ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ឡាវ​ចូល​មក​កម្ពុជា​មាន​ចំនួន​កាន់តែ​កើនឡើង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ ភ្ញៀវ​ទេសចរ​ឡាវ​បាន​ចូល​មក​ទស្សនា​កម្ពុជា មាន​ចំនួន​កាន់តែ​ច្រើន​ឡើង​ៗ​គួរ​ឲ្យ​កត់សម្គាល់ ។ នេះ​ដោយសារ​តែ​កត្ដា​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ល្អ​ប្រសើរ និង

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ ភ្ញៀវ​ទេសចរ​ឡាវ​បាន​ចូល​មក​ទស្សនា​កម្ពុជា មាន​ចំនួន​កាន់តែ​ច្រើន​ឡើង​ៗ​គួរ​ឲ្យ​កត់សម្គាល់ ។ នេះ​ដោយសារ​តែ​កត្ដា​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ល្អ​ប្រសើរ និង​ការ​បើក​ច្រកព្រំដែន​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ។ ទន្ទឹម​នឹង​នេះ សេដ្ឋកិច្ច​ប្រទេស​ឡាវ​កើនឡើង ក៏​ជា​ចំណែក​មួយ​ជួយ​ជំរុញ​ឲ្យ​ប្រជាជន​ឡាវ​ចាប់ផ្ដើម​ធ្វើ​ដំណើរ​កម្សាន្ដ​ទៅ​ក្រៅប្រទេស​ផង​ដែរ ។

លោក ទិ​ត ច​ន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​ថ្លែង​ថា ភ្ញៀវ​ទេសចរ​ឡាវ​ចូល​មក​ទស្សនា​កម្ពុជា​មាន​ចំនួន​កើនឡើង​នោះ គឺ​អាស្រ័យ​ដោយ​កត្តា​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា រីក​ចម្រើន ជួយ​សម្រួល​ដល់​ដំណើរ​ទេសចរណ៍ គួប​ផ្សំ​នឹង​ជីវភាព​ប្រជាពលរដ្ឋ​ឡាវ​រីក​ចម្រើន​ផង​ដែរ ។

លោក​ថ្លែង​ថា ៖ « ក្នុង​រយៈពេល​២​ខែ (​មក​រា ដល់​កុម្ភៈ​ឆ្នាំ​នេះ​) ភ្ញៀវ​ទេសចរ​ឡាវ​បាន​ចូល​មក​ទស្សនា​កម្ពុជា មាន​ចំនួន​៦៥.៦៧៥​នាក់ ស្មើនឹង​៦,៤%​នៃ​ចំនួន​សរុប និង​កើនឡើង​ប្រមាណ​៦៤,៥% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៦ » ។ លោក​បញ្ជាក់​ថា ចំនួន​ទេសចរ​ឡាវ​កើនឡើង​ខ្ពស់ បើ​ធៀប​ទៅ​នឹង​កំណើន​ភ្ញៀវ​ទេសចរ​បណ្តា​ប្រទេស​នានា ដែល​ចូល​មក​ទស្សនា​កម្ពុជា នា​ដើមឆ្នាំ​២០១៧​នេះ ។

លោក​រដ្ឋលេខាធិការ​អះអាង​ថា ៖ «​កំណើន​ភ្ញៀវ​ទេសចរ​ឡាវ​ចូល​មក​ទស្សនា​កម្ពុជា ដោយសារ​តែ​កត្តា​ហេដ្ឋារចនាសម្ព័ន្ធនៅ​កម្ពុជា ខណៈ​យើង​បាន​ស្ថាបនា​ផ្លូវ ស្ពាន ត​ភ្ជាប់​តាម​ច្រក​អន្តរជាតិ​ត្រពាំង​ក្រៀល ឆ្ពោះទៅ​ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ រហូត​ទៅ​ដល់​ខេត្តសៀមរាប​អង្គរ​ថែម​ទៀត ដែល​បង្ក​ភាព​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​ឡាវ ។ ទន្ទឹម​នឹង​នេះ កម្ពុជា​-​ឡាវ ជា​ប្រទេស​ជាប់​ព្រំដែន​គ្នា ហើយ​ជា​បន្តបន្ទាប់ យើង​បាន​ផ្សព្វផ្សាយ​អំពី​ទេសចរណ៍​រួម​គ្នា​ច្រើន ក្នុង​ពេល​ពលរដ្ឋ​ឡាវ​បច្ចុប្បន្ន​មាន​ជីវភាព​ធូរធារ​ជាង​មុន​ផង​ដែរ » ។

គួរ​បញ្ជាក់​ថា ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​ទស្សនា​កម្ពុជា មាន​ចំនួន​១.០២៥.៥១២​នាក់ កើនឡើង​១២,១% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦ ។ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចិន​ឈរ​លំដាប់ថ្នាក់​លេខ​១ មាន​ចំនួន​១៧២.៤៣៨​នាក់ ស្មើនឹង​១៦,៤%​នៃ​ចំនួន​សរុប និង​កើនឡើង​ប្រមាណ​១៦,៧% ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦ ។ បន្ទាប់​មក ភ្ញៀវ​វៀតណាម​មាន​ចំនួន​១៤១.៣៩៤​នាក់ ស្មើនឹង​១៣,៨%​នៃ​ចំនួន​សរុប ថយ​ចុះ​ប្រមាណ​២,១% ប៉ុន្តែ​ភ្ញៀវ​មក​ពី​អា​មេ​រិ​ក​, បារាំង​, អង់គ្លេស​, អា​ល្លឺ​ម៉​ង់ និង​ជប៉ុន​បាន​កើនឡើង ៕