ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ឱសានវាទ​១​ខែ​ ឱ្យ​អ្នក​រំលោ.ភ​ស្ទឹង​សង្កែ​ កាយ​ដី​ចេញ​ឱ្យ​ដូច​ដើម​

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ជុំវិញ​បញ្ហា​សង់​ផ្សា​របាយ​ដំ​រ៉ាំ ដែល​អ្នក​ភូមិ​ចោទ​ថា លោក​មេឃុំ​បាយ​ដំ​រ៉ាំ និង​លោក​អភិបាលស្រុក​បាណ​ន់​ជា​អ្នក​នៅ​ពីក្រោយ​នៃ

ខេត្តបាត់ដំបង ៖ ជុំវិញ​បញ្ហា​សង់​ផ្សា​របាយ​ដំ​រ៉ាំ ដែល​អ្នក​ភូមិ​ចោទ​ថា លោក​មេឃុំ​បាយ​ដំ​រ៉ាំ និង​លោក​អភិបាលស្រុក​បាណ​ន់ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​ចាក់​ដី​លុប​ច្រាំង​ស្ទឹង​សង្កែ ដើម្បី​ផ្ដល់​សិទ្ធិ​ឱ្យ​អ្នកមាន​លុយ​ម្នាក់ សាងសង់​ធ្វើ​ផ្សារ និង​ស្ថានីយ​ប្រេង​នោះ ពេល​នេះ​អាជ្ញាធរខេត្ត​សម្រេច​ចេញ​លិខិត​បញ្ជា​ឱ្យ​អាជ្ញាធរ​ឃុំ​និង​ស្រុក​ដែល​ថ្លើមធំ ប្រាប់​បន្ត​ទៅ​ម្ចាស់​គម្រោង​ផ្សារ​នេះ​ឱ្យ​កាយ​ដី​ និង​រុះរើ​សំណង់​ចេញ​ឱ្យ​អស់ពី​ដី​មាត់​ស្ទឹង​វិញ​ឱ្យ​បាន​ឆាប់ ទុក​ស្ថានភាព​ដូច​ដើម ​។ បទបញ្ជា​នេះ​ដោយ​ដាក់​ឱសានវាទ​រយៈពេល​១​ខែ ដោយសារ​តែ​គម្រោង​នេះ​ធ្វើ​ឡើង​ដោយ​គ្មាន​ច្បាប់់ និង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​គ្រប់​បែប​យ៉ាង «​កុំ​ចេះ​តែ​ហ៊ាន​ប្រថុយ​ពេក​» ។

យោង​លិខិត​មួយ​ច្បាប់​របស់​រដ្ឋបាល​ខេត្តបាត់ដំបង ដែល​កោះសន្តិភាព​ទទួល​បាន ចុះ​ថ្ងៃ​ទី​៣០ មីនា ២០១៧ ដោយ​លោក​ជាម ច័ន្ទ​សោ​ភ័​ណ្ឌ អភិបាលរង​ខេត្តបាត់ដំបង ដែល​ខ្លឹមសារ​មាន​យោង​លិខិត​លេខ​០៧៨ ចុះ​ថ្ងៃ​ទី​២២ មីនា ២០១៧ របស់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ផង បាន​ជម្រាប​ជូន​លោក​អភិបាលស្រុក​បាណ​ន់ ។

លោក ជាម ច័ន្ទ​សោ​ភ័​ណ្ឌ អភិបាលរង​ខេត្ត បាន​សរសេរ​ជម្រាប​ជួន​លោក​អភិបាលស្រុក​បាណ​ន់​ដូច្នេះ​ថា​៖ «​រដ្ឋបាល​ខេត្ត អនុញ្ញាត​ឱ្យ​លោក​អភិបាលស្រុក ចេញ​លិខិត​ជា​ផ្លូវការ ដាក់​ឱសានវាទ​រយៈពេល​១​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​១ មេ​សា ២០១៧ ដល់​ថ្ងៃ​ទី​១ ឧសភា ២០១៧ យ៉ាង​យូរ​ត្រូវ​កាយ​ដី​ចេញ និង​រុះរើ​រោង​ដែក​ទាំងអស់​ចោល ដោយ​តម្រូវ​ឱ្យ​អុ្ន​កសាង​សង់​ជា​អ្នក​ចាត់ចែង ឱ្យ​ដូច​សភាព​ដើម​ធម្មជាតិ​នៃ​ច្រាំង​ស្ទឹង​វិញ ក្រោម​ការ​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត និង​មន្ទីរ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត លើ​ការ​កាយ​ដី​នេះ​» ។

