ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ភូមិ​ទ្រាំ​ប្រពន្ធ​លែង​បាន​ប្តឹង​ឱ្យ​ប៉ូលិស​ចាប់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ភរិយា​ប្រិមប្រិយ​លោក​មេ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ គួរ​ណាស់​មានសំណាង​ជាសំណព្វចិត្ត​

រាជធានី​ភ្នំពេញ ៖ ភរិយា​ប្រិមប្រិយ​លោក​មេ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ គួរ​ណាស់​មានសំណាង​ជាសំណព្វចិត្ត​ ក្នុង​ការ​សាង​សុភមង្គល​ដ៏​ផូរផង់ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ បាន​ធ្វើ​ឱ្យ​លោក​មេ​ភូមិ​ចុក​ឈាម​ទៅ​វិញ ទើប​ពេល​នេះ​បាន​សម្រេច​ឃាត់ខ្លួន​ភរិយា​សំណព្វចិត្ត ប្រគល់​ទៅ​ឱ្យ​នគរបាល​ប៉ុស្ដិ៍ចោម​ចៅ ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង បន្ទាប់​ពី​ភរិយា​របស់​គាត់​ដែល​ញៀន​ល្បែង​យ៉ាង​ងប់​ង​ល់ ដើរ​លេងល្បែង​នៅ​កាស៊ីណូ រហូត​ដល់​ចាញ់​អស់​លុយ​ពី​ខ្លួន និង​រហូត​ឈាន​ដល់​ជំពាក់​គេ​ទៀត ។ បន្ទាប់​មក​ក៏​បាន​យក​រថយន្តស៊េរី​ទំនើប​១​គ្រឿង ទៅ​ដាក់បញ្ចាំ​ក្នុង​តម្លៃ​៦​ពាន់​ដុល្លារ យក​លុយ​ទៅ​លេងល្បែង​ស្ដារ​ដើម​វិញ​។ ប៉ុន្តែ​ពេល​លេង​ទៅ មិន​ត្រឹមតែ​មិន​អាច​ស្រង់​ដើម​បាន​ប៉ុណ្ណោះ​ទេ បែរជា​រឹតតែ​ចាញ់​វ័ណ្ឌក​ថែម​ទៀត រហូត​គ្មាន​លុយ​ទៅ​លស់​យក​រថយន្ត​មក​វិញ ក៏​ត្រូវ​បាន​លោក​មេ​ភូមិ​ជា​ប្ដី ឃាត់ខ្លួន​ប្រគល់​ឱ្យ​នគរបាល​តែ​ម្ដង ។

នគរបាល​បាន​នាំ​ខ្លួន​ប្រពន្ធ​លោក​មេ​ភូមិ​ខាងលើ​ទៅ​ប៉ុស្តិ៍​​ចោម​ចៅ កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​៦ មេ​សា ដើម្បី​ធ្វើការ​តាម​ជំនាញ ដែល​លោក​ប្តី​បាន​ប្តឹង ។ មិន​ទាន់​ដឹង​ថា តើ​ជំហរ​របស់​លោក​មេ​ភូមិ​ខាងលើ ត្រឹមតែ​សំណូមពរ​សុំ​ឱ្យ​នគរបាល​ជួយ​ធ្វើការ​អប់រំ ឬ​ក៏​សុំ​ឱ្យ​ចាត់ការ​តាម​ច្បាប់​នៅឡើយ​ទេ ។

ស្ត្រី​ជា​ភរិយា​ដ៏​ប្រិមប្រិយ​នេះ​ឈ្មោះ ធា អាយុ​៣២​ឆ្នាំ ជា​ប្រពន្ធ​លោក លឹ​ម សម្បត្តិ ហៅ​ហេង មេ​ភូមិ​ព្រៃ​ព្រីង​១ ។ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ លោក​ប្រធាន​ភូមិ​និយាយ​ថា រថយន្ត​ស៊េរី​ទំនើប​ដែល​ត្រូវ​ភរិយា​ឆើតឆាយ​បំផ្លាញ​នោះ​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ដែល​តាម​តម្លៃ​ទិញ​ជិះ​ពី​១៥,០០០​ដុល្លារ ទៅ​ដល់​១៧,០០០​ដុល្លារ តាម​ស៊េរី តែ​បែរជា​យក​ទៅ​បញ្ចាំ​តែ​៦​ពាន់​ដុល្លារ​ប៉ុណ្ណោះ ហើយ​ចាញ់​ហ្មត់​ទៀត ។

