សវនាការ​មិន​ធ្លាប់​មាន កាត់ទោស​ជនជាប់ចោទ​ជាង១០០​នាក់


រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​ជា​ច្រើន​ករណី​មក​បើក​សវនាការ មាន​ជនជាប់ចោទ​ទាំងអស់​ជាង​១០០​នាក់ ដែល​តម្រូវ​នាំ​មក​ឈរ​នៅ​មុខ​រង្វង់​ក្រចកសេះ​ដើម្បី​សាកសួរ​ដេញដោល​ក្នុង​សវនាការ​ពេញ​១​ថ្ងៃ​ទី​៦ មេ​សា ។

ជា​ការ​កត់សម្គាល់ នេះ​ជា​សវនាការ​មួយ​ពុំដែល​ធ្លាប់​មាន​ពី​មុន​មក​ទេ ដែល​តុលាការតម្រូវ​ឲ្យ​នាំ​ជនជាប់ចោទ និង​ជន​ត្រូវ​ចោទ​ជា​ច្រើន​នាក់​យក​មក​បើក​សវនាការ​យ៉ាង​ដូច្នេះ ។ តាម​មន្ត្រី​សាលាដំបូង​រាជធានី បាន​បង្ហើប​ឲ្យ​ដឹង​ថា នេះ​ជា​ការ​អនុវត្ត​តាម​គោលការណ៍​របស់​ក្រសួងយុត្តិធម៌​ដែល​បាន​ជំរុញ​ឱ្យ​សាលាដំបូង​រាជធានី​-​ខេត្ត ពិនិត្យ​មើល​សំណុំរឿង​ណា​ពាក់ព័ន្ធ ត្រូវ​ជំនុំ​ជម្រះក្តី​ត្រូវ​រៀបចំ​បើក​សវនាការ ។

នៅ​ថ្ងៃ​ទី​៦ មេ​សា ពន្ធនាគារ​ព្រៃ​ស បាន​នាំ​ជនជាប់ចោទ​មក​បើក​សវនាការ​ចំនួន​៨៩​នាក់ មាន​ស្ត្រី​ជាង​១០​នាក់ និង​ពន្ធនាគារ​ប៉េ​ហ្ស៊ី​ជាង​១០​នាក់ មាន​ស្ត្រី​៥​នាក់ ។
ក្នុង​ចំណោម​ជនជាប់ចោទ​ជាង​១០០​នាក់ គឺ​បាន​រង​ការ​ចោទប្រកាន់​មាន​គ្រប់​សណ្ឋាន​បទល្មើស​ដូច​ជា បទល្មើស​ឧក្រិដ្ឋ បទល្មើសមជ្ឈិម និង​បទល្មើស​វីតិក្រម ។

បទឧក្រិដ្ឋ​មាន​ដូច​ជា ឃាតកម្ម ឆក់ ប្លន់ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស អំពើ​ហិង្សា​ដោយ​មរណភាព​ជន​រង​គ្រោះ បើក​បន​ពេស្យាចារ ចាប់ជំរិត បង្ខាំង​មនុស្ស និង​គ្រឿងញៀន ។​ល​។ បទមជ្ឈិម ជំពាក់​លុយកាក់ លេងល្បែង​ស៊ីសង លួច ហិង្សា​ស្រាល គ្រោះថ្នាក់​ចរាចរណ៍ ។​ល​។ បទ​វីតិក្រម​សំដៅលើ​បទល្មើស​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ ។​ល​។ ដោយសារ​តែ​ការ​បើក​សវនាការ​កាត់ទោស​នេះ អគារ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​មាន​បន្ទប់​សវនាការ​៥ គឺ​បាន​បើកទ្វារ​សវនាការ​ទាំង​៥​បន្ទប់​តែ​ម្ដង ។

ក្នុង​ដំណើរការ​កាត់ទោស​នេះ​ដែរ សំណុំរឿង​បាញ់​សម្លាប់​លោក​ឧកញ៉ា អុ​ឹ​ង ម៉េ​ង​ជឺ ក៏​ត្រូវ​បាន​សាលាដំបូង​ដំណើរការ​ដែរ ។ ទោះបីជា​បែប​ណា សំណុំរឿង​ដែល​កក្រើក កាលពី​ចុងឆ្នាំ​២០១៦ ដែល​ក្រោយមក​សមត្ថកិច្ច​ប៉ូលិស​រាជធានី​ក៏​បាន​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​មួយ​សំបុក​តែ​ម្តង គឺ​លោក​ឧកញ៉ា ថោ​ង សា​រ៉ាត់ និង​ក្រុម​អង្គរក្ស ដែល​ជាប់ចោទ​ថា​ឧកញ៉ា​ជា​អ្នកបញ្ជា​សម្លាប់ ។ ទោះបី​បែប​ណា ក្នុង​ដំណើរការ​សវនាការ​នេះ មិន​មានការ​បញ្ជូន​ខ្លួន​ឧកញ៉ា ថោ​ង សា​រ៉ាត់ មក​កាត់ទោស​នោះ​ទេ គឺ​ឃើញ​តែ​នាំ​ខ្លួន​ក្រុម​អង្គរក្ស ខណៈ​លោក ថោ​ង សា​រ៉ាត់ ត្រូវ​បាន​មេធាវី​ប្រាប់​ថា ឈឺ​ធ្ងន់​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ។ មន្ត្រី​សាលាដំបូង​ឱ្យ​ដឹង​ថា ដំណើរការ​សវនាការ​នេះ និង​បន្ត​ទៅ​ថ្ងៃនេះ​ទៀត ព្រោះ​មាន​សំណុំរឿង​ច្រើន ៕

សន្ដិសុខ​សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