ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែង​ប្រជាប្រិយ​ខ្មែរ​«​ចោល​ឈូង​»​សម្រាប់​រដូវ​ចូល​ឆ្នាំ​ថ្មី

7 ឆ្នាំ មុន

ល្បែង​ឈូង ជា​ល្បែង​មួយ​យ៉ាង​របស់​កំលោះ​-​ក្រមុំ ឬ​មនុស្ស ចំណាស់​ៗ​ប្រុស​ស្រី​ទូ​ទាំង​ប្រទេស​កម្ពុជា ដោយ​គេ​តែង​លេង​នៅ​វេលា​យប់​ខែភ្លឺ​ក្នុង​រដូវ​ចូល​ឆ្នាំ​ថ្មី (​ខែចេត្រ​-​ពិសាខ​)​។ គេ​ចែក​គ្នា​ជា​២​ពួក

ល្បែង​ឈូង ជា​ល្បែង​មួយ​យ៉ាង​របស់​កំលោះ​-​ក្រមុំ ឬ​មនុស្ស ចំណាស់​ៗ​ប្រុស​ស្រី​ទូ​ទាំង​ប្រទេស​កម្ពុជា ដោយ​គេ​តែង​លេង​នៅ​វេលា​យប់​ខែភ្លឺ​ក្នុង​រដូវ​ចូល​ឆ្នាំ​ថ្មី (​ខែចេត្រ​-​ពិសាខ​)​។ គេ​ចែក​គ្នា​ជា​២​ពួក ប្រុស​១​ពួក ស្រី​១​ពួក ។ ក្នុង ១​ពួក​ៗ មាន​គ្នា​ចំនួន​ពី​១០​នាក់ ឬ​២០​នាក់​ឡើង​ទៅ ឈរ​ត្រៀម​ជា​២​ជួរ​ទល់មុខ​គ្នា ឃ្លាត​ពី​គ្នា​ប្រមាណ​ជា ៨ ឬ​១០​ម៉ែត្រ ។ គេ​យក​ក្រមា ឬ​កន្សែង​មក​ឆ្មូល​ឱ្យ​មូល​ចង​រឹត​ឱ្យ​តឹង​ណែន​ល្អ ទុក​ឱ្យ​មាន​កន្ទុយ​បន្តិច​ហៅ​ថា «​ឈូង​» សម្រាប់​កាន់​បោះ ឬ​ចោល​ទៅ​មក​រកគ្នា ។
ឈូង​មាន​២​បែប ៖

១-​ឈូង​ច្រៀង​រាំ
២-​ឈូង​លោះ​ខ្ញុំ

១-​ឈូង​ច្រៀង​រាំ ៖ 
មុន​ដំបូង​ពួក​ខាង​ប្រុស​បោះ​ឈូង​ទៅ​ឱ្យ​ពួក​ខាង​ស្រី​, ពួក​ខាង​ស្រី​ប្រុង​ចាប់​កុំឱ្យ​ធ្លាក់​ដល់​ដី បើ​ធ្លាក់​ដល់​ដី គេ​ចាត់ជា​ស្អុយ ហើយ​គេ​ផ្តើម​បោះ​ទៅ​ឱ្យ​ខាង​ប្រុស​វិញ​, ពួក​ខាង​ប្រុស​ប្រុង​ចាប់​កុំឱ្យ​ធ្លាក់​ដល់​ដី ។ កាល​ចាប់​បាន​ហើយ ចោល​សំដៅ​ទៅ​ពួក​ខាង​ស្រី គឺ​សំដៅ​នាង​ណា​ដែល​ខ្លួន​ស្ម័គ្រ បើ​ចោល​ខុស​គេ​ចាត់ជា​ស្អុយ រួច​គេ​ចាប់ផ្តើម​បោះ​ជា​ថ្មី​ទៀត បើ​ចោល​ត្រូវ​ស្រី​ណា​ហើយ ស្រី​នោះ​ច្រៀង​រាំ​យក​ឈូង​ទៅ​ជូន​ខាង​ប្រុស ហៅ​ថា​ច្រៀង​រាំ​ជូន​ឈូង ។ របៀប​ច្រៀង​រាំ​នោះ ម្នាក់​កាន់​ឈូង​នាំមុខ ម្នាក់​ដៃទទេ​រាំ​តាម​ក្រោយ ហើយ​ច្រៀង​ជា​ទំនុក​ថា «​ប្អូន​ចាប់​ឈូង​បាន ឈូង​បែក​ជា​បួន ព្រលឹង​ប្រុស​ស្ងួន ទទួល​ឈូង​ទៅ​» ។ ពួក​ស្រី​ៗ​ក្រៅពី​នោះ​គ្រប់​គ្នា​ទទួល​បន្ទរ​ថា «​ឱ​ណា​កែវ កែវ​ពី​អា ឱ​ណា​កែវ​អឺយ អឺ​អឺ​ង​អឺយ​!» រួច​ហើយ​ហុច​ឈូង​នោះ​ទៅ​ឱ្យ ប្រុស​ៗ​ទទួលយក ហើយ​ក៏​ផ្តើម​បោះ​ឈូង​នោះ​ទៅ​ឱ្យ​ពួក​ខាង​ស្រី​ចាប់​វិញ​។

