រឿងព្រេងទាក់ទងនឹងពិធី «លើករាសី»
ទាក់ទិនពិធីលើករាសី តាមសៀវភៅ «ប្រពៃណីទំនៀមទម្លាប់ខ្មែរ» មានរឿងព្រេងតំណាលថា កាលពីព្រេងព្រឹទ្ធកន្លងយូរលង់ទៅហើយ មានមហាក្សត្រមួយព្រះអង្គ គ្រប់គ្រងប្រជារាស្ត្រ ដោយ
ទាក់ទិនពិធីលើករាសី តាមសៀវភៅ «ប្រពៃណីទំនៀមទម្លាប់ខ្មែរ» មានរឿងព្រេងតំណាលថា កាលពីព្រេងព្រឹទ្ធកន្លងយូរលង់ទៅហើយ មានមហាក្សត្រមួយព្រះអង្គ គ្រប់គ្រងប្រជារាស្ត្រ ដោយ
ទាក់ទិនពិធីលើករាសី តាមសៀវភៅ «ប្រពៃណីទំនៀមទម្លាប់ខ្មែរ» មានរឿងព្រេងតំណាលថា កាលពីព្រេងព្រឹទ្ធកន្លងយូរលង់ទៅហើយ មានមហាក្សត្រមួយព្រះអង្គ គ្រប់គ្រងប្រជារាស្ត្រ ដោយទសពិធរាជធម៌ ប្រកបដោយព្រះជន្មវស្សាច្រើនណាស់ទៅហើយ តែទ្រង់ពុំមានព្រះរាជបុត្រនឹងតព្រះរាជវង្សសោះ ។ ប្រជារាស្ត្រដែលគោរពព្រះអង្គស្មើដោយទេពតា នាំគ្នាឡើងសុំមកុដរាជកុមារ ដើម្បីកុំឱ្យផុតរាជ តទៅ កុំឱ្យប្រទេសនៅតែលតោល ឥតពឹងពំនាក់ដូចមាន់ព្រាត់មេ ។ ព្រះរាជា ក៏ព្រមតាមសេចក្តីអង្វរសុំ ហើយទ្រង់មានព្រះបញ្ជា ឱ្យអគ្គមហេសីរៀបពលិការថ្វាយទេពតា ប្រាថ្នាព្រះរាជបុត្រ។ ព្រះរាជទ្រព្យ ត្រូវបរិច្ចាគចែកចាយជាទានដល់ស្មូមយាចក ។ វត្តអារាម ព្រមទាំងក្រោមដើមជ្រៃទាំងឡាយ បរិបូរណ៍ដោយគ្រឿងតង្វាយពោរពាស មានផ្សែងធូបហុយទ្រលោម ។ ទេពតារំជួលខ្លាំង ក៏បានប្រសិទ្ធពរ តាមសេចក្តីបួងសួង ។ មិនយូរប៉ុន្មានព្រះរាជកុមារ ល្អដូចព្រះចន្ទពេញបូណ៌មី បានប្រសូតកណ្តាលសេចក្តីរីករាយ និងស័ព្ទសាធុការពរកងរំពង ។ ព្រះរាជាណាចក្រទាំងមូលសប្បាយអ៊ឹកធឹក គ្រប់ផ្លូវ គ្រប់ស្រុក គ្រប់ភូមិ គ្រប់ជនបទ ។ អ្នកសូមទាន អ្នកខ្វាក់ខ្វិន ក៏មានចំណែកក្នុងការត្រេកអរសាទរជាមួយគេដែរ ។
ព្រះរាជកុមារ ទទួលនូវសេចក្តីថ្នាក់ថ្នមដ៏ត្រកាល មានស្ត្រីបម្រើជាច្រើននាក់នៅប្រចាំការ ច្រៀងបំពេបី-ព រាល់ទិវារាត្រី ។ ព្រះវរមាតា ប្រោះព្រំព្រះរាជបុត្រជាបណ្តាច់បណ្តូលព្រះហឫទ័យ ដោយសេចក្តីស្នេហាជាទីបំផុត ។
