ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​សម្លា.ប់​«​អា​តក​»​មិន​អាច​ទប់​ភាព​សាហា.វ​របស់​វា​បាន

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ទីបំផុត​ហេតុការណ៍​មិន​គួរ​នឹង​កើត បាន​កើតឡើង​គួរ​ឱ្យ​សោកស្តាយ ខណៈ​សាធារណ​មតិ​បាន​ផ្ទុះ​ការ​រិះគន់​យ៉ាង​ចាស់ដៃ

ខេត្តមណ្ឌលគិរី ៖ ទីបំផុត​ហេតុការណ៍​មិន​គួរ​នឹង​កើត បាន​កើតឡើង​គួរ​ឱ្យ​សោកស្តាយ ខណៈ​សាធារណ​មតិ​បាន​ផ្ទុះ​ការ​រិះគន់​យ៉ាង​ចាស់ដៃ ចំពោះ​អវត្តមាន​មន្ត្រី​ជំនាញ​ពី​សួនសត្វ​ភ្នំ​តា​ម៉ៅ ដែល​ពលរដ្ឋ​បាន​ផ្ញើ​ក្តី​សង្ឃឹមលើ​ការ​ព្យាបាល​ដំរីចុះប្រេង ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​កាច​សាហាវ​ឱ្យ​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ ដើម្បី​វា​អាច​បន្តសកម្មភាព​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ដូច​សង្ឃឹម​ផ្កាយ​លើ​មេឃ ។ ការ​អវត្តមាន​របស់​ក្រុម​មន្ត្រី​ជំនាញ​បាញ់ថ្នាំ​សណ្តំ បានធ្វើ​ឱ្យ​ជីវិត​ដំរី​ឈ្មោះ​អាត​កបាន​ងាប់ ដោយ​ការ​បាញ់ប្រហារ​រារាំង ការ​បង្ក​មហន្តរាយ​ដល់​ទ្រព្យសម្បត្តិ និង​អាយុជីវិត​អ្នក​ភូមិ ។

ទោះបីជា​បែប​ណា អារម្មណ៍​សោកស្តាយ​និង​ការ​ភ័យ​ខ្លាច​របស់​អ្នក​ភូមិ​បាន​លាយឡំ​គ្នា​អស់​រយៈពេល​ពីរ​យប់​បី​ថ្ងៃ ក្រោយ​ពេល​អាជ្ញាធរ​ខេត្តមណ្ឌលគិរី កាលពី​វេលា​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៧ មេ​សា បាន​សម្រេចចិត្ត​ឱ្យ​សមត្ថកិច្ច​បាញ់​សម្លាប់​ដំរី​ឈ្មោល វ័យ​៧០​ឆ្នាំ​ចុះប្រេង​ឈ្មោះ​អា​តក​ដែល​បាន​សម្លាប់​ម្ចាស់​វា កាលពី​ថ្ងៃ​ទី​៥ មេ​សា ព្រោះតែ​មិន​អាច​គ្រប់គ្រង​លើ​វា​បាន និង​មិន​អាច​បន្ត​ការ​រង់ចាំ​អន្តរាគមន៍​ខ្យល់ ពី​អ្នកជំនាញ​ទៅ​ពី​សួនសត្វ​ភ្នំ​តា​ម៉ៅ ។

មុន​ពេល​សម្រេច​បាញ់​សម្លាប់ ផ្ទះ​អ្នក​ភូមិ​ចំនួន​៦​ខ្នង ត្រូវ​បាន​ដំរី​មួយ​ក្បាល​នោះ​កម្ទេច​អស់​ជា​ច្រើន​ផ្នែក រង​ការ​ខូចខាត និង​ធ្វើ​ឱ្យ​សុវត្ថិភាព​របស់​អ្នក​ភូមិ​ស្ថិត​ក្នុង​សភាព​គ្រោះថ្នាក់​ជា​ខ្លាំង​នាំ​កូនចៅ​រត់គេច​ចោល​ភូមិឋាន ។

តាម​ប្រភព​ព័ត៌មាន​ថា នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៦​ឈាន​ចូល​ថ្ងៃ​ទី​៧ មេ​សា អាជ្ញាធរ​ខេត្ត​ដែល​មាន​លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត បាន​ដឹកនាំ​កម្លាំង​ផ្ទាល់ ជម្លៀស​ប្រជាជន​ទៅ​ជ្រក​នៅ​សាលា​បឋម​សិក្សា​មួយ​កន្លែង ក្នុងភូមិ​ដែល​សង់​ពី​ថ្ម ដើម្បី​រក្សា​សុវត្ថិភាព​កុំឱ្យ​ដំរីចុះប្រេង​នោះ​យាយី​ដល់​អាយុជីវិត ។