បើ​ពួក​ស្រី​ចាប់​ឈូង​បាន​ក៏​ចោល​ឈូង​សំដៅ​ទៅ​ពួក ប្រុស​ៗ បើ​ចោល​ត្រូវ​ប្រុស​ណា ប្រុស​នោះ​ត្រូវ​រាំ​នាំ​ឈូង​ទៅ​ជូន​ស្រី ដោយ​ច្រៀង​ជា​ទំនុក​ថា «​បង​ចាប់​ឈូង​បាន បង​បីត្រកង ព្រលឹង​មាសបង ទទួល​ឈូង​ទៅ​» ។ ពួក ប្រុស​ៗ​គ្រប់​គ្នា​ទទួល​បន្ទរ​ថា «​ឱ​ណា​កែវ កែវ​ពី​អា ឱ​ណា​កែវ​អឺយ អឺ​អឺ​ង​អឺយ !» ហើយ​ក៏​ហុច​ឈូង​នោះ​ទៅ​ឱ្យ​ពួក ស្រី​ៗ​ទទួលយក ទើប​ផ្តើម​បោះ​តទៅ​ទៀត ។

២-​ឈូង​លោះ​ខ្ញុំ ៖
ដើមដំបូង​ខាង​ប្រុស​គេ​ផ្តើម​ច្រៀង​១​ទំនុក​ជា​មុន ។ ឯ​ទំនុកច្រៀង​ឈូង​មាន​ច្រើន​បែប ប្លែក​ៗ​ទៅ​តាម​ប្រាជ្ញា​របស់​អ្នក​នាំ​ច្រៀង និង​តាម​ស្រុក​។ ទី​នេះ​ស្រង់​យក​តែ​ទំនុក​ធម្មតា ដែល​អ្នកលេង​ឈូង​គ្រប់​ស្រុក​គេ​តែង​ច្រៀង​គ្រប់​គ្នា​ថា ៖

«​បង​បោះ​ឈូង​ទៅ អូន​អើយ​កម្ពស់​ចុង​ដូង (​ស្ទួន​) ក្រមុំ​ឈរ​ច្រូង អូន​អើយ​ទទួល​ឈូង​បង​» ឬថា «​បង​បោះ​ឈូង​ទៅ ឈូង​បែក​ជា​បួន ស្រី​ណា​មានខ្លួន ទទួល​ឈូង​បង​» ។​ល​។