លុះព្រះរាជបុត្របានចម្រើនវ័យធំហើយ ព្រះរាជាបានជ្រើសរើសអាមាត្រចំនួន៥០០នាក់ មានអាយុ ស្រករៗគ្នាក្នុងចំណោមកូនមន្ត្រីទាំងឡាយឱ្យនៅបម្រើជានិច្ច ។ សូម្បីប្រកបដោយសេចក្តីសុខដ៏ឆ្នើមដូច្នោះ ព្រះរាជកុមារ ក៏ពុំមានឈ្លក់ក្នុងសម្បត្តិទាំងនោះទេ ទ្រង់ចូលចិត្តសិក្សាវិជ្ជា ផ្សេងៗ បង្ហាញឱ្យឃើញស្តែងថា ទ្រង់ប្រកបដោយបញ្ញាវាងវៃ គួរជាទីពឹងដ៏ត្រជាក់នៃប្រជារាស្ត្របានមែន ទ្រង់ពុំដែលហ៊ានប្រព្រឹត្តកន្លងវិន័យព្រះរាជវង្សទេ ។ តែទោះបីទ្រង់ប្រាថ្នាយ៉ាងណាបានយ៉ាងនោះក៏ដោយព្រះរាជកុមារមិនអាចចុះទៅកាន់មាត់ស្ទឹងដែលហូរទៀបព្រះរាជវាំងបានឡើយ ព្រោះហោរាបានទំនាយថ្វាយថា «បើចង់ឱ្យព្រះនគរផុតមហន្តរាយ ព្រះរាជកុមារ មិនត្រូវយាងទៅក្រសាលនៅទីនោះទេ ទំនាយថា ៖ ត្រូវគ្រោះកាចដល់ទិវង្គត ដោយក្រពើអ្នកតាស្ទឹងនោះខាំ ក្នុងព្រះជន្មាយុ១៥ព្រះវស្សា ព្រះគ្រោះត្រូវព្រះអង្គារសោយព្រះអង្គចំនួន៧ខែ ៣ថ្ងៃ ២០នាទី។ ក្នុងពេលនោះ ថានឹងកើតភ័យជាច្រើន ក្រែងភ្លើងឆេះផ្ទះ ឬបង់បាត់ទ្រព្យរបស់ ពុំនោះទេ ក្រែងសត្រូវចាស់ប៉ងធ្វើទោស ឱ្យប្រយ័ត្នពីខាងទិសអាគ្នេយ៍ឱ្យណាស់មែនទែន ។ មួយទៀត ក្រែងចាកទីឋានលំនៅ ឬព្រាត់ប្រាសប្រពន្ធ កូន ឬក៏មិត្រសម្លាញ់ នូវខ្ញុំប្រុសស្រី ព្រាត់ចេញចាកទៅឆ្ងាយពីទីលំនៅ សឹងបណ្តាលឱ្យកើតទុក្ខច្រើន ព្រោះត្រូវរឿងកាលទោភី ដល់នឹងទោភាជាបារបស់ឯង ។ ទោភាជាបា ដល់ហើយបាក់កចាញ់ស្លាប់ខ្លួន បើថ្កាត់ ឱ្យប្រលែងឋានទៅទិសទក្សិណ ឱ្យបូជាព្រះអង្គារ ឱ្យនិមន្តព្រះសង្ឃ៤អង្គ ឬ៧អង្គសូត្រធម៌ជីវទានសូត្រលើករាសីរំដោះគ្រោះ» ។
រីព្រះមាតា និងព្រះបិតា កាលបើបានឮហោរាថ្វាយទំនាយហើយ ទើបព្រះបិតាបានចាត់ឱ្យពល១០០នាក់យាមល្បាតជានិច្ច ។
ព្រះរាជកុមារ តែងគង់លំហើយព្រះកាយនៅមាត់ព្រះបញ្ជរ គយគន់ពីលើមហាប្រាសាទ នូវស្ទឹងស្រស់ញញឹមដែលហូរ រឹមៗ តាមចន្លោះដើមឈើខៀវបំព្រង ។ ស្ទឹងដ៏សោភីនោះនៅជិតបង្កើយ តែហាក់ដូចជាស្ថិតនៅក្នុងលោកដទៃ ព្រោះព្រះអង្គពុំដែលបានស្គាល់សោះ ។ សកុណជាតិហើយឆ្វៀលឆ្វាត់ ឆ្លងពីត្រើយខាងនោះកាត់មកកញ្ជ្រោកកញ្ជ្រោលលេងសប្បាយ ក្នុងសួនព្រះរាជវាំង រួចនាំគ្នាហើរយំលេងប្រលែងសប្បាយ ខ្លះនាំពួកខាងណេះទៅកាន់ទីរមណីយដ្ឋានខាងនោះ ។ មនោគតិនៃព្រះរាជកុមារភោរភាវឡើង ពុំវែងជាប៉ុន្មានរយដងទេ ដែលទ្រង់ចង់ស្ទុះទៅរកតំបន់ពេញប្រៀបដោយសម្រស់ដ៏ឆើតឆាយនោះ ។