អ្នកស្រី​ធា បាន​និយាយ​ឱ្យ​ដឹង​ថា អ្នកស្រី​និង​ប្ដី​បាន​រៀប​ការ​ជាមួយ​គ្នា​ជាង​១០​ឆ្នាំ​មក​ហើយ និង​មានកូន​៣​នាក់ ហើយ​ប្ដី​នាង​ជា​មេ​ភូមិ​ផង ​ជា​អ្នក​គួ​ក​ជេរ​រថយន្ត​ផង ប៉ុន្តែ​នាង​មិន​មាន​ប្រាក់​ចាយ​គ្រប់គ្រាន់​ឡើយ ។ នាង​និយាយ​ថា ​បាន​ខ្ចី​គេ​ចាយ​រហូត​ជំពាក់​គេ​២​ទៅ​៣​ពាន់​ដុល្លារ​។ ដោយសារ​គ្មាន​លុយ​សង​គេ ​ទើប​នាង​បាន​ទៅ​លេងល្បែង​ក្រែង​បាន​ឈ្នះ​មាន​ប្រាក់​សង​គេ​ខ្លះ​ ។ ប៉ុន្តែ​ពេល​លេង​ទៅ​កាន់តែ​ចាញ់​ច្រើន​ឡើង​ៗ រហូត​ស្ដារ​ដើម​លែង​បាន គឺ​កាន់តែ​លេង កាន់តែ​ចាញ់​ងើបមុខ​មិន​រួច និង​កាន់តែ​ជំពាក់​គេ​ច្រើន​ថែម​ទៀត ទើប​នាង​សម្រេចចិត្ត យក​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​១​គ្រឿង​ទៅ​ដាក់បញ្ចាំ យក​លុយ​លេងល្បែង​ដើម្បី​ស្ដារ​ដើម ។ នាង​និយាយ​ថា​ មិន​ត្រឹមតែ​ស្ដារ​មិន​រួច​ប៉ុណ្ណោះ​ទេ បាន​ចាញ់​អស់​គ្មាន​សល់​ថែម​ទៀត ហើយ​ក៏​ត្រូវ​ប្ដី​ឃាត់ខ្លួន​ប្រគល់​ឱ្យ​នគរបាល​បែប​នេះ​តែ​ម្ដង ។

នៅ​ក្នុង​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ អ្នកស្រី​ធា​បាន​និយាយ​ថា នាង​គឺជា​ប្រពន្ធ​របស់​លោក​មេ​ភូមិ ។ នាង​ដឹង​ថា នាង​ប្រព្រឹត្ត​ល្បែងស៊ីសង​បែប​នេះ មាន​កំហុស​ធ្ងន់​ណាស់​មិន​គួរ​ឱ្យ​កើត​មាន​នោះ​ឡើយ ប៉ុន្តែ​ចំពោះ​លោក​ប្ដី​របស់​នាង​វិញ​មិន​បាន​គិត​ថា ជា​ប្ដី​ប្រពន្ធ​ជាង​១០​ឆ្នាំ​មក​ហើយ​នោះ​ទេ រឿង​ប៉ុណ្ណឹង​ចង់​ធ្វើបាប​នាង ចង់​ដាក់គុក​នាង​បែប​នេះ​ទៀត ។ ដោយ​ចោទ​ថា ​នាង​យក​រថយន្ត​របស់​គាត់​ទៅ​បញ្ចាំ ។

ទាក់ទិន​ទៅ​នឹង​បញ្ហា​ខាងលើ​នៅ​ពេល​ភ្លាម​ៗ​នោះ​គេ​មិន​បានឃើញ​វត្តមាន​របស់​លោក លឹ​ម សម្បត្តិ មេ​ភូមិ​ព្រៃ​ព្រីង​១​ជា​ប្តី​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ​នោះ​ឡើយ ៕