ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិន្នផល​ស្វាយកែវ​រមៀត​មាន​ហាងឆេង​ល្អ​ជាង​ដំឡូង​មី​នៅ​ខេត្ត​ប៉ៃលិន

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ផល​ផ្លែស្វាយ​កែវ​រមៀត ពិតជា​មាន​ហាងឆេង​ល្អ​ ពោល​គឺ​មាន​ទីផ្សារ​ល្អ​ប្រសើរ​ជាង​ដំណាំ​ពោត ដំឡូង​មី ខណៈ​ឈ្មួញ​មួយ​ចំនួន​កំពុង​សម្រុក​ទិញ

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ផល​ផ្លែស្វាយ​កែវ​រមៀត ពិតជា​មាន​ហាងឆេង​ល្អ​ ពោល​គឺ​មាន​ទីផ្សារ​ល្អ​ប្រសើរ​ជាង​ដំណាំ​ពោត ដំឡូង​មី ខណៈ​ឈ្មួញ​មួយ​ចំនួន​កំពុង​សម្រុក​ទិញ​ផ្លែស្វាយ​ទាំងនេះ ដឹក​តាម​រថយន្ត​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ និង​តាម​ទីផ្សារ​នានា​ក្នុង​ខេត្ត​ប៉ៃលិន បាត់ដំបង ពោធិ៍សាត់ និង​រហូត​ដល់​រាជធានី​ភ្នំពេញ​​ផង​ដែរ ។ លើស​ពី​នេះ បច្ចុប្បន្ន​ដំណាំ​ផ្លែស្វាយ​កែវ​រមៀត ត្រូវ​បាន​ម្ចាស់​ចម្ការ​កំពុង​ប្រមូល​ផល​ក្នុង​១​ឆ្នាំ​រហូត​ដល់​ចំនួន​៣​ដង ដោយ​ដាក់​អ៊័​រ​ម៉ូ​ន​បញ្ជា​ឱ្យ​ផ្លែ​ចំនួន​២​ដង និង​ផ្លែ​តាម​រដូវ​កាល​១​ដង ។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២៨ មីនា កសិករ​ម្នាក់​ឈ្មោះ ជុង ចំណាន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ បាន​ប្រមូល​ផល​ស្វាយ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ចម្ការ​ភូមិ​កូន​ខ្លុង សង្កាត់​អូរ​តាវៅ ក្រុងប៉ៃលិន ។

តាម​លោក ភឿន ហៅ​តា​ស្វិត អាយុ​៤៧​ឆ្នាំ ជា​ឈ្មួញ​មក​ពី​ខេត្តបាត់ដំបង បាន​រៀបរាប់​ឱ្យ​ដឹង​ថា ស្វាយកែវ​រមៀត​បច្ចុប្បន្ន​មាន​ហាងឆេង​ល្អ​ជាង​ពោត និង​ដំឡូង​មី ដោយ​ផ្លែស្វាយ​កែវ​រមៀត​មួយ​គីឡូក្រាម​ខាង​លោក​ទិញ​ថ្លៃ​ពី​៧​ទៅ​៨​បាត (​ប្រាក់​ថៃ​) ហើយ​យក​ទៅ​លក់​បន្ត​បាន​ថ្លៃ​ក្នុង​១​គីឡូក្រាម​ពី​៩​ទៅ​១០​បាត ជួនកាល​បាន​១៥​បាត ។

