រាជធានីភ្នំពេញ ៖ អគារពាណិជ្ជកម្មភ្លោះថៃ ប៊ុនរ៉ុង ដែលនឹងក្លាយជាអគារខ្ពស់ជាងគេនៅកម្ពុជា និងក្នុងតំបន់អាស៊ាននោះ គ្រោងនឹងសាងសង់ជាផ្លូវការនៅខែសីហាខាងមុខ ។ នេះបើតាមការឲ្យដឹងពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃគម្រោងអគារដ៏ខ្ពស់ស្កឹមស្កៃមួយនេះ ។
លោកសាស្ត្រាចារ្យ ទួស សាភឿន ថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបនៃក្រុមហ៊ុនថៃ ប៊ុនរ៉ុង និងជាអ្នករចនា (ឌីសាញ) ម្នាក់នៃគម្រោងអគារនេះ បានថ្លែងនាព្រឹកថ្ងៃទី៧ មេសា ម្សិលមិញថា អគារ១៣៣ជាន់ និងមានកម្ពស់រហូតដល់៥៥០ម៉ែត្រ នឹងចាប់ផ្តើមសាងសង់ជាផ្លូវការនៅខែសីហាខាងមុខនេះហើយ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ ។ លោកបន្តថា ការសាងសង់អគារនេះ នឹងចំណាយទឹកប្រាក់២.១០០លានដុល្លារអាមេរិក ហើយក្រុមហ៊ុនបានត្រៀមថវិកាចំនួន៣ពាន់លានដុល្លារបន្ថែមទៀតដើម្បីធ្វើឲ្យអគារនេះដំណើរការយ៉ាងរស់រវើក ។
លោកសាស្ត្រាចារ្យបន្តថា ៖ « ក្រុមហ៊ុនវិនិយោគ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យគុណភាពសំណង់ បានចុះហត្ថលេខាដើម្បីចាប់ផ្តើមគម្រោងនេះរួចហើយ » ។ លោកបន្តថា ៖ «អគារកប់ពពកនេះ នឹងមានសេវាកម្មជាច្រើនដូចជា សណ្ឋាគារកម្រិតផ្កាយ៦ ការិយាល័យ លំនៅឋានប្រណីត ផ្សារទំនើប និងសេវាកម្មជាច្រើនទៀត ដែលនឹងទាក់ទាញក្រុមហ៊ុនវិនិយោគលំដាប់ពិភពលោក មកដាក់ទីតាំងការិយាល័យកណ្តាលរបស់ពួកគេនៅកម្ពុជាកាន់តែច្រើន » ។ មានប្រសាសន៍ក្នុងពិធីសម្ពោធផ្លូវទំហំ៦០ម៉ែត្រ ជាផ្លូវវែង និងធំជាងគេនៅរាជធានីភ្នំពេញកាលពីដើមសប្តាហ៍មុន សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ការអភិវឌ្ឍមានភាពស៊ីជម្រៅ ដែលកាលពីមុន ដីនៅរាជធានីភ្នំពេញ និងជាយក្រុងភ្នំពេញ ក្នុង១គីឡូម៉ែត្រមានសំណង់ត្រឹមតែ៣ឬ៥ពាន់ម៉ែត្រការ៉េប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ ដី១ហិកតាអាចមានសំណង់រហូតដល់៥ម៉ឺន ឬ១០ម៉ឺនម៉ែត្រការ៉េ ក៏អាចថាបាន ។
សម្តេចបន្តថា ៖ « ពីមុននៅទីក្រុងភ្នំពេញមានសំណង់ត្រឹម៣ទៅ៨ជាន់ ឥឡូវនេះ មានសំណង់រហូតដល់៤០ឬ៥០ជាន់ ហើយគ្រោងនៅពេលខាងមុខនឹងមានអគារកម្ពស់១២៥ជាន់ អាចខ្ពស់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍យើងនេះ ដែលមានកម្ពស់រហូតដល់៥២០ម៉ែត្រ អីចឹងយើងអាចនាំគ្នាឡើងទៅតេស្តមេឃ » ។
តាមគម្រោង អគារពាណិជ្ជកម្មកប់ពពកនេះនឹងសាងសង់ និងគ្រប់គ្រងដោយក្រុមហ៊ុនសំណង់ Hsin Chong Construction Group Ltd និងសហការវិនិយោគរវាងក្រុមហ៊ុន Thai Boon Rong Group និងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនៅទីក្រុងម៉ាកាវ Sun Kian Ip Group ។
លោកស្រី តាំង ហួរ អគ្គនាយិកាក្រុមហ៊ុនAMATAK Property Real Estate ថ្លែងថា ប្រសិនជាអគារនេះត្រូវសាងសង់ វានឹងជាការរួមចំណែកផ្សព្វផ្សាយពីកម្ពុជា និងទាក់ទាញចំនួនវិនិយោគិនថ្មីៗបន្ថែមជាច្រើនទៀត ។ លោកស្រីបន្តថា ប្រសិនជាប្រទេសយើងមិនខ្លាំង មិនទាក់ទាញវិនិយោគិនមកពីក្រៅទេ ដូចជាការធ្វើជំនួញមួយដែរ ប្រសិនជាយើងមិនខ្លាំង តើអ្នកណាមករកយើង ។
លោកស្រីបន្ថែមថា ៖ « បើនិយាយថា ទីផ្សារយើងតូច ដូច្នេះបើយើងមិនព្យាយាមឲ្យបានល្អ និងខ្លាំង ធ្វើម៉េចទាក់ទាញគេបានដូចសាំងហ្គាពួរប្រទេសតូចមួយ ហេតុអីគេខ្លាំងបាន។ យើងត្រូវគិតឲ្យធំ ទើបយើងមានលទ្ធផលធំ បើយើងគិតតូច រវល់តែខ្លាច យើងមិនអាចធ្វើអ្វីបាននោះទេ » ។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងថា ក្រសួងបានអនុម័តគម្រោងនេះរួចហើយ បន្ទាប់ពីប្លង់របស់អគារនេះ ត្រូវបានរដ្ឋមន្ត្រីថ្មីដាក់ឲ្យក្រុមហ៊ុនបង្ខិតទីតាំងអគារចូលក្នុងបន្តិច ៕
ចែករំលែកព័តមាននេះ