ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ២០២៣ ពលរដ្ឋកម្ពុជាម្នាក់ មានចំណូល​កើនដល់ ១៩២៤ដុល្លារ​ ខណៈសេដ្ឋកិច្ច​កម្ពុជា បន្តកើនឡើងដល់ ៦,៦%

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានប្រកាសការរំពឹងទុកថា ពលរដ្ឋកម្ពុជាម្នាក់ នៅឆ្នាំ២០២៣ ប្រាក់ចំណូល​នឹងកើនឡើងដល់ ១៩២៤ដុល្លារអាម៉េរិក​ ខណៈនៅឆ្នាំ២០២២ នេះ ប្រាក់ចំណូលពលរដ្ឋកម្ពុជាម្នាក់…

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានប្រកាសការរំពឹងទុកថា ពលរដ្ឋកម្ពុជាម្នាក់ នៅឆ្នាំ២០២៣ ប្រាក់ចំណូល​នឹងកើនឡើងដល់ ១៩២៤ដុល្លារអាម៉េរិក​ ខណៈនៅឆ្នាំ២០២២ នេះ ប្រាក់ចំណូលពលរដ្ឋកម្ពុជាម្នាក់ មានត្រឹមតែ ១៧៨៥ដុល្លារ​អាម៉េរិកប៉ុណ្ណោះ។

នៅឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា ក៏ត្រូវបានរាជរដ្ឋាភិបាល ព្យាករថា នឹងសម្រេចបានអត្រាកំណើន ក្នុងរង្វង់ ៦,៦% ខណៈដែលកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២២ នេះ ត្រូវបានរាយតម្លៃថា នឹងបន្តនិន្នាការ​កើនឡើងធៀបនឹងកំណើននៅឆ្នាំ២០២១ ដោយសម្រេចកំណើនក្នុងអ​ត្រា​ប្រមាណ ៥,៤%​។

រាជរដ្ឋាភិបាល កត់សម្គាល់ថា ទោះបីជាទទួលរងផលប៉ះ​ពាល់ពីវិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនយ៉ាងណាក្តី ប៉ុន្តែ​សេដ្ឋកិច្ច​កម្ពុជា នៅតែបន្តកើនឡើង ដោយសារតែការបន្តភាពល្អប្រសើរនៃតម្រូវការខាងក្រៅ និងស្របពេល ដែលសកម្មភាព​សេដ្ឋកិច្ចក្នុងស្រុក បានវិលត្រឡប់​មករក​ប្រក្រតីភាព​វិញ បន្ទាប់ពី​ការប្រកាស​បើកប្រទេស​ឡើងវិញ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមក​។

កំណើនប្រាក់ចំណូល​របស់ពលរដ្ឋកម្ពុជា រួមទាំង​កំណើនសេដ្ឋកិច្ចកម្ពុជា​ខាងលើនេះ ត្រូវបាន​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុង​ខ្លឹមសារ​សង្ខេប​ប្រតិបត្តិ ស្តីពី សេចក្តីព្រាង​ច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៣ ត្រូវបានគណៈរដ្ឋមន្ត្រី ប្រជុំអនុម័ត​ កាលពីព្រឹកថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២។

សេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២៣ ត្រូវបានរាជរដ្ឋាភិបាល គ្រោងចំណាយសរុប ចំនួន ៣៩ ២០៦ ២០៥លានរៀល ស្មើប្រមាណ​ ៩៤០៨​លានដុល្លារអាម៉េរិក ស្មើនឹង ២៩,៨៧% នៃផ.ស.ស។ ថវិកជាតិ ឆ្នាំ២០២៣ មានកំណើន ១៣% ធៀបនឹង​ឆ្នាំ២០២២​។

តាមរាជរដ្ឋាភិបាល ថវិកាជាតិ ឆ្នាំ២០២៣ គ្រោងចំណាយច្រើនដូច្នេះ ដោយសារតែនៅឆ្នាំ២០២៣ កម្ពុជាត្រូវរៀបចំការបោះឆ្នោតជាតិផង និងកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ​ការប្រកួតកីឡាស៊ីហ្គេម ផងដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