ប្រសិនបើមានស្លាបដូចបក្សីទៅហ្ន៎ ! តែទ្រង់មិនអាចគេចឱ្យផុតបានឡើយ អំពីការរវាំងរក្សារបស់ពួកអាមាត្រ ដែលទទួលបង្គាប់ជាដាច់ខាត ហើយដែលតាមឃ្លាំទ្រង់គ្រប់កន្លែង បីដូចស្រមោល ។
លុះជួបចូលក្នុងព្រះជន្ម១៥ព្រះវស្សា ព្រះរាជកុមារ ទន្ទឹងចាំឱ្យផុតមួយឆ្នាំ ឱ្យហួសកន្លងទៅដល់រវាងមួយឆ្នាំទៀត ដែលហាក់ដូចមួយសតវត្សរ៍ ។ ថ្ងៃមួយ ពួកមុខមន្ត្រី និងព្រះរាជវង្សានុវង្សខ្នះខ្នែងរៀបចំពិធីចម្រើនព្រះជន្មវស្សាព្រះមហាក្សត្រ មានការចាត់ចែងធ្វើបុណ្យជាឧឡារិកក្នុងព្រះរាជវាំង ។ ពួកអាមាត្រ នាំគ្នាភ្លើតភ្លើនសប្បាយអឺងកង ។ ឯអ្នកដទៃទៀត ក៏ខ្វល់គ្រប់គ្នា ទាំងនាម៉ឺនអាមាត្រ មុខមន្ត្រីចតុរង្គតូចធំ ។
ឃើញបានឱកាសដែលទ្រង់រង់ចាំយូរឆ្នាំមកហើយដូច្នោះ ព្រះរាជកុមារលបថយព្រះអង្គចេញទៅក្រៅ គេចចុះគេចឡើង ទាល់តែផុតពីការគយឃ្លាំនៃពួកពល ដែលរវល់តែពិនិត្យការខុសត្រូវក្នុងពិធីបុណ្យឱ្យបានរៀបរយ ។ ព្រះរាជកុមារ យាងទៅជិតស្ទឹងដោយព្រឺព្រួច ស្រាយទូកដែលចតនៅទីនោះ ស្តេចចុះទៅក្នុងទូក បណ្តោយឱ្យអណ្តែតទៅតាមខ្សែទឹក ព្រោះទ្រង់ពុំចេះចែវ ។ កូនទូកក៏លយ សន្សឹមៗទៅតាមដងស្ទឹងដែលដេរដាសដោយផ្កាគ្រប់ពណ៌ ក្រោមម្លប់ត្រឈឹងត្រឈៃ ដែលមានបក្សី តូចៗល្អវិចិត្រជជែកគ្នា អែៗ ។ តែការបាត់ព្រះរាជកុមារពីព្រះរាជវាំង ស្ងាត់មិនបានប៉ុន្មានទេ គេផ្អើលរកឈូឆរមួយរំពេច ។ ពួកអាមាត្រ រត់រកខ្វាត់ខ្វែងសព្វទីកន្លែង ។ ពួកពលឆ្លេឆ្លាចុះឡើង ប្រមូលគ្នានឹករអែងខ្លាចក្រែងព្រះរាជកុមារស្តេចចេញទៅលេងមាត់ស្ទឹង ទើបនាំគ្នាស្ទុះស្រទៅកាន់ទីគួរភ័យនោះ ។ កូនទូក ក៏បង្ហាញរាងឱ្យឃើញក្នុងចន្លោះដើមឈើពីរដើម នាំឱ្យអ្នកទាំងឡាយរីករាយសប្បាយចិត្ត ដោយនឹកស្មានថា អស់មានគ្រោះអ្វីហើយ ។ រំពេចនោះស្រាប់តែក្រពើអ្នកតាស្ទឹងងើបធ្លោឡើង នាំឱ្យពួកអាមាត្រ និងពួកពលភាន់ភាំងស្មារតី គ្រប់ៗគ្នា ខ្លះប្រឹងស្រែកភ្លាត់សំឡេង ខ្លះយកដុំថ្មគប់ ខ្លះវាយគោះឈើលាន់ទ្រហឹង