លោក​បន្ត​ទៀត​ថា ជា​រៀងរាល់ថ្ងៃ ឱ្យ​តែ​ដល់​រដូវ​ប្រមូល​ផល​ស្វាយ ខាងលើ​លោក​តែងតែ​ជួល​កម្មករ​នៅ​តាម​ភូមិ​មក​បេះ​ផ្លែស្វាយ​ក្នុង​ចម្ការ​ប្រជា​កសិករ​ជា​ច្រើន​កន្លែង ដោយ​​ក្នុង​១​ថ្ងៃ ម្នាក់​ៗ​ទទួល​បាន​ចំនួន​៣​ម៉ឺន​រៀល ។ ការ​បេះ​ផ្លែស្វាយ​នេះ​ក្នុង​១​ថ្ងៃ​អាច​បាន​ចំនួន​១០​ទៅ​១៥​តោន ច្រក​ថង់​ដាក់​ចូល​ក្នុង​កញ្ឆេ រួច​ដឹក​តាម​រថយន្ត​របស់​ខ្លួន​យក​ទៅ​លក់​ចែកចាយ​តែ​ម្តង ។ លោក​បញ្ជាក់​ថា ការ​រកស៊ី​ជួញដូរ​ផ្លែស្វាយ​នេះ មិន​មានការ​ខាតបង់​អ្វី​នោះ​ទេ បើ​ខាង​ថៃ​អត់​ទិញ​ទេ លោក​ដឹក​យក​ទៅ​លក់​តាម​ទីផ្សារ​ខ្មែរ​នៅ​តាម​ខេត្ត​ផ្សេង​ៗ​ក្នុង​ប្រទេស​កម្ពុជា ។

ចំណែក​ម្ចាស់​ចម្ការ​ស្វាយ​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ចម្ការ​របស់​គាត់​ដាំ​ដើម​ស្វាយកែវ​រមៀត​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​ទទួល​បាន​ផល​៣​ទៅ​៤​ឆ្នាំ​មក​ហើយ​ដែរ ដោយ​បេះ​ម្តង​ៗ​ម៉ៅ​លក់​ឱ្យ​ឈ្មួញ​បេះ​ខ្លួនឯង​ក្នុង​១​គីឡូក្រាម​ថ្លៃ​ពី​៦​ទៅ​៧​បាត (​ប្រាក់​ថៃ​) ហើយ​បើ​ផ្លែ​ធំ​ៗ​ក៏​លក់​បាន​ថ្លៃ​លើស​នេះ​ដែរ​។ គាត់​បញ្ជាក់​ទៀត​ថា ការ​ដាំ​ស្វាយ​នេះ​មិន​ខាត​ដូច​ជា​ដំណាំ​ដំឡូង​មីនោះ​ទេ ព្រោះ​អី​ហាងឆេង​គ្រាន់បើ​ជាង​មុន ខណៈ​ដំឡូង​មី កាន់តែ​ធ្លាក់​ថ្លៃ​ទៅ​ៗ ដោយសារ​តែ​ភ្លៀង​ជោកជាំ​ខ្លាំង​ពេក ត្រូវ​ក្រុម​ឈ្មួញ​បន្ថោក​តម្លៃ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ប្រជាពលរដ្ឋ​មិនដឹង​ជា ត្រូវ​ដាំ​ដំណាំ​អ្វី ទុក​ដំណាំ​អ្វី​នោះ​ទេ ខណៈ​ដាំពោត ពេល​ប្រមូល​ផល បែរជា​តម្លៃ​ធ្លាក់​ចុះ លុះ​ក្រោយមក​ឃើញ​ដំឡូង​មី​ឡើងថ្លៃ ពួក​គាត់​នាំ​គ្នា​ដាំដំឡូង​មី នៅ​ពេល​ទទួល​បាន​ផល​ស្រាប់តែ​លក់​ថោក សង​ជំពាក់​បំណុល​គេ​មិន​គ្រប់ ។ មើលទៅ​ពួក​គាត់​មួយ​ចំនួន​ប្រហែលជា​យក​​ដី​ខ្លះទៅ​ដាំ​ដំណាំ​ស្វាយ និង​ដំណាំ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន​ម្តង​វិញ ដោយ​បោះបង់​ចោលការ​ដាំពោត និង​ដំឡូង​មី​ទុក​មួយ​ឡែកសិន ៕