ជុំវិញ​លិខិត​របស់​លោក ជាម ច័ន្ទ​សោ​ភ័​ណ្ឌ អភិបាលរង​ខេត្ត​ខាងលើ​នេះ បើ​តាម​លោក​ជុំ ញ៉ អភិបាលស្រុក​បាណ​ន់ បាន​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ មេ​សា​ថា លោក​ទើប​ទទួល​បាន​លិខិត​របស់​រដ្ឋបាល​ខេត្ត កាលពី​ថ្ងៃ​ទី​៤ មេ​សា ហើយ​លោក​នឹង​ចេញ​លិខិត​មួយ​ឱ្យទៅ​លោក​មេឃុំ ដើម្បី​លោក​មេឃុំ​បញ្ជូន​ផ្ទាល់ ដល់​ដៃ​ម្ចាស់​ផ្សារ​ឱ្យ​ផ្អាក​ការ​សាងសង់​តែ​ម្ដង ។

សូម​បញ្ជាក់​ថា មេឃុំ​បាយ​ដំ​រ៉ាំ លោក​ង៉ុ​ង ឆាន់​លី និង​អភិបាលស្រុក​បាណ​ន់ លោក​ជុំ ញ៉ ត្រូវ​ពលរដ្ឋ​ចោទប្រកាន់​ថា​បាន​សមគំនិត​គ្នា​ស៊ី​ញ៉េ​ឯកភាព លើ​លិខិតស្នើ​សុំ​សាងសង់​ផ្សារ​ឱ្យទៅ​បុគ្គល​ម្នាក់​ឈ្មោះ ច័ន្ទ សុភា ចាក់​ដី​លុប​ច្រាំង​ស្ទឹង​សង្កែ នៅ​ត្រង់​ក្បាលស្ពាន​បេ​ឡេ​ត៍​ត្រើយ​ខាងកើត ខាង​មុខ​វត្ត​បាយ​ដំ​រ៉ាំ​ស្ថិត​ក្នុងភូមិ​បាយ​ដំ​រ៉ាំ ឃុំ​បាយ​ដំ​រ៉ាំ ស្រុក​បាណ​ន់​ដើម្បី​បង្កើត​ផ្សារ និង​ស្ថានីយប្រេងឥន្ធនៈ​ដោយ​គ្មាន​ថ្នាក់ដឹកនាំ​ខេត្ត ឬ​មន្ទីរ​ជំនាញ​ណាមួយ​ដឹង​ឮ​ឡើយ ។

សកម្មភាព​ចាក់​ដី​លុប​ច្រាំង​ស្ទឹង​សង្កែ​ដើម្បី​ធ្វើ​ផ្សារ​នេះ បាន​ចាប់ផ្ដើម​តាំងពី​ដើម​ខែមករា​កន្លង​មកនេះ ដោយ​គ្មាន​មន្ត្រី ឬ​ថ្នាក់ដឹកនាំ​ខេត្ត​បានដឹង​ឡើយ តែ​ក្រោយ​ពី​មានការ​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន​នានា ទើប​បែកធ្លាយ​នូវ​រឿងអាស្រូវ​ពុក​រលួយ​រវាង​អាជ្ញាធរ​ឃុំ ស្រុក​ជាមួយ​ម្ចាស់​គម្រោង​ផ្សារ​តែ​ម្ដង ។

