ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​គូលែន​ទីតាំង​ទេសចរណ៍ ​និង​ជាទី​សក្ការៈដ៏​ពេញ​និយម

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ភ្នំ​គូលែន ជា​ភ្នំ​ហៅ​តាម​ឈ្មោះ​រុក្ខជាតិ​មួយ​ប្រភេទ ។ ភ្នំ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ទិសឦសាន ចំងាយ​ប្រមាណ​ជាង​៥០​គីឡូម៉ែត្រ ពី​ទីរួមខេត្ត​សៀមរាប មាន​កម្ពស់​ពី​៣០០ ទៅ​៤០០​ម៉ែត្រ និង​មាន​

ខេត្តសៀមរាប ៖ ភ្នំ​គូលែន ជា​ភ្នំ​ហៅ​តាម​ឈ្មោះ​រុក្ខជាតិ​មួយ​ប្រភេទ ។ ភ្នំ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ទិសឦសាន ចំងាយ​ប្រមាណ​ជាង​៥០​គីឡូម៉ែត្រ ពី​ទីរួមខេត្ត​សៀមរាប  មាន​កម្ពស់​ពី​៣០០ ទៅ​៤០០​ម៉ែត្រ និង​មាន​បណ្តោយ​ជាង​៤០​គីឡូម៉ែត្រ ដោយ​សណ្តូក​លើ​អ័ក្ស​ដែល​មាន​ទិស​ដៅ​ពី​ទិសពាយ័ព្យ​ទៅ​ទិសអាគ្នេយ៍ ខ្នងភ្នំ​ជា​វាលរាប​លាតសន្ធឹង​តាម​បណ្តោយ​ជួរ​ភ្នំ និង​មាន​ខ្យល់អាកាស​ល្អ​បរិសុទ្ធ និង​មាន​មនុស្ស​រស់នៅ​ច្រើន ។

ភ្នំ​គូលែន ជាទី​តាំង​សក្ការៈ​មួយ ដែល​មាន​ភាព​ល្បីល្បាញ​ផ្នែក​វប្បធម៌​ប្រវត្តិសាស្ត្រ និង​ជា​រាជធានី​ដំបូង​គេ​នៅ​ក្នុង​យុគសម័យ​អង្គរ ដែល​តំណាង​ឱ្យ​សុខ​សន្តិភាព និង​ការ​បង្រួបបង្រួម​ជាតិ បន្ទាប់​ពី​អាណាចក្រ​ខ្មែរ​បាន​ចាក​ផុត​ពី​ការ​គ្រប់គ្រង​របស់​ពួក​ជ្វា​។

នា​ពេល ថ្មី​ៗ​កន្លង​មក ព្រះ​ចៅអធិការ​ស្តីទី សុខ វ​ណ្ឌី បាន​សំណូមពរ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ជា​ពិសេស​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍ សូម​ជួយ​ណែនាំ​ឱ្យ​ភ្ញៀវ​ដោះ​មួក ប​ឈ្ឈប់​ការ​ស្លៀកពាក់​ខ្លី ខើច​លើ ខើច​ក្រោម ចូល​ក្នុង​វត្ត​អារាម​ព្រះ​អង្គ​ធំ ដើម្បី​ថែរក្សា​តម្លៃ​ព្រះពុទ្ធ​សាសនា និង​ប្រពៃណី​ជាតិខ្មែរ ។

បច្ចុប្បន្ន​ភ្នំ​គូលែន បាន​ក្លាយ​ទៅ​តំបន់​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ ដ៏​មាន​សារសំខាន់ និង​ពោរពេញ​ទៅ​ដោយ​សក្តានុពល​ខាង​ផ្នែក​វប្បធម៌ និង​ធម្មជាតិ និង​ជា​កន្លែង​ផ្តល់​កំណើត​ដល់​អារ្យធម៌​អង្គរ ដែល​មាន​ភាព​ល្បីល្បាញ ។ ភ្នំ​គូលែន​គឺ​កោះ​មួយ​ស្ថិត​នៅ​កណ្តាល​សមុទ្រ ដែល​មាន​សំពៅ​ចិន​ចូល​ចត ហើយ​ក៏​មាន​ហេតុការណ៍​អាក្រក់​បាន​កើតឡើង ឱ្យ​សំពៅ​លិច​នៅ​ទីនោះ ។ ភ្នំ​គូលែន​គឺជា​អតីត​រាជធានី​ខ្មែរ​នៅ​សតវត្សរ៍​ទី​៩ គេ​តែង​រំលឹក​ដល់​ស្នា​ព្រះ​ហស្ត​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ ដែល​ជា​ព្រះ​មហា​ក្សត្រ​​ដ៏​ល្បីល្បាញ​មួយ​ព្រះ​អង្គ ក្នុង​សម័យកាល​នៃ​ចក្រភព​ខ្មែរ ។ ក្រោយ​ពី​សម្រេច​បាន​នូវ​ការ​បង្រួបបង្រួម​ជាតិ​នេះ ព្រះ​អង្គ​បាន​សម្រេច​ព្រះ​ទ័យ ជ្រើសរើស​យក​ភ្នំ​គូលែន ដើម្បី​រៀបចំ​ពិធី​ទេវរាជ​នៅ​ឆ្នាំ​៨០២ ក្នុង​បំណង​ប្រកាស​ពី​ការ​បង្រួបបង្រួម​ជាតិ និង​ឯករាជ្យ​ជាតិ ដោយ​បញ្ជាក់​ថា ចាប់ពី​ពេល​នេះ​ទៅ អាណាចក្រ​ខ្មែរ​លែង​ចំណុះ​ឱ្យ​ជ្វា​ទៀត​ហើយ ។

