ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វាយប្រហារ​ព្រះ​វិហារ​គ្រឹ​ស្ត​2​​ស្លា.ប់​44​នាក់

7 ឆ្នាំ មុន

ការ​វាយប្រហារ​ដោយ​គ្រឿងផ្ទុះ​២​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​កាលពី​ថ្ងៃ​ទី​៩ មេ​សា ប្រឆាំង​ព្រះ​វិហារ​គ្រឹ​ស្ត​២​នៅ​អេ​ហ្ស៊ី​ប បណ្តាល​ឱ្យ​

ការ​វាយប្រហារ​ដោយ​គ្រឿងផ្ទុះ​២​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​កាលពី​ថ្ងៃ​ទី​៩ មេ​សា ប្រឆាំង​ព្រះ​វិហារ​គ្រឹ​ស្ត​២​នៅ​អេ​ហ្ស៊ី​ប បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៤៤​នាក់ និង​របួស​ប្រមាណ​ជា​១០០​នាក់ ។

ការ​ផ្ទុះ​លើក​ដំបូង​គឺ​ក្នុង​ព្រះ​វិហារ​គ្រឹ​ស្ត TANTA នៅ​តំបន់​ដីសណ្ត​ទន្លេ​នី​ល ហើយ​ការ​ផ្ទុះ​ទី​២​នៅ​មុខ​ព្រះ​វិហារ​គ្រឹ​ស្ត​មួយ​នាទី​ក្រុង​អា​ឡិច​សាន់​ឌ្រី ។ ការ​វាយប្រហារ​សំដៅ​ព្រះ​វិហារ SAINT MARC ក្រុង​អា​ឡិច​សាន់​ឌ្រី ជាទី​តាំង​ប្រវត្តិសាស្ត្រ​របស់​សាសនា​គ្រឹ​ស្ត​អ័​រ​តូ​ដុក ត្រូវ​បាន​ទូរទស្សន៍​រដ្ឋ​អេ​ហ្ស៊ី​ប​រាយការណ៍​ថា ជា​ស្នាដៃ​របស់​ជន​អត្តឃាត​ម្នាក់ ។ ចំណែក​ប្រភព​នៃ​ការ​ផ្ទុះ​ក្នុង​ព្រះ​វិហារ TANTA នៅ​ពុំ​ទាន់​បញ្ជាក់​នៅឡើយ ។ ការ​វាយប្រហារ​ភេរវកម្ម​ទាំង​២​នេះ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​មតា​មរយៈ​ទីភ្នាក់ងារ​ព័ត៌មាន​របស់​គេ AMAQ ។

សាក្សី​ម្នាក់ លោកស្រី VIVIANE FARIG ដែល​មាន​វត្តមាន​ក្នុង​ព្រះ​វិហារ SAINT GEORGES ក្រុង TANTA និយាយ​ថា មានការ​ផ្ទុះ​យ៉ាង​ខ្លាំង​មួយ​រួច​មាន​អណ្តាតភ្លើង ព្រមទាំង​ផ្សែង​ពាសពេញ ហើយ​បណ្តា​អ្នក​របួស​សុទ្ធតែ​ធ្ងន់ធ្ងរ ។ ខ្ញុំ​ឃើញ​ពោះវៀន​របស់​បណ្តា​អ្នក​របួស ហើយ​មនុស្ស​មួយ​ចំនួន​ត្រូវ​ដាច់​ដៃ​ដាច់​ជើង ។

ក្រសួងសុខាភិបាល​អេ​ហ្ស៊ី​ប​រៀបរាប់​ពី​តុល្យការ​បណ្តោះអាសន្ន​ពី​អ្នក​ស្លាប់​២៧​នាក់ និង​របួស​៧៨​នាក់​នៅ​ក្រុង TANTA ។ រួច​ការ​ផ្ទុះ​នៅ​ទីក្រុង​អា​ឡិច​សាន់​ឌ្រី ដែល​កើត​មាន​ច្រើន​ម៉ោង​បន្ទាប់​ពី​ការ​ផ្ទុះ​ដំបូង បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១៧​នាក់ ក្នុង​នោះ​មាន​ប៉ូលិស​៣​នាក់ និង​របួស​៤៨​នាក់ ។

