ខេត្តបន្ទាយមានជ័យ ៖ បើតាមប្រភពច្បាស់ការពីសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឲ្យដឹងថា លោក សេម មករា នាយផ្នែកសេនាធិការនគរបាលអន្តោប្រវេសន៍ត្រូវបានលោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ បាញ់ពីក្រោយ១គ្រាប់តែសំណាងល្អបានត្រឹមតែត្រូវស្មាបន្តិចធ្វើឱ្យរួចផុតជីវិត ។ ហេតុការផ្ទុះអាវុធខាងលើបានកើតឡើងកាលពីម៉ោង ៨ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ នៅក្នុងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ថ្វីត្បិតរឿងរ៉ាវខាងលើប្រភពមិនទាន់ដឹងដើមចមថា បណ្តាលមកពីអ្វីតែបើតាមលោកវរសេនីយ៍ត្រី សេម មករា ប្រាប់តាមទូរស័ព្ទថា លោកត្រូវបានលោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ បាញ់ពីក្រោយ១គ្រាប់មែនកាលពីម៉ោងជាង៨ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ នៅក្នុងអង្គភាពប៉ុន្តែលោកថា សំណាងល្អគ្រាន់តែរបួសស្មាបន្តិចតែប៉ុណ្ណោះ ។ លោកបានបន្តប្រាប់ថា ដើមចមនៃរឿងគឺមានមន្ត្រីក្រោមឪវាទមានកំហុសតិចតួចលោកហៅអប់រំដឹងអីលោក ឈានពិសិដ្ឋ ដើរមកពីក្រោយបាញ់លោកតែម្តងទំនងជាខឹងថា លោកអប់រំប៉ះមនុស្សរបស់គេ ។
លោក សេម មករា ប្រាប់ថា លោកនឹងដាក់បណ្តឹងទៅថ្នាក់ដឹកនាំដើម្បីទាមទាររកយុត្តិធម៌ ។ ករណីរងការចោទប្រកាន់ខាងលើលោក ឈាន ពិសិដ្ឋ មិនអាចទាក់ទងសុំការបំភ្លឺបានទេដោយទូរស័ព្ទរបស់លោកចុចមិនចូលជាច្រើនដង ខណៈប្រភពពីសមត្ថកិច្ចនិយាយថា ក្រោយកើតមានបញ្ហាជនបង្កររូបនេះបានចេញពីកម្ពុជាទៅប្រទេសថៃមិនទាន់វិលត្រឡប់នៅឡើយទេ ។ ជុំវិញបញ្ហាខាងលើលោកឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ព្រំដែនច្រកទ្វារអន្តរជាតិប៉ោយប៉ែតមិនអាចទាក់ទងសុំការបំភ្លឺបានទេនៅរសៀលថ្ងៃដដែលនេះ ។
គួរបញ្ជាក់ថា លោកវរសេនីយ៍ ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍រូបនេះកន្លងមកធ្លាប់បានសង្គមហ្វេសប៊ុករិះគន់ឥតសំចៃថា លោកធ្វើពុធជាសន្លប់ក្នុងករណីលោកចោទប្រកាន់ប្រធានសមាគមន៍ពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា CEIRA គឺលោក ឌិន ពុទ្ធី បើករថយន្តបុកបណ្តាលឲ្យសន្លប់លើស្ពានមិត្តភាពកម្ពុជា-ថៃនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត ៕
ចែករំលែកព័តមាននេះ