ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ងើបឡើង​នៃ​ទីផ្សារ​អចលនទ្រព្យ​ហុងកុង​អាច​នឹង​បន្ត​ទៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ

7 ឆ្នាំ មុន

ទីក្រុង​ហុងកុង ៖ មហាសេដ្ឋី​មាន​ជាងគេ​របស់​ហុងកុង លោក Li Ka-Shing អះអាង​ថា ការ​ងើបឡើង​វិញ​នៃ​ទីផ្សារ​អចលនទ្រព្យ ដែល​កំពុង​តែ​ជំរុញ​ឲ្យ​តម្លៃ​កើនឡើង​នេះ អាច​នឹង​បន្ត​កើត​មាន​ឡើង​ប្រមាណ

ទីក្រុង​ហុងកុង ៖ មហាសេដ្ឋី​មាន​ជាងគេ​របស់​ហុងកុង លោក Li Ka-Shing អះអាង​ថា ការ​ងើបឡើង​វិញ​នៃ​ទីផ្សារ​អចលនទ្រព្យ ដែល​កំពុង​តែ​ជំរុញ​ឲ្យ​តម្លៃ​កើនឡើង​នេះ អាច​នឹង​បន្ត​កើត​មាន​ឡើង​ប្រមាណ​២​ឆ្នាំ​ទៀត ខណៈ​តម្រូវការ​កើនឡើង ។

អគ្គនាយក អាយុ​៨៨​ឆ្នាំ របស់​ក្រុមហ៊ុន Cheung Kong Property Holdings Ltd និង CK Hutchison Holdings Ltd រូប​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ៖ « ខ្ញុំ​មិន​គិត​ថា តម្លៃ​អចលនទ្រព្យ​នឹង​ធ្លាក់​ចុះ​ក្នុង​រយៈពេល​១​ឆ្នាំ ឬ​២​ឆ្នាំ​ខាង​មុខ​ឡើយ ។ តម្រូវការ​ពី​អតិថិជន​ពិតជា​រឹង​មាំ​ណាស់ » ។

ប៉ុន្តែ​ការ​ងើបឡើង​វិញ​នៃ​ទីផ្សារ​អចលនទ្រព្យ​នេះ​បាន​ធ្វើ​ឲ្យ​អ្នកដឹកនាំ​របស់​ហុងកុង​ឈឺក្បាល និង​ជំរុញ​ឲ្យ​មាន​ភាព​មិន​សុខចិត្ត​ក្នុង​ចំណោម​ប្រជាជន ។ បន្ទាប់​ពី​ធ្លាក់​ចុះ​មិនយូរ​ប៉ុន្មាន តម្លៃ​ផ្ទះ​បាន​កើនឡើង​ម្តងទៀត​ក្នុង​ឆ្នាំ​មុន មក​ដល់​កម្រិត​យ៉ាង​ខ្ពស់ ។ តម្លៃ​ផ្ទះ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​បាន​កើនឡើង​១៧% បើ​ធៀប​នឹង​ឆ្នាំ​មុន ។

កាលពី​ខែវិច្ឆិកា រដ្ឋាភិបាល​ហុងកុង​បាន​បង្កើន​ពន្ធ​រត់​ឯកសារ​ផ្លូវច្បាប់​សម្រាប់​ប្រជាជន លើកលែងតែ​អតិថិជន​ទិញ​អចលនទ្រព្យ​ជា​លើក​ដំបូង ដើម្បី​កាត់​បន្ថយ​តម្លៃ​កើនឡើង ប៉ុន្តែ​ការ​ខិតខំ​ប្រឹងប្រែង​នេះ​មិន​បាន​ប៉ះពាល់​ដល់​តម្រូវការ​ច្រើន​ទេ ។

លោក​ប្រធានាធិបតី Leung Chun-Ying អាច​ចៀស​ផុត​ពី​បញ្ហា​តម្លៃ​ផ្ទះ​នេះ​បាន​៥​ឆ្នាំ​ហើយ​តាំងពី​ពេល​លោក​ឡើង​កាន់​តំណែង ប៉ុន្តែ​ដោយ​ការ​បោះ​ឆ្នោត​របស់​ទីក្រុង​នេះ​កាន់តែ​ខិត​ជិត បេក្ខជន​ឈរឈ្មោះ​ធំ​ៗ​ទាំង​ពីរ​បាន​លើក​ឡើង​ពី​បញ្ហា​តម្លៃ​ផ្ទះ​ដ៏​ខ្ពស់​នេះ និង​អះអាង​ថា គួរ​មាន​វិធានការ​ថ្មី​ដើម្បី​ដោះស្រាយ ។

ទ្រព្យសម្បតិ្ត​របស់​លោក Li បាន​រក្សា​ភាពរឹងមាំ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ហុងកុង ។ យោង​តាម​ស​ន្ទ​ស្សន៍​មហាសេដ្ឋី​ឲ្យ​ដឹង​ដែរ​ថា ទ្រព្យសម្បត្តិ​របស់​លោក​បាន​កើនឡើង​២,១​ប៊ី​លាន​ដុល្លារ​ក្នុងឆ្នាំនេះ មក​ត្រឹម​៣០,៧​ប៊ី​លាន​ដុល្លារ​ឯណោះ ធ្វើ​ឲ្យ​លោក​ក្លាយជា​មហាសេដ្ឋី​មាន​ទ្រព្យសម្បតិ្ត​ច្រើន​ជាងគេ​លេខ​៣ នៅ​ក្នុង​អាស៊ី ។

ប៉ុន្តែ​មហាសេដ្ឋី​រូប​នេះ​មិនសូវ​មាន​សុទិដ្ឋិនិយម​ពី​ស្ថានភាព​សេដ្ឋកិច្ច​របស់​ហុងកុង​ទេ ដោយ​លោក​និយាយ​ថា វា​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​ជាងគេ​ក្នុង​រយៈពេល​ប្រមាណ​២០​ឆ្នាំ​មកនេះ ។

លោក​បាន​លើក​ឡើង​ពី​វិស័យ​ដែល​ទាក់ទិន​នឹង​ទេសចរណ៍​នៅ​ហុងកុង​ថា បាន​ធ្លាក់​ចុះ​នា​ឆ្នាំ​មុន ហើយ​ផ្សារ​របស់​លោក​នៅ​ហុងកុង​ដំណើរការ​មិន​បាន​ល្អ​ជាងគេ បើ​ធៀប​នឹង​ប្រទេស​ដទៃ ៕