ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ឡ​ស្លា.ប់​2​នាក់​របួស​5​នាក់ បានដឹង​ថា សិប្បកម្ម​ពុំ​មានច្បាប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មានមនុស្ស​២​នាក់​បាន​ស្លា.ប់​យ៉ាង​អាណោចអាធ័ម និង​៥​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​និង​ស្រាល

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មានមនុស្ស​២​នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម និង​៥​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​និង​ស្រាល ក្នុងហេតុការណ៍​ផ្ទុះ​បំពង់​ឡ​ចំហាយ​ដ៏​ធំ​នៅ​រោង​សិប្បកម្ម​ពុម្ព​សម្លៀក​បំពាក់​មួយ​កន្លែង គ្មាន​យីហោ ស្ថិត​ក្នុងភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែមេសា  ។ នេះ​ជា​សោកនាដកម្ម​មួយ​ថ្មី​ទៀត បន្ទាប់​ពី​ការ​ផ្ទុះ​ឡ​ចំហាយ​ក្នុង​រោងចក្រ កាលពី​ខែ​មុន ដែល​ប៉ើង​បំពង់​ថ្ម​ធ្លាក់​សង្កត់​លើ​កម្មការិនី​កំពុង​អង្គុយ​ហូប​បាយ​ថ្ងៃត្រង់ បណ្តាល​ឲ្យ​ស្លាប់​គួរ​ឱ្យ​សង្វេគ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់ ម្នាក់​ឈ្មោះ សឿ​ត ផល ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​សន្តិសុខ​យាម​រោងចក្រ មានស្រុក​កំណើត នៅ​ភូមិ​បឹង​ខ្នារ ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្តពោធិ៍សាត់ និង​ម្នាក់​ទៀត​ឈ្មោះ គង់ ផា​ន្នី ភេទ​ស្រី អាយុ​៦១​ឆ្នាំ ជា​កម្មករខាង​អនាម័យ ។ ដោយឡែក​ជន​រង​គ្រោះប្រុស​ស្រី​៥​នាក់​ទៀត ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​សង្គ្រោះ
នៅ​តាម​មន្ទីរពេទ្យ​ផ្សេង​ៗ​គ្នា និង​ពុំ​ទាន់​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ។

មន្ត្រី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ម្ចាស់​ទីតាំង​សិប្បកម្មឈ្មោះ ហៀ​ក ធា ភេទ​ស្រី អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។ ស្ត្រី​ជា​ម្ចាស់​ទីតាំង​នេះ មាន​ភាគហ៊ុន​ជាមួយ​ជនជាតិ​ចិន​ម្នាក់​ដែល​ស្នាក់​នៅ​ឯ​ប្រទេស​ចិន ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា មុន​ពេល​មាន​ហេតុការណ៍​ផ្ទុះ​នេះ ក្រុម​កម្មករ​ដែល​ធ្វើការ​សរុប​នៅ​សិប្បកម្ម​ខាងលើមាន​ជាង​២០​នាក់ បាន​នាំ​គ្នា​ចេញ​ទៅ​រក​ហូបបាយ​ទឹក​អស់ហើយ នៅ​សល់​តែ​៦​ទៅ​៧​នាក់រួម​មាន​ទាំង​កម្មករ​អនាម័យ និង​សន្តិសុខ​ផង​កំពុង​បង្ហើយ​ការងារ ។

ខណៈនោះ បំពង់​ឡ​ចំហាយ​ទាំង​២​មិន​ទាន់ត្រូវ​បាន​បន្ថយ​ភ្លើង​កម្តៅ​ដោយ​ដុត​អុស​នៅឡើយ​ទេ ហើយ​ស្រាប់តែ​ឡ​មួយ​ក្នុង​ចំណោម​ឡ​ទាំង​២ បាន​ផ្ទុះ​បណ្តាល​ឱ្យ​បញ្ចេញ​កម្លាំង​ចំហាយ​ខ្យល់​ដ៏​ខ្លាំង​ប៉ើង​យុវជន​ជា​សន្តិសុខ​ដែលកំពុង​ឈរ​យាម​នៅ​ក្បែរ​ឡ​នោះ ខ្ទាត​ផ្ទប់​ទៅ​នឹង​ជ​ញ្ចាំ​ងរ​បង​ថ្ម​បែកក្បាល​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង ។ ដោយឡែក​មនុស្ស​ចំនួន​៦​នាក់​ផ្សេង​ទៀត​ដែល​នៅ​ក្បែរ​នោះ ក៏​ខ្ទាត​បំណែក​ឡ​ប៉ះ​ចំ​ត្រូវ​រង​របួសធ្ងន់ ស្រាល​ដែរ ក្នុង​នោះ​លោក​ស្ត្រី​ចំណាស់​ម្នាក់​ជា​កម្មករ​អនាម័យ រង​របួស​ខ្ទេច​ជើង​ទាំង​២ និង​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។ ចំណែក​របង​ថ្ម ដំបូល​ដែក និង​សម្ភារ​មួយ​ចំនួន​ធំ បាន​រង​ការ​ខូចខាត​ធ្ងន់​ដែរ ។