លោក ឡុ​ង ផលគុណ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​នៅ​ទីតាំង​ចាក់​ដី​លុប​ស្ទឹង​នោះ បាន​និយាយ​ថា ទីតាំង​ចាក់​ដី​លុប​ស្ទឹង​នោះ​មាន​ប្រវែង​៤០​ម៉ែត្រ​ពី​ច្រាំង​ស្ទឹង​រុលចូល​ទៅ​ក្នុង​ស្ទឹង និង​មានការ​សាងសង់​រោង​ឆ្អឹង​ដែក សម្រាប់​ធ្វើ​ផ្សារ​លក់ដូរ ដែល​សង់​បាន​៧០%​ទៅ​ហើយ​នៅ​ក្បែរ​គល់​ស្ពាន​បាយ​ដំ​រ៉ាំ​នោះ​តែ​ម្ដង ។

លោក​បាន​វាយតម្លៃ​តាម​លក្ខណៈ​បច្ចេកទេស​ដូច្នេះ​ថា បើ​ពិនិត្យ​ជាក់ស្ដែង និង​យោង​ទៅ​លើ​លក្ខណៈ​បច្ចេកទេស ការ​ចាក់​ដី​របៀប​នេះ​ធ្វើ​ឱ្យ​មានការ​ប្រែប្រួល​លំហូរ និង​ចរន្តទឹក​យ៉ាង​ខ្លាំង ដែល​បង្ក​ឱ្យ​មានការ​ជន់​លិច និង​ការ​បាក់​ច្រាំង​ស្ទឹង​យ៉ាង​ខ្លាំងក្លា​ទៀត​ផង ។ ដូច្នេះ​ការ​ចាក់​ដី​បែប​នេះ គឺជា​ការ​រំលោភ​បំពាន​ច្បាប់ និង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត ។

កោះសន្តិភាព​មិន​ទាន់​អាច​ទំនាក់ទំនង​សុំ​ប្រតិកម្ម​បែប​ណា​ពី​លោក ច័ន្ទ សុភា ម្ចាស់​គម្រោង​ផ្សារ​នេះ​បាន​ភ្លាម​ៗ​ទេ​នៅ​រសៀល​ថ្ងៃ​ទី​៥ មេ​សា​នេះ ជុំវិញ​លិខិត​ឱសានវាទ​របស់​រដ្ឋបាល​ខេត្ត ដែល​ទុក​រយៈពេល​១​ខែ​ឱ្យ​លោក​កាយ​ដី​ចេញ និង​រុះរើ​សំណង់​ផ្សារ​ចេញ​ឱ្យ​អស់ពី​មាត់​ស្ទឹង ។

ទោះជា​យ៉ាងណា​គេ​នៅ​ចាំ​មើល​ថា តើ​ការ​អនុវត្ត​ច្បាប់​របស់​លោក​មេឃុំ​បាយ​ដំ​រ៉ាំ និង​លោក​អភិបាលស្រុក​បាណ​ន់ ដែល​លោក​ទាំង​២​ជា​អ្នក​ស៊ី​ញ៉េ​ឯកភាព​ឱ្យ​គេ​ធ្វើ​ផ្សារ​នេះ មាន​ប្រសិទ្ធភាព​ឬ​អត់ ទៅ​លើ​បុគ្គល​មាន​លុយ មាន​ខ្សែ ដែល​ថ្លើមធំ​ហ៊ាន​ឃុបឃិត​គ្នា​ចាក់​ដី​លុប​ស្ទឹង​ធ្វើ​ផ្សារ​ខាងលើ​នេះ ។

មតិ​នានា​ក្នុង​ខេត្ត​និយាយ​ថា ការ​ចាក់​ដី​លុប​ស្ទឹង​បែប​នេះ មិនដឹង​ថា រត់ការ​អស់​ប៉ុន្មាន​ទេ​។ វា​មិន​ដែល​សុំ​មាត់ទទេ​បាន​ទេ​សម័យនេះ​។ មើលទៅ​មាន​តែ​សុំ​យក​មក​វិញ ព្រោះ​មេឃុំ និង​អភិបាលស្រុក​មាន​អំណាច​អន់​ពេក មិន​គួរ​ទុកចិត្ត​ទុក​ថ្លើម​បាន​ទេ ។ ថ្ងៃក្រោយ​ឱ្យ​ចេះ​រាង​ផង​…​បើ​មិន​រាង​ទេ សុំ​កុំ​រាង !!!