ភ្នំ​គូលែន​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ ដែល​ជាដើម​កំណើត​នៃ​អារ្យធម៌​អង្គរ សំណង់​ប្រាសាទ​ជា​ច្រើន ដែល​មានការ​តុបតែង​លំអ​ប្លែក​ៗ បាន​កសាង​ឡើង ហើយ​អ្នក​ស្រាវជ្រាវ​ចាត់​ទុក​ថា ជា​ការ​ចាប់ផ្តើម​នៃ​ទម្រង់​ស្ថាបត្យកម្ម​ថ្មី​មួយ​ត​ភ្ជាប់​ពី​សិល្បៈ​សម័យ​មុន​អង្គរ និង​សម័យ​អង្គរ​។

លោក​ព្រំ ជា ប្រធាន​គណៈកម្មការ​វត្ត​ព្រះ​អង្គ​ធំ បញ្ជាក់​ពី​ការ​ស្ថាបនា សាងសង់​វត្ត​ព្រះ​អង្គ​ធំ និង​ការ​បន្ត​សាងសង់​បន្ថែម​ទៀត​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ឱ្យទៅ​កម្សាន្ត​។ ការ​សាងសង់​ស្ថាបនា​វត្ត​ព្រះ​អង្គ​ធំ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ និង​សហគមន៍ ក្នុង​ឆ្នាំ​២០០៥ ។ លោក​ហាក់ ប៊ុ​ន​ថា និង​ឧកញ៉ា ឡាយ ម៉េ​ង​គិ​ន និង​លោក​ជំទាវ បាន​រៀបចំ​កសាង​ជណ្តើរ និង​បាំង​ដំបូល​ព្រះ​អង្គ​ធំ ឆ្នាំ​២០១២ លោក​ឧកញ៉ា​ទ្រី ភាព បាន​កសាង​សាលាឆាន់​មួយ មាន​ទទឹង​១៥​ម៉ែត្រ បណ្តា​យ​៣៥​ម៉ែត្រ ។

ក្រោយមក​គណៈកម្មការ​អាចារ្យវត្ត​បាន​ឃោសនារ​កប​ច្ឆ័​យ​ចាក់​បេតុង​ឡើង​ដល់​វត្ត​។  

លោក​ព្រំ ប៉ុន តំណាង​ព្រះសង្ឃ គណៈកម្មការ​អាចារ្យវត្ត និង​ប្រជាពលរដ្ឋ​រស់នៅ​លើ​ខ្នងភ្នំ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ឃុំ​ខ្នងភ្នំ​មាន​៩​ភូមិ បញ្ជាក់​ថា ប្រជាពលរដ្ឋ​ជួប​ប្រទះ​នឹង​ផល​ពិបាក​ក្នុង​ការ​ដឹក​ជញ្ជូន​សម្ភារ ដំណាំ​កសិផល និង​ការ​ធ្វើ​ដំណើរ ។ ត្រូវ​ចំណាយ​ពេលវេលា​មិន​តិច​ជាង​៣​ម៉ោង​សម្រាប់​ការ​ដឹក​ជញ្ជូន និង​ការ​ធ្វើ​ដំណើរ បើ​មាន​ផ្លូវ​ចុះ​ពីលើ​ខ្នងភ្នំ ចាប់ពី​ភូមិ​តា​ពេញ ទៅ​ស្រុក​ស្វាយ​លើ​គឺ​ចំណាយពេល​ត្រឹមតែ​២៥​ទៅ​៣០​នាទី​ប៉ុណ្ណោះ​។ ព្រះសង្ឃ ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍ សំណូមពរ​ឱ្យ​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ជា​ពិសេស​លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប សូម​ជួយ​កសាង​ផ្លូវ​ចុះ​ពីលើ​ខ្នងភ្នំ​តា​ពេញ ទៅ​ស្រុក​ស្វាយ​លើ ដើម្បី​ឱ្យ​ងាយស្រួល​ដល់​ការ​ទស្សនា​របស់​ភ្ញៀវ ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ទៅ​ទស្សនា​កម្សាន្ត​នៅ​រមណីយដ្ឋាន​បេង​មាលា បន្ត​ទៀត ដោយ​មិន​ចាំបាច់​បក​ក្រោយ​វិញ​ទេ​៕