ច្រៀង​ហើយ​គេ​ស្រែក​ប្រាប់​ថា «​ឈូង​អើយ ឈូង​!» ហើយ​អ្នក​ផ្តើម​ទំនុក​ក៏​បោះ​ឈូង​ទៅ​លើ​ពួក ស្រី​ៗ ឱ្យ​ពួក ស្រី​ៗ​ចាប់ ។ ខាង​ស្រី​ចាប់​ឈូង​បាន គេ​ចោល​សំដៅ​ទៅ​រក​ប្រុស​ណា​ដែល​ត្រូវចិត្ត បើ​ចោល​ទៅ​ត្រូវ​ប្រុស​ណា គេ​ទៅ​ចាប់​យក​ប្រុស​នោះ​មក​ទុក​ខាង​ពួក​គេ ។ បើ​ចោល​មិន​ត្រូវ​ទេ ខាង​ប្រុស​គេ​ចាប់​ឈូង​នោះ​ចោល​សំដៅ​មក​រក​ស្រី​ណា​ដែល​គេ​ស្ម័គ្រ បើ​ខាង​ប្រុស​ចោល​មក​ត្រូវ​ខាង​ស្រី​ហើយ ប្រុស​ម្នាក់​ដែល​ស្រី​ចាប់​យក​ទៅ​លើក​មុន​នោះ ត្រូវ​បាន​រួចខ្លួន បើ​ប្រុស​ចោល​មិន​ត្រូវ​ស្រី​វិញ​ទេ ប្រុស​ម្នាក់​នោះ​ត្រូវ​នៅ​ខាង​ស្រី​ដដែល ។ បើ​ខាង​ណា​ប៉ិន​ប្រសប់​គេ​ចោល​យក​ខាង​ម្ខាង​ទាល់តែ​អស់ ។ កាលណា​អស់​គ្នា​ហើយ​គេ​ផ្តើម​លេង​សា​ជា​ថ្មី ដោយ​ឱ្យ​ខាង​ស្រី​បោះ​ឈូង​ទៅ​ឱ្យ​ខាង​ប្រុស​មុន​វិញ ។ មុន​នឹង​ស្រី​ៗ​បោះ​ឈូង​ទៅ​ឱ្យ​ប្រុស គេ​ស្រែកច្រៀង​ថា «​អូន​បោះ​ឈូង​ទៅ បង​អើយ​កម្ពស់​ចុង​ស្លា ប្រុស​ឈរ​ត្រៀបត្រា បង​អើយ​ទទួល​ឈូង​ប្អូន​» ។ល​។ ច្រៀង​ហើយ​គេ​ស្រែ​កថា «​ឈូង​អឺយ ឈូង !» ហើយ​គេ​បោះ​ឈូង​ទៅ​លើ​ពួក ប្រុស​ៗ ។

ឯខាង​ប្រុស បើ​ចាប់​ឈូង​ខាង​ស្រី​បាន​ហើយ គេ​ចោល​ឈូង​នោះ​សំដៅ​ទៅ ស្រី​ៗ កាលណា​ត្រូវ​លើ​ស្រី​ណា​ម្នាក់ គេ​ចាប់​យក​ស្រី​នោះ​មក​ទុក​ខាងគេ ។ បើ​ខាង​ណា​អស់​មនុស្ស គេ​ចែក​គ្នា​លេង​សា​ជា​ថ្មី ។

មនុស្ស​ដែល​គេ​ចាប់​បាន​នោះ​ជួនកាល​គេ​ចង​មុខ​ឱ្យ​ជិត លែងឱ្យរ​ត់ទៅ​កាន់ ទី​ផ្សេង​ៗ ជា​ការ​កម្សាន្ត​សប្បាយ ។

របៀប​លេង​បែប​ទី​២ នេះ​ជួនកាល​អ្នកលេង គេ​ច្រូតកាត់​មិនបាច់​ច្រៀង ស្រាប់តែ​ចោល​តែ​ម្តង​ក៏​មាន ។

ល្បែង​នេះ​រាប់​ចូល​ក្នុង​ពួក​ការ​ហាត់​ភ្នែក​ឱ្យ​វៃ ហាត់​ដៃ​ឱ្យ​ត្រង់​ផង ជា​ការ​កម្សាន្ត​សប្បាយ​ដោយ​មានការ​រាំច្រៀង​លាយ​ជាមួយ​ផង (​យោង​តាម​សៀវភៅ «​ល្បែង​ប្រជាប្រិយ
ខ្មែរ​») ៕