តាម​ស្ត្រី​ម្ចាស់​ទីតាំង​ឱ្យ​ដឹង​ថា ឡ​ចំហាយ​នេះ​គឺ​ប្រើ​សម្រាប់​រំហួត​យក​កម្តៅ​ខ្យល់ ដើម្បី​ធ្វើ​ពុម្ព​សម្លៀក​បំពាក់​ឱ្យ​ស្ងួត​ស្អាត និង​ខោអាវ​ខ្លះ​អាច​លាយឡំ​ពណ៌​ចូល​គ្នា​បាន​ស្អាត​ល្អ ។ ឡ​នេះ​ប្រើប្រាស់​កម្តៅភ្លើង​អុស លាយឡំ​ជាមួយ​ទឹក​បន្តិច និង​ចរន្តអគ្គិសនី​ភ្ជាប់​ជាមួយ​កង្ហារ ដើម្បី​បក់​ភ្លើង​ឱ្យ​ឆេះ​ខ្លាំង​ក្នុង​ការ​បង្កើន​កម្តៅ​ខ្យល់​ចំហាយ​ឱ្យ​កាន់តែ​ខ្លាំង ។
សូម​បញ្ជាក់​ថា ក្រោយ​កើតហេតុ ស្ត្រី​ជា​ម្ចាស់​ទីតាំង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម ។

អធិការរង​នគរបាល​ខណ្ឌមានជ័យ លោក ហួរ ម៉េ​ង​វ៉ាង ឱ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​៧ ខែមេសា មុន​កើតហេតុ​មួយ​ថ្ងៃ ឡ​ដែល​ផ្ទុះ​ខាងលើ បាន​ធ្លាយ​ហៀរ​ចំហាយ​ចេញ​មក​ក្រៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​កម្មករ​ម្តង​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​មេការ​មក​ជួសជុល​រួចរាល់​នៅ​យប់​ថ្ងៃ​ដដែល​នោះ ។ លុះ​ព្រឹក​ឡើង ម៉ោងជាង​១០ ឡ​នោះ​ក៏​ស្រាប់តែ​ផ្ទុះ​បណ្តាល​ឱ្យ​មាន​សោកនាដកម្ម​ស្លាប់​និង​របួស​មនុស្ស​បែប​នេះ​តែ​ម្តង ចំណែក​បុរស​ជា​មេការ និង​ជា​អ្នក​ដែល​អាច​ទទួលខុសត្រូវ​បាន​រត់គេច​ខ្លួន ។

ទីតាំង​កើតហេតុ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញកោសល្យវិច័យ​ចុះ​ពិនិត្យ​សព​និង​កន្លែង​ខូចខាត ។ ក្រោយ​ពី​ពិនិត្យ​រួច សព​ជន​រង​គ្រោះ​ទាំង​២​នាក់ ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ជុំវិញ​ករណី​ខាងលើ​នេះ លោក ហ៊ុយ វី​រៈ នាយក​រដ្ឋបាល​សាលា​ខណ្ឌមានជ័យ ឱ្យ​ដឹង​ថា ក្រោយ​ការ​ពិនិត្យ​យ៉ាង​ល្អិតល្អន់​មក​ឃើញ​ថា ទីតាំង​សិប្បកម្ម​នេះ ពុំ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​មន្ទីរ​ជំនាញ ឬ​ក្រសួង​ពាក់ព័ន្ធ​ឡើយ​។ ដូច្នេះ​ហើយ ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ​រួចរាល់អាជ្ញាធរ​នឹង​សម្រេច​បិទ​ទីតាំង​អាជីវកម្ម​នេះ​ជា​បណ្តោះអាសន្ន​សិន ។

បើ​យោង​តាម​មន្ត្រី​សាលា​ខណ្ឌ​ថា ទីតាំង​នេះ​អត់​មានច្បាប់​អនុញ្ញាត តែ​បែរជា​គេ​ធ្វើ​អាជីវកម្ម​បាន ដែល​មិនដឹង​ថា ​ជា​កំហុស​ខាង​ណា​ទេ លុះដល់​ពេល​មាន​គ្រោះថ្នាក់​កើតឡើង ទើប​ដឹង​ថា​ពុំ​មានច្បាប់ ។ ការ​រង​គ្រោះ​របស់​កម្មករ​ដោយសារ​ការ​ផ្ទុះ​ឡ​ចំហាយ គប្បី​ជា​ការ​ដាស់តឿន​ដល់​ស្ថាប័ន​ជំនាញ គួរ​មាន​ស្មារតី​ទទួលខុស​ត្រូវ ដោយ​មិនមែន​ចាប់​ត្រឹម​កម្មករ​ដូច​រោងចក្រ​មុន​នោះ​ទេ គឺ​អ្នក​ទទួលខុសត្រូវ ក៏​ត្រូវ​តែ​ទទួលខុស​ដូច​គ្នា ៕