ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ថៃ​មានទ្រព្យ​សម្បត្តិ​ច្រើន​នឹងអាច​ទិញ​អចលនទ្រព្យ​នៅ​អង់គ្លេស

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ក្រុមហ៊ុន​ប្រឹក្សា​យោបល់​អចលនទ្រព្យ Knight Frank Thailand ចង់​លក់​ផ្ទះ​ក្នុង​ទីក្រុង​ឡុ​ង​ដ៍​ចំនួន​៣០​យូ​នី​ត ដែល​មាន​តម្លៃ​សរុប​ជិត​២​ប៊ី​លាន​បាត​ទៅ​អតិថិជន​ថៃ​ឆ្នាំ​នេះ ដែល​

ប្រទេស​ថៃ ៖ ក្រុមហ៊ុន​ប្រឹក្សា​យោបល់​អចលនទ្រព្យ Knight Frank Thailand ចង់​លក់​ផ្ទះ​ក្នុង​ទីក្រុង​ឡុ​ង​ដ៍​ចំនួន​៣០​យូ​នី​ត ដែល​មាន​តម្លៃ​សរុប​ជិត​២​ប៊ី​លាន​បាត​ទៅ​អតិថិជន​ថៃ​ឆ្នាំ​នេះ ដែល​ច្រើន​ជាង​ការ​លក់​ក្នុង​ឆ្នាំ​មុន​១២​យូ​នី​ត មាន​តម្លៃ​សរុប​៧២០​លាន​ដុល្លារ ព្រោះតែ​មាន​តម្រូវការ​ដ៏​រឹង​មាំ​ពី​ឪពុក​ម្តាយ និង​អតិថិជន​ចង់​វិនិយោគ ។

លោក Frank Khan នាយក​ប្រតិបត្តិ និង​ប្រធាន​ផ្នែក​លំនៅ​ឋាន​នៃ​ក្រុមហ៊ុន​ខាងលើ និយាយ​ថា ចំនួន​អតិថិជន​ថៃ​កំពុង​ស្វែងរក​អចលនទ្រព្យ​ក្នុង​ទីក្រុង​ឡុ​ង​ដ៍ បាន​កើនឡើង​តាំងពី​ឆ្នាំ​មុន ព្រោះតែ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រាក់​ផោន​២០% បើ​ធៀប​នឹង​ប្រាក់​បាត ។ លោក​ថា ៖ «​តម្រូវការ​ក្នុង​ឆ្នាំ​មុន គឺ​មក​ពី​ឪពុក​ម្តាយ​ស្វែងរក​ផ្ទះ​សម្រាប់​កូន​ៗ​ទៅ​សិក្សា​នៅ​ទីនោះ និង​អតិថិជន​វិនិយោគ​ចង់​មានឱកាស​រក​ប្រាក់​ចំណេញ​ពី​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​រូបិយ​វត្ថុ​ទាប ។ និន្នាការ​នេះ​នឹង​បន្ត​ក្នុងឆ្នាំនេះ​ផង​ដែរ » ។

យោង​តាម​សេចក្តីរាយការណ៍​របស់ Independent School Councils and Knight Frank ក្នុង​ឆ្នាំ​២០១៧ ឲ្យ​ដឹង​ថា ចំនួន​សិស្ស​ថៃ​ចាប់ផ្តើម​ការ​សិក្សា​ឆ្នាំ​២០១៥-២០១៦ ក្នុង​សាលា​ឯកជន​នៅ​ចក្រភព​អង់គ្លេស សរុប​មាន​៣.០០៣​នាក់ ឬ​កើនឡើង​២១៤% ពី​ចំនួន​១៣៥​នាក់​ក្នុង​ឆ្នាំ​សិក្សា​២០០៥-២០០៦ ។

