ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​អនុវត្ត​យុទ្ធនាការ​ប្រជាភិថុតិ​ជាមួយ EU និង​ប្រុង​ប្រយ័ត្ន​ជាមួយ​លោក Trump

7 ឆ្នាំ មុន

ទីក្រុង​ព្រុ​ច​សែ​ល ៖ អ្នកការទូត​របស់​អឺរ៉ុប​និយាយ​ថា ប្រទេស​ចិន​បាន​ចាប់ផ្តើម​យុទ្ធនាការ​ប្រជាភិថុតិ​ជាមួយ​សហភាព​អឺរ៉ុប តាំងពី​លោក ប្រធានាធិបតី Donald Trump ឡើង​កាន់​តំណែង​មក ហើយ​ប្រទេស​នេះ​

ទីក្រុង​ព្រុ​ច​សែ​ល ៖ អ្នកការទូត​របស់​អឺរ៉ុប​និយាយ​ថា ប្រទេស​ចិន​បាន​ចាប់ផ្តើម​យុទ្ធនាការ​ប្រជាភិថុតិ​ជាមួយ​សហភាព​អឺរ៉ុប តាំងពី​លោក ប្រធានាធិបតី Donald Trump ឡើង​កាន់​តំណែង​មក ហើយ​ប្រទេស​នេះ​បាន​ងាក​ទៅ​គាំទ្រ​ការ​ចរចា​ពាណិជ្ជកម្ម និង​ផ្តល់​សញ្ញា​ថា នឹង​មាន​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​ក្នុង​បញ្ហា​ផ្សេងៗ ។

អ្នកតំណាង​អឺរ៉ុប​នៅ​ទីក្រុង​ព្រុ​ច​សែ​ល និង​ប៉េ​កាំ​ង​ប្រទះ​ឃើញ​ថា ប្រទេស​ចិន​ចាំបាច់​ស្វែងរក​ដៃគូ​ដែល​គាំទ្រ​ការ​ធ្វើ​សកលភាវូបនីយកម្ម ខណៈ​មានការ​បារម្ភ​ថា លោក Trump អាច​នឹង​ប៉ះពាល់​តាម​រយៈ​គោលនយោបាយ​អា​មេ​រិ​ក​ទី​១ របស់​លោក ។

អ្នកការទូត​ម្នាក់​នៅ​ក្រុង​ប៉េ​កាំ​ង​និយាយ​ថា ៖ « លោក Trump កំពុង​តែ​ជំរុញ​ឲ្យ​ប្រទេស​ចិន និង​អឺរ៉ុប​សហការ​គា្ន » ។

ឧត្តម​អ្នកការទូត និង​មន្ត្រី EU ចំនួន​៤​រូប​ដែល​មាន​ទំនាក់ទំនង​ជិតដិត​ជាមួយ​ចិន ប្រាប់​ថា ពួក​គេ​មើលឃើញ​ឱកាស​ដោះស្រាយ​បញ្ហា​អាជីវកម្ម រួម​មាន​សន្ធិសញ្ញា​ដែល​នឹង​បង្កើន​លំហូរ​ការ​វិនិយោគ​ផង​ដែរ ។

ប៉ុន្តែ​ក្រុម​អាជីវករ​របស់ EU គ្មាន​សុទិដ្ឋិនិយម​ទេ ដោយ​ពួក​គេ​បាន​បង្ហាញ​ភាព​មិន​ពេញចិត្ត​ជាមួយ​ការ​លំបាក​ចូល​ទៅ​ក្នុង​ទីផ្សារ​ចិន និង​ជំរុញ​ឲ្យ​ឆ្លើយ​តប​កាន់តែ​ច្បាស់លាស់​ជាង​នេះ ។

អ្នកការទូត​ខាងលើ​និយាយ​ថា សញ្ញា​ច្បាស់​ជាងគេ​ក្នុង​ការ​បង្ហាញ​ពី​ភាព​ផ្លាស់​ប្តូរ​រវាង​ប្រទេស​ទាំង​ពីរ គឺ​ចិន​បាន​សម្រេចចិត្ត​ថា នឹង​បោះបង់​ចោល​យុទ្ធនាការ​សាធារណៈ ដែល​ធ្វើ​ឡើង​ដើម្បី​ឲ្យ​សហភាព​អឺរ៉ុប​ទទួលស្គាល់​ប្រទេស​ខ្លួន​ថា ជា​សេដ្ឋកិច្ច​ដឹកនាំ​ដោយ​ទីផ្សារ មិនមែន​រដ្ឋ​ទេ ។

គួរ​បញ្ជាក់​ថា ការ​មានឈ្មោះ​ជា​សេដ្ឋកិច្ច​ទីផ្សារ​នេះ នឹង​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​ពិបាក​ដាក់​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ចិន ។

អ្នកការទូត​ខាងលើ​បន្ត​ថា ៖ « ឈ្មោះ​ជា​សេដ្ឋកិច្ច​ទីផ្សារ គឺ​កំពុង​នៅ​ក្រោម​ការ​ចរចា​ក្នុង​កម្រិត​យ៉ាង​ទាប​មួយ ។ នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ប្រជាភិថុតិ » ។

អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន លោក Hua Chunying និយាយ​ថា បញ្ហា​នេះ​នៅ​តែ​មាន​អាទិភាព​ខ្ពស់​សម្រាប់​ប្រទេស​ខ្លួន ហើយ​លោក​កត់​សម្គាល់ថា ចិន​មាន​ចំណាប់អារម្មណ៍​ធ្វើ​ជា​ដៃគូ​ដ៏​ខ្លាំងក្លា​ជាមួយ​EU ។

ជាមួយ​គ្នា​នេះ ប្រទេស​ចិន​បាន​ប្រាប់​មន្ត្រី​អឺរ៉ុប​ថា ពួក​គេ​ចង់​លើក​ថ្ងៃ​ប្រជុំ​ប្រចាំឆ្នាំ​ជាមួយ​សហភាព​អឺរ៉ុប​ក្នុង​ខែកក្កដា ។ អ្នកការទូត​និយាយ​ថា ខ្លួន​កំពុង​រក​ថ្ងៃ​ដែល​សមរម្យ​នៅឡើយ ៕