ប្រទេសជប៉ុន ៖ ការបន្ថយរយៈពេលទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ក្នុងប្រទេសជប៉ុន នឹងជំរុញឲ្យអតិថិជនទិញផ្ទះមកពីប្រទេសជិតខាងចាប់អារម្មណ៍ ។
នីតិវិធីទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍មានភាពងាយស្រួលជាងមុន ដែលនាំឲ្យអតិថិជនទិញផ្ទះភាគច្រើនជាជនជាតិចិនកំពុងវិនិយោគក្រៅប្រទេស ពិបាកនឹងមើលរំលងទីផ្សារក្នុងប្រទេសនេះណាស់ ។
យោងតាម Juwai.com របស់ចិនឲ្យដឹងថា ការទិញអចលនទ្រព្យក្នុងប្រទេសជប៉ុនដោយជនជាតិចិន អាចនឹងកើនឡើងក្នុងរយៈពេល១២ខែខាងមុខ ព្រោះតែវិធានការវីសាថ្មីនេះ ។ មានប្រជាជនចិនជាច្រើនបានមើលមកជប៉ុន ជាប្រទេសគំរូមួយ ។ វាជាប្រទេសក្នុងអាស៊ី ដែលមានវប្បធម៌ស្រដៀងគ្នា ហើយក៏ជាប្រទេសសម្រេចបានអ្វីដែលចិនសង្ឃឹមថា នឹងអាចសម្រេចដែរ ។ ជប៉ុន គឺជាប្រទេសអភិវឌ្ឍន៍ មានសន្តិភាព និងការគ្រប់គ្រងល្អ ។
គួរបញ្ជាក់ថា សិទ្ធិក្នុងការរស់នៅអចិន្ត្រៃយ៍គឺអាចផ្តល់ឲ្យ ប្រសិនបើបេក្ខជនរស់នៅក្នុងប្រទេសជប៉ុនបានយ៉ាងតិច១០ឆ្នាំ ប៉ុន្តែជាមួយវិធានការថ្មី រយៈពេលនេះអាចនឹងត្រូវបានកាត់បន្ថយមកត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ ។
វិធានការថ្មីនឹងត្រូវអនុម័តក្នុងខែនេះ ដែលធ្វើឲ្យប្រទេសអាចទទួលយកអ្នកមានជំនាញខ្ពស់ និងបញ្ញវន្តផ្សេងៗ ។
យោងតាម Hurun Report ឲ្យដឹងថា ប្រទេសជប៉ុនស្ថិតក្នុងចំណោមទីតាំងធ្វើអន្តោប្រវេសន៍ទាំង១៥ សម្រាប់ប្រទេសចិន ។ សិស្សចិនដែលមានទ្រព្យសម្បតិ្តច្រើនក្នុងប្រទេសជប៉ុន មានដល់ទៅ៩៤.១១១នាក់ក្នុងឆ្នាំ២០១៥ផងដែរ ។
ការសាកសួរពីអតិថិជនចិនបានកើនឡើងក្នុងរយៈពេល៥ខែជាប់ៗគា្ននៅឆមាសទី២ឆ្នាំ២០១៦ ស្មើ២៦៥,៥% បើធៀបនឹងឆ្នាំ២០១៥។ ការសាកសួររបស់ពួកគេប្រមាណ២៣,៥% គឺសម្រាប់រស់នៅដោយខ្លួនឯង ខណៈ៨១,៩%ទៀតទាក់ទងនឹងការវិនិយោគ ។
យ៉ាងណាក្តី កត្តាសំខាន់ គឺតើបុគ្គលប៉ុន្មាននាក់ដែលមានគុណសម្បត្តិគ្រប់គ្រាន់សម្រាប់កម្មវិធីថ្មីនេះ ។
លោក Charles Pittar នាយកប្រតិបត្តិរបស់ Juwai.com និយាយថា ៖ « មានជនជាតិចិនជាច្រើនដែលសិក្សានៅសាកលវិទ្យាល័យជប៉ុន និងមិនអាចស្វែងរកការងារនៅទីនេះ ខណៈពួកគេភាគច្រើនចាកចេញពីប្រទេស។ បញ្ហាការងារនេះ គឺជាឧបសគ្គដ៏ធំមួយក្នុងការបង្កើនចំនួនទិញពីជនជាតិចិន ។ ការដោះស្រាយបញ្ហាវីសា គឺគ្រាន់តែអាចឲ្យជប៉ុនដោះស្រាយបញ្ហាធំមួយផ្នែកតែប៉ុណ្ណោះ » ។
លោកកត់សម្គាល់ថា គោលនយោបាយអន្តោប្រវេសន៍របស់ប្រទេសជប៉ុន គឺពិតជាតឹងរ៉ឹងណាស់ ដោយមានតែ១,៤%នៃពលករទាំងអស់ក្នុងប្រទេស គឺមកពីបរទេស ។ លោកបន្ថែមថា ៖ « ការដោះស្រាយបញ្ហាការងារនឹងធ្វើឲ្យជនជាតិចិនងាយស្រួលធ្វើការក្នុងប្រទេសជប៉ុន មានន័យថា ការលក់អចលនទ្រព្យនឹងកើនឡើង » ៕
ចែករំលែកព័តមាននេះ