ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សាងសង់​រោងការ រោង​បុណ្យ និង​រោង​ពិធី​នៅ​តាម​ដងផ្លូវ មិន​គោរព​តាម​ការ​ណែនាំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​ទូទៅ​គេ​សង្កេត​ឃើញ​ថា បងប្អូន​ប្រជាពលរដ្ឋ​យើង​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ភាគច្រើន​រាល់ពេល​មាន​ពិធី​រៀប​មង្គលការ ពិធីបុណ្យ

រាជធានី​ភ្នំពេញ ៖ ជា​ទូទៅ​គេ​សង្កេត​ឃើញ​ថា បងប្អូន​ប្រជាពលរដ្ឋ​យើង​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ភាគច្រើន​រាល់ពេល​មាន​ពិធី​រៀប​មង្គលការ ពិធីបុណ្យ ខួបកំណើត ពិធីឡើងផ្ទះ​។​ល​។ តែងតែ​ធ្វើ​រោង​នៅ​លើ​ផ្លូវ ឬ​ក៏​ធ្វើ​ឡើង​ដោយ​បិទផ្លូវ​ទាំងស្រុង​តែ​ម្តង​ក៏​មាន និង​មិន​បាន​គោរព​ទៅ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន​ឡើយ ។

លោក​កែវ សា​រុន អធិការរង​នគរបាល​ខណ្ឌចំការមន ថ្លែង​ថា រាល់​ការ​ធ្វើ​រោង​មង្គលការ រោងបុណ្យ ឬ​ពិធី​ផ្សេង​ៗ​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក គឺលោក​តែងតែ​ធ្វើការ​ណែនាំ​ទៅ​ដល់​ម្ចាស់​កម្មវិធីទាំងនោះ ឱ្យធ្វើ​ទៅ​តាម​ច្បាប់​ដើម្បី​បញ្ចៀស​ការប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ឬ​ស្ទះចរាចរណ៍​ជាដើម ។ លោក​តម្រូវ​ឱ្យធ្វើ​ត្រឹមតែ​១​ភាគ​៣​នៃ​ផ្លូវ​តែ​ប៉ុណ្ណោះ និង​ទុក​២​ភាគ​នៃ​ផ្លូវ​សម្រាប់​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់ ។

លោក​អធិការរង​បញ្ជាក់​ថា ប្រសិនបើ​មានអ្នក​ណា​ធ្វើ​រំលោភ​ទៅ​លើ​ទ្រូងផ្លូវ ឬ​បិទផ្លូវ​ទាំងស្រុង​នោះ គឺ​ធ្វើ​នោះ​ខុសច្បាប់​ហើយ ។ លោក​បន្ត​ថា រាល់​ការ​សុំ​ច្បាប់​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ជា​ទូទៅ​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន​គឺ​ធ្វើ​ឡើង​ដោយ​មានការ​សុំ​អនុញ្ញាត​ត្រឹមត្រូវ ពោល​គឺ​ចាប់ផ្តើម​ពី​ប៉ុស្តិ៍​នគរបាល​មូលដ្ឋាន​សង្កាត់ និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​។ ការ​សុំ​ច្បាប់​អនុញ្ញាត​សាងសង់​រោង​នេះ​ដែរ គឺ​ដើម្បី​ឱ្យ​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ទាំងនោះ ទទួលខុសត្រូវ​រាល់​បញ្ហា​ដែល​កើត​មាន​ឡើង ដូច​ជា​ការ​ស្ទះចរាចរណ៍​ជាដើម ដោយ​ចុះ​ទៅ​ធ្វើ​ចរាចរណ៍ ឬ​ក៏​ពង្វាងផ្លូវ​ដល់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ​ផង​ដែរ ។

លោក កែវ សំណាង អភិបាលរង​ខណ្ឌចំការមន ថ្លែង​ថា ពាក់ព័ន្ធ​ទៅ​នឹង​ការ​សាងសង់​រោង​មង្គលការ រោង​បុណ្យ របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន គឺ​សុំ​ត្រឹមតែ​នគរបាល​ប៉ុស្តិ៍ និង​សង្កាត់​ប៉ុណ្ណោះ មិន​ដែល​មាន​អ្នក​ណា​ម្នាក់​ឡើង​មក​សុំ​ដល់​សាលា​ខណ្ឌ​ឡើយ​។ ការ​សាងសង់​រោង​មង្គលការ រោង​បុណ្យ​នេះ​ដែរ បងប្អូន​តែងតែ​ធ្វើ​រំលោភ​ទៅ​លើ​ទ្រូងផ្លូវ ឬ​ក៏​បិទផ្លូវ​ទាំងស្រុង​តែ​ម្តង​ក៏​មាន ដោយ​មិន​ខ្លាចក្រែង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ឬ​កកស្ទះ​ចរាចរណ៍​ឡើយ សូ​ម្បី​តែ​រូប​លោក​ក៏​ធ្លាប់​ធ្វើ​ដំណើរ​ជាប់​ម្តងម្កាល​ដែរ ។

លោក​អភិបាលរង​ខណ្ឌ​បន្ត​ទៀត​ថា ពាក់ព័ន្ធ​ទៅ​នឹង​ច្បាប់​សាងសង់​រោង​មង្គលការ រោង​បុណ្យ ឬ​ពិធី​ផ្សេង​ៗ​នេះ​ដែរ លោក​នឹង​លើកយក​ទៅ​ប្រជុំ​ពិភាក្សា​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ម្តង ដើម្បី​ចៀសវាង​កុំឱ្យ​មានការ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ បង្ក​ឱ្យ​មានការ​ស្ទះចរាចរណ៍​លើ​ដងផ្លូវ ។

ថ្វីបើ​មានការ​ណែនាំ​អំពី​ច្បាប់​សាងសង់​រោង​មង្គលការ រោង​បុណ្យ ឬ​ពិធី​ផ្សេង​ៗ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ឱ្យធ្វើ​ឡើង​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​ក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​ថា ការ​សាងសង់​រោង​មង្គលការ រោង​បុណ្យ ឬ​ពិធី​ផ្សេង​ៗ គឺ​ធ្វើ​ឡើង​ដោយ​មិន​គោរព​ច្បាប់​ឡើយ និង​ប៉ះពាល់​ទៅ​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ជា​ពិសេស​ការ​កកស្ទះ​ចរាចរណ៍ ឬ​ធ្វើ​ឱ្យ​មានការ​រំខាន​យ៉ាង​ខ្លាំង​ទៅ​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ៕