ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិន្នផល​ម្រេច​ទទួល​បាន​ជាទី​គាប់ចិត្ត តែ​បែរជា​តម្លៃ​ធ្លាក់​ចុះ​ពាក់កណ្តាល

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ រដូវ​ប្រមូល​ផល​ម្រេច​បាន​មក​ដល់ ធ្វើ​ឲ្យ​ប្រជា​កសិករ​សប្បាយ​រីករាយ ខណៈ​ទិន្នផល​ទទួល​បាន​គួរ​ជាទី​ពេញចិត្ត ប៉ុន្តែ​បែរជា​ខកបំណង​ព្រោះតែ​តម្លៃ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ពី​១០០%​មក​នៅ

ខេត្តមណ្ឌលគិរី ៖ រដូវ​ប្រមូល​ផល​ម្រេច​បាន​មក​ដល់ ធ្វើ​ឲ្យ​ប្រជា​កសិករ​សប្បាយ​រីករាយ ខណៈ​ទិន្នផល​ទទួល​បាន​គួរ​ជាទី​ពេញចិត្ត ប៉ុន្តែ​បែរជា​ខកបំណង​ព្រោះតែ​តម្លៃ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ពី​១០០%​មក​នៅ​ត្រឹម​ពី​៥០%​ទៅ​៦០% ពី​តម្លៃ​កាលពី​ឆ្នាំ​២០១៦ ។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៩ មីនា កសិករ​ម្នាក់​បាន​និយាយ​ថា តម្លៃ​ម្រេច​ស្ងួត​ក្នុងស្រុក​កែវ​សីមា លក់​បាន​ត្រឹមតែ​២​ម៉ឺន​រៀល គ្រា​ដែល​ម្រេច​នៅ​ខាង​ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​អូរ​រាំង បាន​តម្លៃ​ត្រឹមតែ​១​ម៉ឺន​៨​ពាន់ ឬ​១​ម៉ឺន​៩​ពាន់​រៀល​ក្នុង​១​គីឡូក្រាម​ប៉ុណ្ណោះ ។ បើ​ធៀប​ជាមួយ​ឆ្នាំ​មុន​ៗ​គឺ​ខុស​គ្នា​រហូត​ដល់​ជាង​ពាក់កណ្តាល ពោល​គឺ​ឆ្នាំ​២០១៦​ម្រេច​ស្ងួត​១​គីឡូក្រាម​មាន​តម្លៃ​រហូត​ដល់​៤​ម៉ឺន​រៀល ។

ពាក់ព័ន្ធ​នឹង​បញ្ហា​តម្លៃ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នេះ​ដែរ កសិក​ម្នាក់​នៅ​ស្រុក​ពេ​ជ្រា​ដា​ឈ្មោះ សៅ សាន បាន​និយាយ​ថា តម្លៃ​ម្រេច​កាលពីដើម​ខែមីនា លក់​បាន​២​ម៉ឺន​២​ពាន់​រៀល​ក្នុង​១​គីឡូក្រាម ប៉ុន្តែ​បច្ចុប្បន្ន​គេ​លក់​ក្រោយ​ៗ​នេះ គឺ​បាន​តែ​១​ម៉ឺន​៨​ពាន់​រៀល​ប៉ុណ្ណោះ ។ លោក សៅ សាន បន្ត​ថា ម្រេច​លោក​បាន​ខូច​អស់ ជិត​១​ពាន់​ជន្លង់​ដោយសារ​តែ​ការ​ប្រែប្រួល​អាកាសធាតុ នាំ​ឱ្យ​មាន​ជំងឺផ្សិត​និង​ងាប់​ដើម ត្រូវ​ប្រឈម​នឹង​ការ​ខាតបង់​រាប់​ពាន់​ដុល្លារ​អា​មេ​រិ​ក ។

ជាមួយ​គ្នា​នេះ​លោក ភា កសិករ​ក្នុងស្រុក​កែវ​សីមា បាន​ប្រាប់​ថា លោក​កំពុង​តែ​ប្រមូល​ផល​ម្រេច​ដោយ​ហាល​ស្ងួត​ឈ្មួញ​ខ្មែរ​ចូល​ទិញ​ក្នុង​១​គីឡូក្រាម​២​ម៉ឺន​រៀល ដើម្បី​យក​ទៅ​លក់​បន្ត​នៅ​ប្រទេស​ថៃ ។ លោក ភា បញ្ជាក់​ថា ម្រេច​របស់​លោក ក៏​ឆ្លង​ជំងឺ​មួយ​ចំនួន​បណ្តាល​ឲ្យ​ងាប់​ខាតបង់​ប្រាក់​អស់​ជា​ច្រើន​ផង​ដែរ ។

ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តមណ្ឌលគិរី​លោក លឹ​ម ស្រេង បាន​ឲ្យ​ដឹង​ថា តម្លៃ​ម្រេច​ពិតជា​ធ្លាក់​ចុះ​ច្រើន​មែន​បើ​ធៀប​នឹង​ឆ្នាំ​មុន​ៗ​ដោយសារ​មានការ​ប្រកួតប្រជែង​គ្នា​ផ្នែក​ទីផ្សារសេរី​លើ​ឆាក​អន្តរជាតិ ដែល​តម្លៃ​ម្រេច​ធ្លាក់​ចុះ​ជា​សាកល មិនមែន​ធ្លាក់​ថ្លៃ​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ។

លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ក្នុង​ខេត្តមណ្ឌលគិរី​នា​ឆ្នាំ​២០១៧​នេះ ទិន្នផល​ម្រេច​មានការ​កើនឡើង​ជិត​៤០%​បើ​ធៀប​នឹង​ឆ្នាំ​មុន​ដោយ​លោក​បញ្ជាក់​ថា ផ្ទៃដី​ដាំ​ម្រេច​ឆ្នាំ​២០១៧​មាន​ចំនួន​៧០២​ហិ​កតា​កើនឡើង​២៣០​ហិ​កតា​ដោយ​តួលេខ​កាលពី​ឆ្នាំ​២០១៦​មាន​ត្រឹមតែ​៤៧២ហិ​កតា ។ លោក​ថា ពលរដ្ឋ​នៅ​តែ​បន្ត​ដាំ​ម្រេច ទោះបី​ជួប​ការ​ប្រឈម​នឹង​បញ្ហា​ម្រេច​មាន​ជំងឺ​បម្រែបម្រួល​អាកាសធាតុ ឬ​តម្លៃ​ធ្លាក់​ចុះ​ក៏​ដោយ ។

កន្លង​មក ខាង​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​មក​វាយតម្លៃ​ពី​បញ្ហា​ប្រឈម​នានា ព្រមទាំង​អញ្ជើញ​អ្នកជំនាញ​នៅ​ប្រទេស​ជិតខាង​មក​ជួយ​បង្រៀន​ពី​បច្ចេកទេស​ដាំ​ដុះ​និង​ថែទាំ​ដល់​កសិករ​ផង​ដែរ ។

ក្រុម​អ្នកបច្ចេកទេស​នៅ​ទីតាំង​លក់​ផលិតផល​កសិកម្ម​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ដំណាំ​ម្រេច​ត្រូវ​បាន​ប្រជា​កសិករ​នៅ​តាម​តំបន់​មួយ​ចំនួន​សម្រុក​ដាំ​ដុះ ព្រោះតែ​កសិផល​មួយ​នេះ​កំពុង​មាន​ទីផ្សារ ។ ទោះបី​យ៉ាងណា ដំណាំ​នេះ​ក្រៅពី​ទាមទារ​នូវ​បច្ចេកទេស​ដាំ​ដុះ​និង​ការ​ថែទាំ​ហើយ​ក៏​ត្រូវ​ពឹងផ្អែក​លើ​អាកាសធាតុ​ផង​ដែរ​សម្រាប់​ការ​លូតលាស់​របស់​វា ។ ប្រសិនបើ​អាកាសធាតុ​ប្រែប្រួល​វា​នឹង​ធ្វើ​ឲ្យ​ទិន្នផល​ធ្លាក់​ចុះ ឬ​ងាប់​ដើម​តែ​ម្ដង ។ ប៉ុន្តែ​សម្រាប់​ខេត្តមណ្ឌលគិរី ពលរដ្ឋ​នៅ​តែ​បន្ត​ដាំ​ម្រេច​បើ​ទោះបី​តម្លៃ​របស់​វា​ត្រូវ​បាន​ពួក​គាត់​ថា​ធ្លាក់​ចុះ​ជាង​មុន​ច្រើន និង​ជួប​បញ្ហា​ម្រេច​មាន​ជំងឺ​ខ្លះ​ៗ​ក៏ដោយ ៕