សេចក្តីរាយការណ៍​ថា ភ្លាម​ៗ​នោះ​នៅ​កន្លែង​កើតហេតុ​នា​ម៉ោង​១​យប់​ចូល​ថ្ងៃ​ទី​៧ មេ​សា កម្លាំងប្រដាប់អាវុធ​មាន​នគរបាល នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត និង​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត និង​ប្រជាពលរដ្ឋ បាន​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព អា​តក​ដំរីចុះប្រេង ដែល​បាន​ចូល​អុកឡុក​ផ្ទះ​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគតិច ដោយ​ការ​ប្រើ​កាំ​ជ្រួញ​បាញ់​ឡើង​លើ​និង​ដុត​ភ្នក់ភ្លើង ដើម្បី​បញ្ឆោត និង​បង្ការ​កុំឱ្យ​វា​ចូល​នៅ​ក្នុងភូមិ​វិញ ។

ជា​វិធានការ​បន្ទាន់ ដើម្បី​ទប់ស្កាត់​សកម្មភាព​ដំរី​ឈ្មោល​ដែល​ចុះប្រេង​នោះ អាជ្ញាធរ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ចំនួន​២​គ្រឿង​បើក​ចូល​ទៅ​ស្វែងរក​អា​តក​ដើម្បី​បញ្ឆោត និង​បង្អាក់​សកម្មភាព​អុកឡុក​ផ្ទះ​ប្រជាពលរដ្ឋ ព្រម​ជាមួយនឹង​ការ​រង់ចាំ​យ៉ាង​អន្ទះសារ​ពី​ក្រុម​មន្ត្រី​ជំនាញ​ពី​ភ្នំ​តា​ម៉ៅ​ទៅ​បាញ់ថ្នាំ​សណ្ដំ ។ ប៉ុន្តែ​ការ​ចូល​ទៅ​រុករក​មិន​បាន​ប៉ុន្មាន​នាទី​ផង ក៏​ត្រូវ​អា​តក​ចេញពី​ក្នុង​ព្រៃ​រត់​សំដៅ​ទៅ​បុក ដោយ​ប្រើ​ភ្លុក​បំ​បុក​រថយន្ត​ពន្លត់​អគ្គិភ័យ​ពី​ខាងក្រោយ​បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​ដោយ​អន្លើរ ។ ភ្លាម​នោះ​សមត្ថកិច្ច​បាន​ផ្ទុះអាវុធ​ឡើង​លើ​ជា​ច្រើន​គ្រាប់ ទើប​ដំរី​នោះ​រត់​ចូល​ទៅ​ក្នុង​ព្រៃ​វិញ ។

ខណៈ​អា​តក​រត់​ចូល​ទៅ​ក្នុង​ព្រៃ​បាត់ អាជ្ញាធរ​បាន​ជម្លៀស​ប្រជាពលរដ្ឋ​ចេញពីផ្ទះ​ទៅ​ទីធ្លា​សាលារៀន ដែល​មាន​សុវត្ថិភាព​និង​មានការ​យាមកាម​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ។ មួយសន្ទុះ​ក្រោយមក នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី រំលង​អធ្រាត្រ អា​តក​ដំរី​ឈ្មោល​ចុះប្រេង​រួម​ជាមួយនឹង​ដំរី​ញី​១​ក្បាល​នេះ បាន​ចេញពី​ក្នុង​ព្រៃ​វិញ ក៏​ត្រូវ​កម្លាំង​នគរបាល​បាញ់​សំដៅ​ជើង​ខាង​មុខ​ទាំង​២ បណ្ដាល​ឱ្យ​រង​របួស​ដើរទៅ​មុខ​លែង​រួច ក៏​នៅ​សម្ងំ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​តែ​ម្ដង ។

ទោះជា​បែប​នេះ​ក្តី ភាព​កម្រោល​របស់​ដំរី​ឈ្មោល​ចុះប្រេង ហាក់​មិន​បាន​ថមថយ​ឡើយ ពោល​គឺ​កាន់តែ​មាន​កំហឹង​លើ​មនុស្ស និង​រឹតតែ​បង្កើន​ការ​ប្រឈម​រវាង​ដំរី និង​មនុស្ស ទើប​កម្លាំង​សមត្ថកិច្ច​សម្រេច បាញ់​ថែម​មួយ​គ្រាប់​ទៀត​ចំ​ក្បាល​បណ្តាល​ឱ្យ​អា​តក​ងាប់​នៅ​វេលា​ម៉ោង​២​ទៀប​ភ្លឺ​តែ​ម្តង ។

លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​បានឱ្យ​ដឹង​ថា លោក​ពិតជា​មានការ​សោកស្តាយ​ជា​ពន់ពេក ចំពោះ​ការ​បាត់បង់​សត្វ​កម្រ និង​ជា​សត្វ​ដែល​បាន​ចូលរួម ជួយ​បម្រើ​ដល់​វិស័យ​ទេសចរណ៍ របស់​យើង​ដែល​បាន​បង្កើន​នូវ​ចំណូល​ប្រចាំ​ថ្ងៃ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ។ យ៉ាងណា​ក៏​ដោយ​លោក​អភិបាលខេត្ត បាន​អាក់អន់ចិត្ត​ដោយ​ស្តីបន្ទោស​ពី​ភាពយឺត​យ៉ាវ​របស់​មន្ត្រី​ជំនាញ ដែល​បាន​អូស​បន្លាយ​ពេលវេលា​រហូត​ដល់​ពីរ​ថ្ងៃ ដោយ​មិន​ព្រម​មាន​ចំណាត់ការ​សម​ស្រប​ណាមួយ ដែល​អាច​បញ្ចៀស​ពី​ការ​សម្លាប់សត្វ​ដំរី​មួយ​ក្បាល​នោះ ។

ចំណែក​លោក កែវ សុ​ភ័ក ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី បានឱ្យ​ដឹង​ថា ខាង​មន្ទីរ​របស់​លោក​បាន​ទំនាក់ទំនង​ស្នើ​ទៅ​មន្ត្រី​ជា​ច្រើន​ជំនាញ តាំងពី​ថ្ងៃ​កើតហេតុ ប៉ុន្តែ​លោក​ក៏​មិន​បានដឹង​ច្បាស់​ពី​ភាពយឺត​យ៉ាវ​នៃ​ដំណើរការ​ចុះ​ទៅ​ជួយ​សង្គ្រោះ​ដំរីចុះប្រេង​នោះ​ទេ ។

អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ​លោក កាន់ ពេញ បានឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​និង ប្រជាពលរដ្ឋ​ក្នុងភូមិ​ក៏​ដូច​ជា​ម្ចាស់​ដំរី​ផ្ទាល់ បាន​សម្រេចចិត្ត​ព្រម​គ្នា​ថា ត្រូវ​តែ​បាញ់​សម្លាប់​ដំរី​នេះ ព្រោះ​គ្មាន​ជំរើស​ណា ដែល​អាច​ទប់ទល់ និង​កំហឹង​រួម​ជាមួយ​ភាព​កាច​សាហាវ​របស់​វា ដែល​កំពុង​តែ​ចុះប្រេង ហើយ​ធ្វើបាប​ប្រជាពលរដ្ឋ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន​នោះ​ទេ ។ លោក​ថា ដំរី​បាន​រង​នូវ​គ្រាប់កាំភ្លើង​ចំនួន​៣​គ្រាប់​ក្នុង​នោះ​គឺ​ជើង​២​គ្រាប់ និង​ចំ​ក្បាល​១​គ្រាប់ ទើប​បណ្តាល​ឱ្យ​ងាប់​តែ​ម្តង ។

ចំណែក​ក្រុម​មន្ត្រី​ជំនាញ​នៃ​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​បាន​និយាយ​ឱ្យ​បណ្តាញ​ព័ត៌មាន​ដឹង​ថា ក្រុម​លោក​គ្រោង​នឹង​ចុះ​ទៅ​កាន់​ខេត្តមណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដើម្បី​ជួយ​អន្តរាគមន៍​ក្នុង​ការ​បង្ក្រាប​ចាប់​ដំរី​ឈ្មោល​ឈ្មោះ​«​អា​តក​»​នោះ ។

លោក ញឹក រតនៈ​ពេជ្រ ប្រធាន​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​និយាយ​ថា លោក​បាន​ទទួល​សារ​អេ​ឡិច​ត្រូនិ​ច​មួយ​ពី​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ដែល​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​បង្ក្រាប​ចាប់​ដំរី​ឈ្មោល​ចុះប្រេង​មួយ​ក្បាល​ដែល​កំពុង​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​ក្នុងភូមិ​ពូ​តាំង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ បន្ទាប់​ពី​វា​បាន​សម្លាប់​បុរស​ម្នាក់ ដែល​ជា​ម្ចាស់​របស់​វា​កាលពី​ព្រឹក​ថ្ងៃ​ពុធ ។

