ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នឹង​ចូលរួម​យុទ្ធនាការ​ប្រើប្រាស់​ថាមពល​ប្រកបដោយ​ប្រសិទ្ធភាព

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ ចិន​នឹង​ចូលរួម​យុទ្ធនាការ​ប្រើប្រាស់​ថាមពល​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត​របស់​ពិភពលោក ក្នុង​រយៈពេល​២​ទសវត្សរ៍​ទៀត និង​ជួយ​ជំរុញ​កំណែទម្រង់​ថាមពល​សកល ដោយ​អភិវឌ្ឍ​ថាមពល​កកើត

ប្រទេស​ចិន ៖ ចិន​នឹង​ចូលរួម​យុទ្ធនាការ​ប្រើប្រាស់​ថាមពល​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត​របស់​ពិភពលោក ក្នុង​រយៈពេល​២​ទសវត្សរ៍​ទៀត និង​ជួយ​ជំរុញ​កំណែទម្រង់​ថាមពល​សកល ដោយ​អភិវឌ្ឍ​ថាមពល​កកើត​ឡើង​វិញ​។ នេះ​បើ​តាម​ក្រុមហ៊ុន​ប្រេង British Petroleum​។

ក្រុមហ៊ុន BP បាន​ព្យាករ​ក្នុង​របាយការណ៍​នៅ​ទីក្រុង​សៀង​ហៃ​ថា ការ​ប្រើប្រាស់​ថាមពល​របស់​ប្រទេស​នេះ ក្នុង​១​ឯក​តា​នៃ​ផលិតផល​ក្នុងស្រុក​សរុប នឹង​ធ្លាក់​ចុះ​៣%​ក្នុង​១​ឆ្នាំ លឿន​ជាង​ការ​រំពឹង​ទុក​នៃ​ការ​ធ្លាក់​ចុះ​មធ្យម​កម្រិត​សកល​។ វា​នឹង​ធ្វើ​ឲ្យ​ចិន​ខិត​កាន់តែ​ជិត​កម្រិត​បណ្តា​ប្រទេស​ជឿនលឿន​ដូច​ជា សហរដ្ឋអាមេរិក នៅ​ឆ្នាំ​២០៣៥ ។

លោក Spencer Dale ប្រធាន​សេដ្ឋកិច្ចវិទូ​របស់​ក្រុមហ៊ុន BP ឲ្យ​ដឹង​ថា កំណើនសេដ្ឋកិច្ច​ចិន​កំពុង​ផ្លាស់​ប្តូរ​ឆ្ងាយ​ពី​ទិន្នផល​ឧស្សាហកម្ម​ប្រើប្រាស់​ថាមពល​ច្រើន ខណៈ​មានការ​ជំរុញ​បន្ថែម​ដោយ​អ្នក​ប្រើប្រាស់ វិស័យ​សេវាកម្ម និង​ផលិតកម្ម​ទំនើប ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធភាព​ប្រើប្រាស់​ថាមពល ។

ទន្ទឹម​នឹង​នេះ ប្រទេស​ចិន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​រួមចំណែក​ដល់​ការ​កើនឡើង​តម្រូវការ​ចំនួន​៣៥% នៃ​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​នៅ​ទូ​ទាំង​ពិភពលោក ក្នុង​រយៈពេល​២​ទសវត្សរ៍​ខាង​មុខ ដែល​អាច​រួមចំណែក​ដល់​ការ​ធ្វើ​កំណែទម្រង់​ថាមពល​សកល ។

រដ្ឋាភិបាល​កណ្តាល​ចិន​សន្យា​ថា សមាមាត្រ​នៃ​ការ​ប្រើប្រាស់​ប្រេង​មិនមែន​ផូស៊ីល​នេះ គួរតែ​កើនឡើង​លើស​ពី​១៥%​នៅ​ត្រឹម​ឆ្នាំ​២០២០ ពី​១២%​ក្នុង​ឆ្នាំ​២០១៥ ហើយ​ការ​ប្រើប្រាស់​ធ្យូងថ្ម គួរ​ត្រូវ​បាន​កាត់​បន្ថយ​ឲ្យ​នៅ​ក្រោម​៥៨%​នៃ​ការ​ប្រើប្រាស់​ថាមពល​សរុប ពី​៦៤%​នៅ​ឆ្នាំ​២០១៥​។ នេះ​បើ​តាម​ផែនការ​ទី​១៣ មាន​រយៈពេល​៥​ឆ្នាំ (២០១៦-២០២០) ។

លោក Dale ឲ្យ​ដឹង​ថា ការ​ប្រើប្រាស់​ធ្យូងថ្ម​នៅ​លើ​ពិភពលោក នឹង​ចាប់ផ្តើម​ធ្លាក់​ចុះ​នៅ​ឆ្នាំ​២០២៥ ដែល​ជំរុញ​ឲ្យ​ផ្លាស់​ប្តូរ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​របស់​ចិន ជំនួស​ដោយ​ប្រេងឥន្ធនៈ​ផ្តល់​ភាព​ស្អាត​ដល់​បរិស្ថាន និង​បញ្ចេញ​ឧស្ម័ន​កាបូន​តិច​ជាង​មុន ៕