ការ​ផ្ទុះ​ទាំងនេះ​ពេល​កំពុង​មានការ​សូត្រធម៌​កើត​មាន​មួ​យស​ប្តា​ហ៍​មុន​បុណ្យ​គ្រឹ​ស្ត PÂQUE ។ សម្តេច​ប៉ាប​ហ្វ្រ​ង់​ស្វ័​រ ដែល​ត្រូវ​ទៅ​កាន់​អេ​ហ្ស៊ី​ប​ចុងខែ​នេះ បាន​បរិហារ​ការ​វាយប្រហារ​ទាំងនេះ​ថា ជា​អំពើ​ភេរវកម្ម ។

ប្រធានាធិបតី​អេ​ហ្ស៊ី​ប លោក​អាប់​ដែល​ហ្វា​តា​ហ៍ អាល់​ស៊ី​ស​ស៊ី បាន​កោះ​ប្រជុំ​បន្ទាន់​ក្រុមប្រឹក្សា​ការពារ​ជាតិ ចំណែក​បណ្តា​ភ្នាក់ងារ​របស់​លោក​ប្រកាស​ថា កងទ័ព​ទទួលបញ្ជា​ឱ្យ​ដាក់​ពង្រាយ​នៅ​តំបន់​វាយប្រហារ​ដើម្បី​ជួយ​ប៉ូលិស ហើយ​ការពារ​បណ្តា​ទីតាំង​យុទ្ធសាស្ត្រ ។ ក្នុង​សេចក្តី​ប្រកាស​មួយ​លោក​អះអាង​ថា ការ​វាយប្រហារ​នេះ​នឹង​កាន់តែ​ពង្រឹង​ថែម​ទៀត​ការ​ប្តេជ្ញា​ចិត្ត​របស់​ពលរដ្ឋ​អេ​ហ្ស៊ី​ប ដើម្បី​បោះ​ជំហាន​ឆ្ពោះទៅ​រក​សន្តិសុខ ស្ថេ​រ​ភាព និង​ការ​អភិវឌ្ឍន៍ ។

ប្រធានាធិបតី​អេ​ហ្ស៊ី​ប​នា​ថ្ងៃ​ទី​៩ មេ​សា នោះ​បាន​ប្រកា​សភាព​អាសន្ន​នៅ​អេ​ហ្ស៊ី​ប​ក្រោយ​ការ​វាយប្រហារ​ទាំង​២​នេះ ។ ការ​ប្រកាស​ជា​មហោឡារិក​នេះ​របស់​ប្រមុខរដ្ឋ​អេ​ហ្ស៊ី​ប​តាម​ទូរទស្សន៍​នៅ​ត្រូវ​អនុម័ត​ដោយ​សភា ។ ការ​ប្រកាស​អាសន្ន​នេះ មាន​រយៈពេល​៣​ខែ ហើយ​លោក​បញ្ជាក់​ថា នេះ​ជា​វិធានការ​ដើម្បី​ការពារ និង​ថែរក្សា​ប្រទេស ។
សាសនិក​គ្រឹ​ស្ត​អ័​រ​តូ​ដុក​អេ​ហ្ស៊ី​ប​តំណាង​ឱ្យ​ប្រមាណ​ជា​១០% នៃ​ប្រជាជន​អេ​ហ្ស៊ី​ប​ជា​ប្រទេស​មាន​ប្រជាជន​សរុប​៩០​លាន​នាក់ ។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពួក​គ្រឹ​ស្ត​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​ភេរវកម្ម​ជា​ច្រើន​ដូច​ជា​ការ​វាយប្រហារ​អត្តឃាត​ក្នុង​ព្រះ​វិហារ​គ្រឹ​ស្ត​ក្រុង​គែរ​កាលពី​ខែធ្នូ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២៥​នាក់ និង​របួស​៤៩​នាក់ ហើយ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែរ ៕