លោក​បាន​បញ្ជាក់​ថា​«​នៅ​ពេល​នេះ​ខ្ញុំ​បាន​ចាត់​ឱ្យ​មន្ត្រី​ជំនាញ​របស់ខ្ញុំ រៀបចំ​សម្ភារ​និង​ឧបករណ៍​បច្ចេកទេស​មួយ​ចំនួន ដើម្បី​ចេញ​ទៅ​ជួយ​អន្តរាគមន៍ ចាប់​ដំរី​ឈ្មោល​មួយ​ក្បាល​នោះ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​» ។

លោក ពេជ្រ សុធា​រី នាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់រ​មនា បាន​ថ្លែង​ថា​នៅ​ក្នុង​សង្កាត់រ​មនា មាន​ដំរី​ស្រុក​សរុប​២៣​ក្បាល ក្នុង​នោះ​មាន​ឈ្មោល​ចំនួន​៥​ក្បាល​រួម​ទាំង​«​អា​តក​»​ផង​ដែរ ។

ដំរី​ទាំងនោះ មាន​អាយុ​ចន្លោះ​ពី​៤០ ទៅ​៧០ ឆ្នាំ ។ ជា​ធម្មតា​ពួក​វា​ជា​សត្វ​ស្លូត ហើយ​ត្រូវ​បាន​ម្ចាស់​របស់​វា​ប្រើប្រាស់ សម្រាប់​ដឹក​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​នៅ​តាម​តំបន់​ព្រៃ​ធម្មជាតិ​នានា ដែល​មាននៅ​ក្នុង​ខេត្ត ។

ដោយឡែក នៅ​លើ​បណ្តាញ​សង្គម​គេ​សង្កេត​ឃើញ មានការ​បង្ហោះ​ចែករំលែក​គ្នា​និង​ការ​បញ្ចេញមតិ​ជា​ច្រើន ជុំវិញ​បញ្ហា​បាញ់​សម្លាប់​ដំរី​ខាងលើ ដោយ​ក្នុង​នោះ​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ Sovannary Chea បាន​លើក​ឡើង​ថា​វិធីសាស្ត្រ​ម ា​ន​ច្រើន​ណាស ស់ ដើម្បី​ទប់់ ស្កាត់ ់មួយ​បាញ់ ពីរ​បាញ់ ចាំ​អង្កាល់​ទៀត​វា​នឹង​ផុត​ពូជ​អស់​ជា​មិន​ខាន ។ អត់​ចេះ​ខ្មាស់​អ្នក​ជិតខាង​យើង​ផង គេ​អភិរក្ស​សត្វព្រៃ​គេ តាម​វិធី​ណាខ្លះ ?

ចំណែក​គណនី​ឈ្មោះ​Ah Thea Mønster បាន​ផ្សាយ​ថា ដំរីចុះប្រេង​មិនធម្មតា​ទេ ត្រឹម​ថ្នាំ​សណ្តំ​ប្រហែល​មិន​អាច​ទប់ស្កាត់​បាន នេះ​អាច​ជា​ជំរើស​ចុង​ក្រោយ​ទើប​សម្រេច​ធ្វើ​បែប​នេះ ដើម្បី​ទប់ស្កាត់​វិនាសកម្ម​ធ្ងន់ធ្ងរ​ជាង​នេះ ។ ដំរី​ហៀបនឹង​ចុះប្រេង ហ្មដំរី​គេ​យក​ទៅ​ផ្លុ​ង​ចោល​ក្នុង​ព្រៃ​ទាល់តែ​វា​លែង​ចុះប្រេង​បាន​យក​មក​វិញ​។ ប្រហែល​គាត់​ភ្លេច​ហើយ​មើលទៅ អាណិត​ណាស់ !

មហាជន​លើក​ឡើង​ថា បើ​មន្ត្រី​ជំនាញ​អាច​ទៅ​ដល់​ខេត្តមណ្ឌលគិរី​ត្រឹម​ល្ងាច​ថ្ងៃ​ទី​៦ ម្ល៉េះ​ដំរី​មួយ​ក្បាល​នោះ មិន​បាត់បង់​ជីវិត​ដូច្នេះ​ទេ ។

ទោះជា​យ៉ាងណា ទំហំ​នៃ​ការ​ខូចខាត​ក្រោម​សកម្មភាព​បំផ្លាញ​របស់​ដំរី​ឈ្មោល​«​អា​តក​» សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​កំពុងធ្វើការ​បន្ត​ជាមួយ​អ្នក​ភូមិ​ដើម្បី​ស្វែងរក​ដំណោះស្រាយ ។ រីឯ​ភ្លុក​មួយ​កំណាត់​ត្រូវ​បាន​ម្ចាស់​កាត់​យក ៕​