែរ​ប្រឈម​នឹង​ការ​បាត់បង់​រូបរាង​ប្រសិនបើ​គ្មាន​ការ​បំផុស​ឲ្យ​នាំ​គ្នា​លេង​កំ​ម្សា​ន្ត​នោះ​ទេ ។

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ​រី សូត្រ រស់នៅ​ក្នុងភូមិ​ក្តី​កណ្តាល ស្រុក​ល្វាឯម ខេត្តកណ្តាល បាន​និយាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ពី​អតីតកាល​គាត់​ធ្លាប់​បាន​លេងល្បែង​ប្រជាប្រិយ​សប្បាយ​ណាស់ គឺ​គាត់​លេង​តាំងពី​មុន​ចូល​ឆ្នាំ​កន្លះ​ខែ និង​បាន​នាំ​គ្នា​លេង​នៅ​ថ្ងៃ​ចូល​ឆ្នាំ​៣​ថ្ងៃ​ពេញ​គ្មាន​ធ្វើ​អី​ទេ​ដល់​ថ្នាក់​អត់បាយ​អត់​ទឹក​ក៏​មាន​ដែរ ។
បើ​តាម​អ្នកស្រី​រី សូត្រ​ថា ល្បែង​ប្រជាប្រិយ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​មិនសូវ​មានការ​ផុលផុស​នៅ​ក្នុង​ការ​លេង​ទៀត​ឡើយ ទាំង​មនុស្ស​ចាស់ និង​យុវវ័យ ។ ក​ក្តា​នេះ​ទំនង​មក​ពី​យុវវ័យ​មិនសូវ​មូលមតិ​គ្នា​នៅ​ក្នុង​ប្រមូលផ្តុំ​លេង បូក​រួម​មនុស្ស​ចាស់​មួយ​ចំនួន​មិនសូវ​ជា​អើពើ​នាំ​យុវវ័យ​លេង ។

យុវជន​ឈ្មោះ​ជា ប្រុស ជា​បុគ្គលិក​បម្រើ​ការ​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ​អះអាង​ថា ល្បែង​ប្រជាប្រិយ​ខ្មែរ​រូបគេ​ពុំ​សូវ​មានការ​ចាប់អារម្មណ៍​ន​លេង​កម្សាន្ត​ឡើយ បើ​ទោះបីជា​គេ​ធ្លាប់​បាន​អង្គុយ​មើល​គេ​លេង​ក៏​ដោយ ។

ពុំ​មាន​មូលហេតុ​វែង​ឆ្ងាយ​ទេ យុវវ័យ​រូប​នេះ​បញ្ជាក់​ថា គេ​ហាក់​មិន​ចូល​ចិត្ត​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ឡើយ ប៉ុន្តែ​បើ​កីឡា​ផ្សេង​វិញ​ដូច​ជា​បាល់ទាត់ និង​បាល់ទះ​ចូល​ចិត្ត​លេង ។

យុវជន​វិ​ច្ចិ​កា ដែល​ជា​មន្ត្រី​ប៉ូលិស​មួយ​រូប​អះអាង​ថា ល្បែង​ប្រជាប្រិយ​ខ្មែរ គឺ​លោក​ក៏​ចូល​ចិត្ត​លេង​ដែរ នា​ឱកាស​ចូល​ឆ្នាំ​ខ្មែរ ប៉ុន្តែ​លើក​ក្តា​ពេលវេលា ទើប​លោក​មិន​អាច​ឆ្លៀតពេល​បាន​។ យ៉ាងណា​ក៏​ដោយ លោក​អាច​នឹង​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ខណៈ​ដែល​មាន​ពេល​គ្រប់គ្រាន់ ហើយ​មានការ​បបួល​នាំ​លេង​ពី​បណ្តាល​មិត្តភក្តិ​ព្រោះ​លោក​ក៏​ចូល​ចិត្ត​ដែរ ។

យុវ​វ​តី​ហ៊ិ​ន ម៉ា​ណែ​ត បុគ្គលិក​បម្រើ​ការ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​ឲ្យ​ដឹង​ថា នាង​ពេញចិត្ត​ល្បែង​ប្រជាប្រិយ​ខ្មែរ ប៉ុន្តែ​នាង​ហាក់​មានចិត្ត​អៀនខ្មាស់​បន្តិច​ក្នុង​ការ​ចូលរួម​លេង​កម្សាន្ត ។ ប៉ុន្តែ​នាង​អាច​នឹង​ចូល​លេង​បាន​ក្នុង​ពេល​ដែល​មានការ​នាំ​លេង និង​ស្រុះស្រួល​គ្នា​ចូល​លេង​ច្រើន ដោយ​មានការ​យោគយល់​គ្នា និង​ការ​សាមគ្គីភាព​ជា​មិត្តភក្តិ ។
មានការ​លើក​ឡើង​ថា មូលហេតុ​សំខាន់​យ៉ាង​ចំនួន​៣ អាច​ពន្យល់​ពី​ការ​ប្រែប្រួល​ដែល​ធ្វើ​ឲ្យ​មានការ​ថមថយ​ការ​ចូលរួម​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​នា​ឱកាស​ចូល​ឆ្នាំ​ខ្មែរ ក្នុង​នោះ​ទី​១៖ គឺ​កត្តាសេដ្ឋកិច្ច ទី​២៖ គឺ​ការ​ហូរ​ចូល​នៃ​វប្បធម៌​បរទេស និង​ទី​៣៖ គឺ​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា ។