ចំនួន​ជនជាតិ​ថៃ​បាន​កើនឡើង​ច្រើន​ជាងគេ​ក្នុងអំឡុងពេល​នោះ បន្ទាប់​មក​ពី​ជនជាតិ​ចិន​កើនឡើង​១៩១% ស្មើ​២.៩២៤​នាក់ ។ ការ​លូតលាស់​នៃ​ចំនួន​សិស្ស​រុ​ស្ស៊ី គឺ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣ កើនឡើង​១២០% ស្មើ​៧៥៣​នាក់ និង​សិស្ស​មក​ពី​មជ្ឈិម​បូព៌ា​កើនឡើង​៩១% ស្មើ​៣៦៣​នាក់ ។

កាលពី​ឆ្នាំ​មុន Knight Frank បាន​លក់​ផ្ទះ​១២​យូ​នី​ត​ក្នុង​ក្រុង​ឡុ​ង​ដ៍​ទៅ​ឲ្យ​អតិថិជន​ថៃ រួម​មាន អា​ផាត​មិន​ចំនួន​៩ នៅ​ក្រុង​ឡុ​ង​ដ៍​កណ្តាល ដែល​មាន​តម្លៃ​ពី​៨០​ម៉ឺន​ផោន ទៅ​២,៥​លាន​ផោន ដោយ​តម្លៃ​មធ្យម​ស្មើ​១,២​លាន​ផោន ។ មានផ្ទះ​ផ្ទាល់​ដី​ចំនួន​៣​ទៀត​នៅ​ក្រៅ​ក្រុង​ឡុ​ង​ដ៍ ដែល​មាន​តម្លៃ​២​លាន​ផោន​ក្នុង​១​ខ្នង ។

កាលពី​ឆ្នាំ​២០១៥ ពួក​គេ​បាន​លក់​ផ្ទះ​តែ​៣​ខ្នង​ប៉ុណ្ណោះ មាន​តម្លៃ​២​លាន​ផោន​ក្នុង​១​ខ្នង​។ កត្តា​ជំរុញ​ការ​លក់​ក្នុង​ឆ្នាំ​មុន គឺ Brexit ដែល​បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រាក់​ផោន​ធ្លាក់​ចុះ ។
លោក Khan និយាយ​ថា  ៖ « បន្ទាប់​ពី​ការ​បោះ​ឆ្នោត Brexit មាន​ជនជាតិ​អឺរ៉ុប​ជា​ច្រើន​ដែល​មាន​អចលនទ្រព្យ​ក្នុង​ទីក្រុង​ឡុ​ង​ដ៍​ចង់​ចាក​ចេញពី​ទីក្រុង​នេះ និង​ចង់​លក់​ចេញ​ឲ្យ​បាន​ឆាប់​ៗ » ។

តម្លៃ​ទីផ្សារ​អចលនទ្រព្យ​ធំ​ជាងគេ​របស់​ពិភពលោក​នេះ គឺ​ទទួល​បានការ​លូតលាស់​ទាប​ជាង​មុន​ក្នុង​ឆ្នាំ​២០១៦ គឺ​កើនឡើង​តែ ១,៤%​ប៉ុណ្ណោះ​ជា​មធ្យម និង​តិច​ជាង​ឆ្នាំ​២០១៥ ដែល​លូតលាស់​បាន​១,៨% ។

នៅ​ទីក្រុង​បាងកក តម្លៃ​ផ្ទះ​ក្នុង​តំបន់​សំខាន់​ៗ​បាន​កើនឡើង​៤% និង​ជាប់​ចំណាត់ថ្នាក់​លេខ​២០ ជាទី​ក្រុង​ធំ​ៗ​ទាំង​១០០ ខណៈ​តម្លៃ​ផ្ទះ​នៅ Phuket កើនឡើង​០,៥២% និង​ជាប់​ចំណាត់ថ្នាក់​លេខ​៥៤ ។

ការ​លូតលាស់​ច្រើន​ជាងគេ​នៃ​ផ្ទះ​ក្នុង​តំបន់​សំខាន់​ៗ​រួម​មាន សៀង​ហៃ​កើនឡើង​២៧,៤%, ប៉េ​កាំ​ង​កើនឡើង​២៦,៨%, Guangzhou កើនឡើង​២៦,៦%, សេ​អ៊ូ​ល កើនឡើង​១៦,៦% និង Auckland កើនឡើង​១៦% ៕​