ដើម្បីបន្លាចសត្វកំណាច ឱ្យមុជទៅក្នុងទឹកវិញ តែការខំទាំងប៉ុន្មាននោះឥតបានផលសោះ ។ ក្រពើហែលស្លោទៅរកទូក កាន់តែជិតណាស់ទៅហើយ ព្រះរាជកុមារក្លាហានណាស់ដែរ ក្នុងការតស៊ូនឹងសត្វក្រពើនោះ ទ្រង់កន្ត្រាក់បានច្រវាជាគ្រឿងអាវុធ រង់ចាំសត្រូវដោយឥតតក់ស្លុត ។ មាត់ស្ទឹងទាំងសងខាងពាសពេញទៅដោយមនុស្សម្នាខ្នាន់ខ្នាប់ ដែលរត់មកដោយការចង់ដឹង ចង់ឃើញ។ ក្រពើចូលដល់ទូកព្រះរាជកុមារ ។ ព្រះរាជកុមារសំពងក្បាលនឹងច្រវាអស់ទំហឹងដៃ ។ សត្វចង្រៃ ឈឺខ្លាំងបម្រះរមួលខ្លួនបែករលកខ្ចាយ ដោយអំណាចឃោរឃៅ វាយកន្ទុយបោកទូកធ្លាក់ព្រះរាជកុមារទៅក្នុងទឹក ហើយវាហាមាត់ធំចង្គ្រាង ត្របាក់ព្រះរាជកុមារ រួចក៏មុជទឹកបាត់ទៅ ឯទូក ក៏លិចក្នុងពេលនោះទៅដែរ ។
គេឮសូរស័ព្ទសំឡេងយំសោក នៅតាមដងស្ទឹង គួរសង្វេគអនេកប្បការ ។ ពួកពល ពួកអាមាត្រ បណ្តារាស្ត្រ កកកុញត្រៀបត្រានៅទីនោះ តែគ្មានឫទ្ធានុភាព នឹងជួយអនាគតមហារាជជាទីសង្ឃឹមមាំរបស់ខ្លួន ឱ្យរួចព្រះជន្មបានឡើយ ប្រុសៗតប់ក្បាល ស្រីៗសម្រក់ទឹកភ្នែកកន្ទក់កន្ទេញយំបម្រះននៀល ខ្លះស្រែកថា «ឱហ្ន៎! ព្រះទំនាយគ្មានខុសទេ !» ។
ដំណឹងឧឡារិកនេះ ជ្រែកបុណ្យគគ្រឹកគគ្រេង ជ្រែកសេចក្តីរីករាយសប្បាយផ្សាយដល់ព្រះរាជវាំង យ៉ាងឆាប់រហ័ស ។ ព្រះមហាក្សត្រ និងព្រះមហេសី ស្ទុះទៅទីរងគ្រោះ ទ្រង់បួងសួង បន់ស្រន់អស់ពួកទេពនិករអមរមេឃក្នុងចក្កវាឡ «សូមឱ្យជួយស្រោចស្រង់ព្រះរាជឱរស ជាបណ្តូលបណ្តាច់ព្រះទ័យ បើសម្រេចដូចសេចក្តីប្រាថ្នាហើយយើងខ្ញុំនឹងរៀបពលីការបូជា ឱ្យសម្បើមអស្ចារ្យជាងដែលធ្លាប់បានធ្វើ ពីមុនៗមក» ។
តែស្ទឹងតូចនៅទ្រមឹងទ្រមើយ ធ្វើជាថ្លង់មិនឮពាក្យបូរបាច់អង្វករសោះឡើយ ។ ក្សត្រទាំងពីរអង្គអស់ផ្លូវសង្ឃឹម ខំស្ងួនព្រះឥរិយានាពេលដែលមានទុក្ខដ៏ធ្ងន់បែបនោះ ទប់ព្រះស្មារតីខ្ជាប់ខ្ជួន មិនបញ្ចេញអាការរសាប់រសល់កណ្តាលទីប្រជុំជន ស្តេចយាងស្ងៀមត្រឡប់ទៅព្រះរាជនិវេសន៍វិញ ។ ពួកពល និងពួកអាមាត្រ ដើរឱនមុខសញ្ជប់សញ្ជឹង ហែហមព្រះអង្គទៅ ។ ចំណែកខាងប្រជារាស្ត្រ មិនទៅណាទេ នៅកើតទុក្ខក្តុកក្តួលរំជួលចិត្តជាអនេក ។ ការកម្សាន្តទាំងឡាយឈប់ស្ងាត់ឈឹង តូរ្យតន្ត្រីបាត់លាន់ឮទៀត អាហារភោជនដ៏ប្រណីតថ្លៃថ្លា ក៏ត្រជាក់អស់នៅក្នុងភាជន៍មាស ប្រាក់ ។ ព្រះរាជធានីទាំងមូល ហាក់ដូចត្រូវសណ្តំមួយរំពេច ។