ដំបូង​និយាយ​ពី​កត្តាសេដ្ឋកិច្ច ។ សព្វ​ថ្ងៃនេះ ដើម្បី​ទ្រទ្រង់​ជីវភាព ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ជា​យុវជន​បាន​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក ពី​ជនបទ​ទៅ​ទីក្រុង ឬ​ទៅ​ក្រៅប្រទេស ដើម្បី​រក​ប្រាក់​ចំណូល ។ អវត្តមាន​នៃ​យុវជន​ពី​ស្រុក​កំណើត​ដូច្នេះ​បាន​ធ្វើ​ឲ្យ​ភូមិឋាន​ស្ងប់ស្ងាត់ គ្មាន​សកម្មភាព​លេងល្បែង​ប្រជាប្រិយ​នៅ​ពេល​បុណ្យ​ទាន ម្ដង​ៗ ។

ក្រៅពី​ចំណាកស្រុក ភាព​មមាញឹក និង​ភាព​នឿយហត់​ពី​ការ​ប្រកប​របរ​រកស៊ី​ប្រចាំ​ថ្ងៃ​ដើម្បី​ជីវភាព ក៏​បង្ខំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​លះបង់​ចោល​ទម្លាប់​លេងល្បែង​ប្រជាប្រិយ​ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី ។ នេះ​សម្រាប់​អ្នក​ដែល​មិនសូវ​មាន​ជីវភាព​ធូរធារ ។ ចំណែក​អ្នក​ដែល​មាន​ជីវភាព​ធូរធារ ក៏​មិន​និយម​លេងល្បែង​ប្រជាប្រិយ​ដែរ ដោយ​និយម​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​តាម​រម​នី​យ​ដ្ឋា​ន​នានា​ជំនួស​វិញ ។

ខណៈ​ដែល​មិនសូវ​និយម​លេងល្បែង​ប្រជាប្រិយ យុវជន​ខ្មែរ​ភាគច្រើន​នាំ​គ្នា​ងាក​មក​រាំ​បទ​សម័យ​ទំនើប ញាក់​កន្ត្រាក់​អារម្មណ៍​វិញ ដើម្បី​អបអរ​ឆ្នាំ​ថ្មី ។ នេះ​សរ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ហូរ​ចូល​នៃ​វប្បធម៌​បរទេស​មក​ក្នុង​សង្គម​ខ្មែរ ហើយ​ដែល​យុវជន​ខ្មែរ​ភាគច្រើន ទទួល​មក​ប្រតិបត្តិ​យ៉ាង​គគ្រឹកគគ្រេង​ជាទី​បំផុត ។

ចំណែក​ពលរដ្ឋ​មួយ​ចំនួន​ទៀត ដ្បិតតែ​មិន​ភ្លើតភ្លើន​នឹង​វប្បធម៌​បរទេស​ក៏​ដោយ ក៏​មិនមែន​មាន​ន័យ​ថា ពួក​គាត់​ចាប់អារម្មណ៍​ចង់​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ដែរ ខណៈ​សព្វ​ថ្ងៃនេះ​បច្ចេកវិទ្យា​កាន់តែ​រីក​ចម្រើន ហើយ​ពលរដ្ឋ​មាន​ជម្រើស​កាន់តែ​សម្បូរ​បែប​ក្នុង​ការ​កំ​ម្សា​ន្ត ។ មិន​ដូច​ពី​សម័យ​មុន​ដែល​គ្មាន​អ៊ី​ន​ធើ​ណែ​ត គ្មាន​ទូរស័ព្ទ​ទំនើប តម្រូវ​ឲ្យ​ពលរដ្ឋ​នាំ​គ្នា​លេងល្បែង​ប្រជាប្រិយ ទើបបាន​សប្បាយ​នោះ​ឡើយ ។

ល្បែង​ប្រជាប្រិយ​ខ្មែរ ដែល​មាន​រហូត​ដល់​ទៅ​ជាង​២០​ទម្រង់ មិន​ត្រឹមតែ​មាន​ប្រយោជន៍​ពង្រឹង​សាមគ្គីភាព ធ្វើ​ឲ្យ​សប្បាយ មាន​សុខភាព​កម្លាំងកាយ និង​ស្មារតី​រឹង​មាំ​ទេ វា​ក៏​ជា​អត្តសញ្ញាណ​មួយ​របស់​ខ្មែរ ដែល​បន្សល់​ទុក​តាំងពី​បុរាណកាល​ដែរ ។ ការ​លើកតម្កើង​ល្បែង​ប្រជាប្រិយ​ខ្មែរ ចងក្រង​ជា​ឯកសារ ឬ​ចាក់​បញ្ចាំង​ការ​លេងល្បែង​នេះ​នៅ​តាម​កញ្ចក់​ទូរទស្សន៍ គឺជា​រឿង​ល្អ​មួយ ប៉ុន្តែ​ប្រសិនបើ​ជាក់ស្ដែង ល្បែង​អស់នេះ​គ្មាន​សកម្មភាព​លេង​ឲ្យ​បាន​ផុលផុស​ទេ នៅ​ទីបំផុត​វា​អាច​នឹង​បាត់បង់​ជាក់​ជា​ពុំខាន ៕