ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​កតញ្ញូ​រាត្រី​» ធ្វើ​ឱ្យ​សិល្បករ​ជើង​ចាស់​​ស្រក់​ទឹកភ្នែក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ដែល​រៀបចំ​ឡើង​ដោយ​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​មានឈ្មោះ​ថា «​កតញ្ញូ​រាត្រី​» បាន​រៀបចំ​ធ្វើ​ឡើង​កាលពី​រាត្រី​ថ្ងៃ​ទី​៦ មេ​សា ឆ្នាំ​២០១៧ នៅ​

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ដែល​រៀបចំ​ឡើង​ដោយ​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​មានឈ្មោះ​ថា «​កតញ្ញូ​រាត្រី​» បាន​រៀបចំ​ធ្វើ​ឡើង​កាលពី​រាត្រី​ថ្ងៃ​ទី​៦ មេ​សា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ។ កម្មវិធី​ក្នុង​ន័យ​សម្តែង​ការ​ដឹងគុណ​ចំពោះ​សិល្បករ​ជើង​ចាស់ ដែល​បាត់បង់​សមត្ថភាព​សម្តែង ព្រោះ​មាន​ជំងឺ​និង​ភាព​ជរា ។
នា​រាត្រី​នោះ​មាន​វត្តមាន​មន្ត្រី  អ្នកជំនួញ ព្រមទាំង​សិល្បករ​ចាស់​ថ្មី​ច្រើន​កុះករ ។

លោក​ហ៊ុន ម៉ា​ណែ​ត ដែល​ចូលរួម​ក្នុង​កម្មវិធី​«​កតញ្ញូ​រាត្រី​» បាន​ថ្លែង​ថា «​ពិតជា​មាន​អត្ថន័យ​វិសេស​វិលាស​ណាស់ ដែល សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​រៀបចំ​កម្មវិធី​នេះ​ឡើង​ក្នុង​គោលបំណង​ស្វែងរក​មូលនិធិ​សម្រាប់​គាំពារ​ជួយ​ដល់​សិល្បករ​ចាស់ជរា ។ ជា​ពិសេស​ខ្ញុំ​ពិតជា​មានចិត្ត​សប្បាយ​រីករាយ​ដែល​បាន​ជួប​ជាមួយ​សិល្បករ​ជើង​ចាស់​ក្នុង​រាត្រី​នេះ និង​កោតសរសើរ​ដល់​សមាគម​មួយ​នេះ​ដែល​រំលេច​កម្មវិធី​កតញ្ញូ​ដ៏​ល្អ​នេះ​ឡើង​ជូន​អ្នកសិល្បៈ​ជើង​ចាស់​ដែល​នៅ​មានជីវិត​ធ្វើបុណ្យ​ទាន់​ខែភ្លឺ ។
សូម​សម្តែង​នូវ​ទឹកចិត្ត​កតញ្ញូ​ចំពោះ​ដូនតា​យើង​ដែល​បាន​បង្កើត និង​បន្សល់​ទុក​នូវ​មរតក​សិល្បៈ​ខ្មែរ​ដ៏​សម្បូរ​បែប​សម្រាប់​បម្រើ​ឲ្យ​កូន​ខ្មែរ​គ្រប់​រូប គ្រប់ពេលវេលា​គ្រប់​មនោសញ្ចេតនា​»​។

អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ប្រធាន​សមាគម​មិត្ត​សិល្បៈ​ជួយ​សង្គម​លើក​ឡើង​ថា សមាគម​បាន​បង្កើត​ឡើង និង​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ​នា​ថ្ងៃ​ទី​១៧ សីហា ឆ្នាំ​២០១៦ ដែល​ធ្វើ​សកម្មភាព​ជា​ច្រើន ដូច​ជា​ការ​ចែក​មួក​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ដូច​ជា​នៅ​ខណ្ឌ​ជ្រោយចង្វា  ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន​ផលិត​វី​ដេ​អូ​ឃ្លី​ប​អប់រំ​ដូច​ជា ការ​ពង្រឹង និង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ក្នុង​ន័យ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ។ សមាគម​យើង​ក៏​បាន​ជួយ​សម្រាលទុក្ខ​មួយ​ចំនួន​តូច​របស់​សិល្បករ​​សិល្ប​ការិនី​ចាស់ជរា ក្រីក្រ មាន​ដូច​ជា​លោកតា​ផ្លុ​ង មឿ​ក​, លោកតា​ប៉ិ​គក់​, នាយ​គ្រៀវ​, លោក​នូ ស៊ិ​ប និង​ភរិយា​របស់​តារាចម្រៀង​រិ​ន សា​វ៉េ​ត​ជាដើម ។ ក្រៅពី​នេះ​មាន​រៀបចំ​ជា​បណ្ណាល័យ តូច​ៗ​សម្រាប់ សិស្ស​ក្នុង​ខេត្តព្រៃវែង និង​នៅ​សង្កាត់​កោះដាច់​ខណ្ឌ​ជ្រោយចង្វា ។ រៀបចំ​បាយ​សាមគ្គី​ជាមួយ​កីឡាករ​បាល់ទាត់ កីឡាករ​ប្រដាល់ ដើម្បី​បង្កើត​មិត្តភាព​ជាមួយ​សិល្បករ ។

សមាគម​ក៏​បាន​ជួយ​ជា​មេធាវី​ដល់​សិល្ប​ការិនី​មួយ​ចំនួន​ក្នុង​កិច្ច​ការពារ​តាម​ផ្លូវ​តុលាការ ។

អ្នក​នាង​យុគ ចិន្តា បាន​សម្តែង​ក្តី​សប្បាយ​រីករាយ​ដែល​សមាគម រៀបចំ​កម្មវិធី​នេះ​ដើម្បី​តបស្នង​សងគុណ​ដល់​សិល្បករ​ជើង​ចាស់ ។ កម្មវិធី​នេះ​ធ្វើ​ឲ្យ​វីរ​សិល្បករ​ជា​ច្រើន រំជួលចិត្ត​ស្ទើរតែ​ស្រក់​ទឹកភ្នែក ដ្បិត​ឃើញ​សិល្បករ រួបរួម​គ្នា​ជួយ​ដល់​ពួក​គាត់ ។

លោក​ព្រហ្ម ម៉ា​ញ ថ្លែង​ថា «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​សមាគម​របស់​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា និង​រាជរដ្ឋាភិបាល​ដែល​គិតគូរ​ជួយ​ដល់​សិល្បករ​យើង​ទាំង​ចាស់​និង​ថ្មី រហូត​មក​មិន​ធ្វើ​ឲ្យ​អ្នកសិល្បៈ​នៅ​កម្សត់ ភ័យ​ព្រួយ​នោះ​ឡើយ ។

សូម​ឲ្យ​ប្អូន​ៗ​ជំនាន់​នេះ ឬ​តទៅ​មុខ​ទៀត​ចេះ​ស្រឡាញ់​គ្នា រួបរួម​គ្នា​លើក​ស្ទួយ​សិល្បៈ និង​ដឹងគុណ​ដល់​រៀមច្បង គោរព​រៀមច្បង នេះ​ជា​គុណធម៌​មួយ​មាន​តម្លៃ​ណាស់​» ។
តារា​កំប្លែង​នាយ​ក្រឹម លើក​ឡើង​ថា «​នេះ​ជា​ការ​ជួយ​ដល់​អ្នកសិល្បៈ​ជើង​ចាស់​ដែល​គាត់​ភ្លេចភ្លាំង ឬ​ធ្វើការ​លែង​បាន មាន​តែ​ពឹង​លើ​អ្នកមាន​កម្លាំង ហើយ​រូបភាព​ទាំងនេះ​ពិតជា​បាន​ជួយ​ឲ្យ​ពួក​គាត់​រំភើប ។ ជាក់ស្តែង​អ្នក​មក​ទទួល ពិសេស​តារា​ជើង​ចាស់​គាត់​ស្ទើរតែ​មិន​គិត​សោះ​ថា មានឱកាស​ដល់​រូប​ពួក​គាត់​នៅ​ពេល​អាយុ​ច្រើន​នេះ ពិតជា​កម្មវិធី​មួយ​ដ៏​ល្អ​មិន​ចោល​រៀមច្បង​ដែល​ចាស់ជរា » ៕