ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​បាក់​ច្រាំង​ទន្លេមេគង្គ​ក្រោម នៅ​តែ​បន្ត​គំរាមកំហែង​ក្នុងស្រុក​លើក​ដែក

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ក្រោម​ចំណុច​ឃុំ​ព្រែក​ទន្លាប់ ឃុំ​ព្រែក​ដាច់ ឃុំ​ពាម​រាំង ឃុំ​ខ្ពប​អា​ទាវ និង​ឃុំ​សណ្តារ ស្រុក​លើក​ដែក

ខេត្តកណ្តាល ៖ ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ក្រោម​ចំណុច​ឃុំ​ព្រែក​ទន្លាប់ ឃុំ​ព្រែក​ដាច់ ឃុំ​ពាម​រាំង ឃុំ​ខ្ពប​អា​ទាវ និង​ឃុំ​សណ្តារ ស្រុក​លើក​ដែក ខេត្តកណ្តាល​ជា​ច្រើន​គ្រួសារ បាន​បង្ខំចិត្ត​រុះរើ​ខ្លះរ​ត់ទៅ​សុំ​ដី​បងប្អូន​អ្នកស្រុក​សង់​កូនខ្ទម​ប្រក់​តង់​ស្នាក់​នៅ​បណ្តោះអាសន្ន ហើយ​ក៏​មានការ​ដាច់​ផ្លូវ​ថ្នល់ជាតិ​លេខ​១៤​ចូល​ទៅ​កាន់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​(​កម្ពុជា​.​វៀតណាម​) ក្អម​សំណ​មួយ​កន្លែង​ក្នុង​ឃុំ​ខ្ពប​អា​ទាវ​ជួសជុល​រយៈពេល​៣-៤​ឆ្នាំ​មិន​ទាន់​ហើយ ឥឡូវ​លែង​ឃើញ​ធ្វើ ទុក​ចោល​បណ្តាល​ឲ្យ​ច្រក​ទ្វារ​អន្តរជាតិ​មួយ​នេះ​មាន​សភាព​ស្ងប់ស្ងាត់​បាត់បង់​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​។

ទោះ​យ៉ាងណា​ច្រាំ​ទន្លេ​នៅ​តែ​បន្ត​បាក់​ធ្វើ​ឲ្យ​ផ្ទះ​ពលរ​ដ្ធ​ជា​ច្រើន​គ្រួសារ​ទៀត​កំពុង​មានការ​ព្រួយបារម្ភ ជា​ពិសេស​ផ្លូវ​ថ្នល់ជាតិ​លេខ​១៤​មួយ​កន្លែង​ទៀត​ត្រង់​ចំណុច​ភូមិ​ព្រែក​ដាច់ ឃុំ​ព្រែក​ទម្លាប់​ក៏​កំពុង​រង​ការ​គំរាមកំហែង​នៃ​គ្រោះ​បាក់​ច្រាំង​ទន្លេ ដោយ​បាន​បាក់​ដល់​ចិញ្ចើមថ្នល់​ដែរ​។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ក្រោម​ប្រឈម​នឹង​គ្រោះ​បាក់​ច្រាំង​ទន្លេ​បាន​លើក​ឡើង​ដូច​ៗ​គ្នា​ថា គ្រោះ​បាក់​ច្រាំង​ទន្លេ​នេះ​កើតឡើង​រយៈពេល​ប្រហែល​៥​ឆ្នាំ​ហើយ បាន​ធ្វើ​ឲ្យ​ផ្ទះ​ពលរដ្ឋ​រាប់រយ​គ្រួសារ​ត្រូវ​បង្ខំចិត្ត​រុះរើ​ជា​បន្តបន្ទាប់ និង​ដីស្រែ​ចម្ការ​បូក​រួម​ទាំង​ដី​លំនៅ​ឋាន​ម្នាក់​ៗ៥០០-៦០០​ម៉ែត្រ បាន​បាក់​ធ្លាក់​ចូល​ទៅ​ក្នុង​បាតទន្លេ​អស់​។

ពលរដ្ឋ​បន្ត​ទៀត​ថា បើ​អ្នកមាន​ដី​ខ្លួនឯង​ស្រួល​ទេ តែបើ​អ្នក​គ្មាន​ដី​ជួប​ការ​លំបាក​ខ្លាំង​ណាស់ ខ្លះទៅ​សុំ​ដី​គេ​សង់​កូនខ្ទម​នៅ​បណ្តោះអាសន្ន ហើយ​ខ្លះ​ទៀត​ក៏​ស៊ូទ្រាំ​រស់នៅ​ផ្សង​នឹង​គ្រោះថ្នាក់​ទោះបី​គ្រោះ​បាក់​ច្រាំង​ទន្លេ​បាន​បាក់​ជិត​ដល់​ជើង​សរសរ​ផ្ទះបាយ​ក៏​ដោយ ព្រោះ​ពួក​គាត់​ខ្លះ​លើក​ឡើង​ថា បើ​រុះរើ​ទៅ​មិនដឹង​ជា​ទៅ​នៅ​ទីណា​បើ​គ្មាន​បងប្អូន​មាន​ដី​នឹង​គេ​ផង​។ លោក នូវ សំណាង អភិបាលស្រុក​លើក​ដែក​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​សៀ​ល​ថ្ងៃ​ទី​១០ ខែមេសា​នេះ​ថា អាជ្ញាធរ​តែងតែ​យកចិត្តទុកដាក់​ចុះ​ជួយ​រុះរើ​ផ្ទះ​ពលរដ្ឋ​រង​គ្រោះ​បាក់​ច្រាំង​ទន្លេ​ជា​បន្តបន្ទាប់ ហើយ​ចំពោះ​ចំណុច​បាក់​ច្រាំង​ទន្លេ​ដល់​ចិញ្ចើម​ថ្នល់ជាតិ​លេខ​១៤​ត្រង់​ភូមិ​ព្រែក​ដាច់ ឃុំ​ព្រែក​ទម្លាប់​នេះ​គឺ​ខាង​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ចំនួន​២​ដង​ហើយ​។

ចំណែក​បាក់​ដាច់​ដល់​ថ្នល់ជាតិ​ត្រង់​ចំណុច​ឃុំ​ខ្ពប​អា​ទាវ ខាង​ជំនាញ​សិក្សា​ថា​ចាំ​ធ្វើ​ផ្លូវ​វាង​វិញ​។ រីឯ​ពលរដ្ឋ​ដែល​ទ្រាំ​រស់នៅ​ចំណុច​បាក់​ច្រាំង​ដោយសារ​ពួក​គាត់​គ្មាន​ដី​នៅ ដូច្នេះ​ទ្រាំ​រស់​ផ្សង​នឹង​គ្រោះថ្នាក់​ទៅ​។ ចំពោះ​បញ្ហា​នេះ​អាជ្ញាធរ​ស្រុក​បាន​ធ្វើ​របាយការណ៍​ទៅ​ខេត្ត​រួច​ហើយ ព្រោះ​លើស​សមត្ថភាព​ស្រុក​ដោះស្រាយ​ជូន​ពួក​គាត់​៕