យាងទៅដល់ព្រះបរមរាជវាំងកំបាំងពីភ្នែកអ្នកដទៃហើយ ព្រះមហាក្សត្រ និងព្រះអគ្គមហេសីក៏បណ្តែតបណ្តោយម្នោម្នេញ ឱ្យធ្លាក់ឱ្យធ្លាយចេញមកតាមសន្ទុះហៀរហូរព្រះជលនេត្រ ស្រោចស្រពជោកព្រះភក្ត្រា ទ្រង់មិនអស់ព្រះទ័យ និងមិនបានរៀបសពព្រះរាជបុត្រ ឱ្យសមរម្យតាមកិត្តិយសសោះ ទើបទ្រង់មានព្រះឱង្ការ ឱ្យតម្រួតចាត់ការបាចទឹកស្ទឹង នឹងយកសពព្រះរាជកុមារមកធ្វើបុណ្យតាមព្រះរាជបវេណី ។ លុះបានទទួលព្រះបង្គាប់ហើយ ពួកពលរាប់រយនាក់ ព្រមទាំងបណ្តារាស្ត្ររាប់ពាន់ នាក់នាំគ្នាខ្វល់ខ្វាយលើកទំនប់កាត់ស្ទឹង សុទ្ធតែដុំដី និងដុំឥដ្ឋ ដុំថ្ម ចាក់គរលើគ្នា ទាំងបង្គីៗ កិច្ចការជឿនលឿនយ៉ាងរហ័ស ធ្វើតែមួយថ្ងៃ ទំនប់ក៏ហើយស្រេច នាំគ្នាដុតចន្លុះបាចទឹកឱ្យរីងទាំងយប់ ។
ដល់ពេលអធ្រាត្រ ទំនប់ធ្លាយទៅ គេនាំគ្នាចាក់ដីពេញភ្លាម តែជាប់មិនយូរ ហើយខ្សែទឹកត្រង់នោះហូរមិនបានខ្លាំងប៉ុន្មានទេ តែសូម្បីប្រឹងប្រែងទប់ទល់យ៉ាងណា ក៏ជាការឥតអំពើ។ ទាល់គំនិត មេចាត់ការបានឱ្យទូងស្គរ ប៉ាវគង គ្រប់ស្រុកគ្រប់ភូមិ រកឆ្មាំទំនប់ តែគ្មានអ្នកណាឆ្លើយសោះ ។ល។ ស្រាប់តែជួបស្ត្រីមេម៉ាយក្មេងម្នាក់មានផ្ទៃពោះចំនួន៥ខែ ។ នាងចូលទៅជិតអ្នកប៉ាវគង សាកសួរកិច្ច គេៗប្រាប់តាមសេចក្តីសព្វគ្រប់ ។ ឯនាងបានព្រមចាំទំនប់ ។ គេឱ្យនាង១០បាត នាងសុខចិត្តចាំ គេកាត់កនាងស្លាប់។ ទំនប់នោះបាចរីងលែងធ្លាយ ។ គេចាប់ក្រពើសម្លាប់ វះពោះ យកសពព្រះរាជកុមារមកធ្វើបុណ្យជាឧឡារិកតាមព្រះរាជបវេណី បញ្ចុះធាតុសពស្រេចហោង ។
ដោយមានរឿងយ៉ាងនេះឯងហើយ ទើបសព្វថ្ងៃនេះ ជនជាតិខ្មែរយើង តែកាលណាមានគ្រូទាយឱ្យថា «នឹងមានគ្រោះ» តែងតែនិមន្តព្រះសង្ឃធ្វើពិធីកម្ចាត់គ្រោះ និងលើករាសី ព្រោះខ្មែរយើងតែងតែនិយាយថា «រាសីដាក់ អារក្សហ៊ានធ្វើ» ទើបគេរកព្រះសង្ឃឱ្យធ្វើពិធីលើករាសីឱ្យខ្ពស់ឡើង កុំឱ្យមានអ្វីមកបៀតបៀនបាន ៕
ចែករំលែកព័តមាននេះ