ខេត្តស្វាយរៀង ៖ បច្ចុប្បន្ននេះ ឈ្មួញវៀតណាមកំពុងសម្រុកដឹកទំនិញចូលតាមច្រករបៀងផ្លូវតាណេង ដោយមិនអើពើនឹងបម្រាមរបស់មន្ត្រីកាំកុងត្រូលដែលប្រាប់សមត្ថកិច្ចឈរជើងតាមច្រករបៀងទាំងអស់ កុំអនុញ្ញាតឱ្យឈ្មួញវៀតណាមនាំខ្ទឹមសខ្ទឹមក្រហមចូលពីប្រទេសវៀតណាមដោយខុសច្បាប់ មកក្នុងទឹកដីខេត្តស្វាយរៀងជាដាច់ខាត ។
បើតាមមន្ត្រីសាខាកាំកុងត្រូលនិយាយថា ខ្ទឹមសខ្ទឹមក្រហមនៅប្រទេសវៀតណាម មានសារធាតុគីមីពុលកម្រិតខ្ពស់ បើបរិភោគនឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ប៉ះពាល់ដល់បេះដូង ធ្វើឱ្យថប់អារម្មណ៍ និងស្ពឹកស្រពន់រាងកាយ ។
មានការស្តីបន្ទោសថា ការនាំចូលនេះគឺជាការទទួលខុសត្រូវរបស់លោក មុំ ដារ៉ា ប្រធានប៉ុស្តិ៍ច្រករបៀងផ្លូវតាណេង ស្ថិតនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ដែលអាចឃុបឃិតឱ្យឈ្មួញវៀតណាមនាំចូលខ្ទឹមសខ្ទឹមក្រហមរាប់តោនក្នុងមួយថ្ងៃៗ ហើយនេះក៏ជាការផ្គើននឹងអនុសាសន៍សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបម្រាមរបស់មន្ត្រីកាំកុងត្រូល ។
ប្រភពពីអ្នករកសុីឆ្លងកាត់តាមច្រករបៀងផ្លូវតាណេងនិយាយថា ប្រមាណកន្លះខែចុងក្រោយនេះ ឈ្មួញវៀតណាមបានសម្រុកដឹកខ្ទឹមសខ្ទឹមក្រហម ចូលតាមច្រករបៀងផ្លូវតាណេងក្នុងមួយថ្ងៃៗរាប់សិបតោន ដោយដឹកតាមរថយន្តទួរីស គោយន្ត រ៉ឺម៉កម៉ូតូ និងតាមរថយន្តក្រុមហ៊ុនដោយបិទទ្រុងជិតៗ។
ខ្ទឹមសខ្ទឹមក្រហមមួយចំនួន ដឹកចូលក្រុងបាវិត ក្រុងស្វាយរៀង និងតាមផ្សារនានាក្នុងខេត្តស្វាយរៀង និងរថយន្តបិទទ្រុងជិតមានយីហោក្រុមហ៊ុន គឺដឹកឆ្ពោះទៅរាជធានីភ្នំពេញ ។
ប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា កាលដើមឆ្នាំ២០១៧នេះ ខ្ទឹមស១គីឡូក្រាមថ្លៃ៥ពាន់ទៅ៦ពាន់រៀល ក៏ប៉ុន្តែចាប់តាំងពីខែកុម្ភៈមក ខ្ទឹមស១គីឡូក្រាមឡើងដល់១ម៉ឺនរៀល និងមកដល់ខែមេសានេះ១គីឡូក្រាមថ្លៃ១២.០០០រៀល ។
បើតាមលោក ណាល់ វិចិត្រ ប្រធានសាខាកាំកុងត្រូលខេត្ត មានប្រសាសន៍ថា លោកបានដឹកនាំមន្ត្រីសាខាចុះត្រួតពិនិត្យមុខទំនិញតាមច្រករបៀង និងផ្សព្វផ្សាយឱ្យសមត្ថកិច្ចដែលឈរជើងតាមច្រករបៀងព្រំដែន បញ្ឈប់កុំឱ្យឈ្មួញនាំចូលខ្ទឹមសខ្ទឹមក្រហមពីប្រទេសវៀតណាមតាមច្រករបៀងខុសច្បាប់ជាដាច់ខាត រហូតដល់មានការណែនាំជាថ្មី ។ លោកបានចាត់មន្ត្រីឱ្យចុះទៅពិនិត្យមើល ក៏ប៉ុន្តែពួកឈ្មួញបានបើករថយន្តត្រាក់ទ័រ និងរ៉ឺម៉កម៉ូតូចូលបាត់អស់ទៅៃហើយមិនបានពិនិត្យទេ ។
ចំណែកលោក សេង សិលា អភិបាលក្រុងបាវិត មិនអាចសុំការបំភ្លឺបានទេ ដោយសារទូរស័ព្ទចូលហើយគ្មានអ្នកទទួល ៕
ចែករំលែកព័តមាននេះ