ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិនិយោគ​បុរី​ចាប់ផ្តើម​បង្វែរ​ទីផ្សារ​មក​កាន់​ពលរដ្ឋ​មាន​ចំណូល​ទាប

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីផ្សារ​បុរី​ចាប់ផ្តើម​ប្រែប្រួល ដោយ​អ្នក​វិនិយោគ​បុរី​នានា​ងាក​ទីផ្សារ​មក​កាន់​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប និង​ប្រាក់​ចំណូល​ទាប។

រាជធានី​ភ្នំពេញ ៖ ទីផ្សារ​បុរី​ចាប់ផ្តើម​ប្រែប្រួល ដោយ​អ្នក​វិនិយោគ​បុរី​នានា​ងាក​ទីផ្សារ​មក​កាន់​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប និង​ប្រាក់​ចំណូល​ទាប។

លោក គី​ម ហ៊ា​ង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៩ មីនា កន្លង​មក​ថា អ្នក​សាងសង់​បុរី​បាន​ចាប់ផ្តើម​បង្វែរ​ទីផ្សារ ដោយ​ពី​មុន​ពួក​គេ​សំដៅលើ​អ្នកមាន​ប្រាក់​ច្រើន និង​ចំណូល​មធ្យម ប៉ុន្តែ​ពេល​នេះ​ទីផ្សារ​សម្រាប់​អ្នកមាន​ចំណូល​មធ្យម និង​ច្រើន​បាន​ឆ្អែត ហេតុនេះ​ទើប​គេ​បង្វែរ​ទីផ្សារ ។ តម្លៃ​លំនៅ​ឋាន​ចាប់ពី​២​ទៅ​៣​ម៉ឺន​ដុល្លារ​សង់​ប៉ុន្មាន ក៏​លក់​អស់​ដែរ ។

លោក​បន្ត​ថា ៖ « នៅ​ភ្នំពេញ អ្នកធ្វើការ​ក្នុង​វិស័យ​ឧស្សាហកម្ម​មាន​ប្រមាណ​៨០​ម៉ឺន​នាក់ សេវាកម្ម​២០​ម៉ឺន​នាក់ និង​មន្ត្រីរាជការ​ជាង​១០​ម៉ឺន នាក់ សរុប​មាន​ជាង​១​លាន​នាក់ ដែល​ក្រុម​នេះ​មាន​តម្រូវការ​ធំ ប៉ុន្តែ​លទ្ធភាព​របស់​ពួក​គាត់​ចំពោះ​ផ្ទះ​ចាប់ពី​៣​ម៉ឺន​ឡើង​ទៅ​ពិបាក​លក់ ប៉ុន្តែ​បើ​តម្លៃ​ចាប់ពី​២​ទៅ​៣​ម៉ឺន​មាន​តម្រូវការ​ធំ​»​។

ឆ្នាំ​នេះ មានការ​សាងសង់​ច្រើន ប៉ុន្តែ​បាន​ទទួល​ទឹកប្រាក់​តិច ខណៈ​ឆ្នាំ​មុន​សាងសង់​តិច មាន​ទំហំ​ទឹកប្រាក់​ធំ ដោយសារ​តម្លៃ​ផ្ទះ​ខ្ពស់ ។

លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្លាប់​បាន​ថ្លែង​ថា មាន​ក្រុមហ៊ុន​នៅ​កម្ពុជា​ចំនួន​៤​ទៅ​៥​ទៀត នឹង​វិនិយោគ​លើ​ផ្ទះ​មាន​តម្លៃ​ទាប​នា​ពេល​ខាង​មុខ​នេះ ។

តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍ លោក​ឧកញ៉ា ហុង ពី​វ អគ្គនាយក​បុរី​ពិភព​ថ្មី លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា និង​ជា​អគ្គនាយក​បុរី​វិមាន​ភ្នំពេញ ក៏​បាន​និង​កំពុង​គ្រោង​សាងសង់​បុរី​សម្រាប់​ប្រជាជន​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប និង​ប្រាក់​ចំណូល​ទាប​នា​ពេល​ខាង​មុខ​ផង​ដែរ ។

លោក​បណ្ឌិត Michael S. Nhim ប្រធាន​ក្រុម​អ្នក​វិនិយោគ​នៃ​ក្រុមហ៊ុន SIDO GROUP ប្រចាំ​តំបន់​អាស៊ី និង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ថ្លែង​ថា ការ​វិនិយោគ​លើ​លំនៅ​ឋាន​តម្លៃ​ទាប ជា​ការ​ឆ្លើយ​តប​សម​ស្រប​តាម​ស្ថានភាព​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​មាន​ចលនា​ពុះ​ដី​ឡូត៍​លក់​ច្រើន​។ ហេតុនេះ ទើប​លោក​សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​សាង​សង់​ផ្ទះ​តម្លៃ​ទាប​តាម​ម៉ូ​ដ​អូស្ត្រាលី ក្នុង​តម្លៃ​សមរម្យ​ដើម្បី​ផ្តល់​ឲ្យ​អ្នកមាន​ប្រាក់​ចំណូល​ទាប និង​មធ្យម​អាច​មាន​លទ្ធភាព​ទិញ​តាម​រយៈ​ការ​បង់​រំលស់​បាន ។

លោក​បន្ត​ថា ៖ « ក្រុមហ៊ុន​លោក និង​ក្រុមហ៊ុន​ដៃគូ​កំពុង​សាងសង់​ផ្ទះ​បង់​រំលស់​ជូន​អតិថិជន ដោយ​ពួក​គេ​អាច​រើស​ម៉ូ​ដ និង​តម្លៃ​ផ្ទះ​តាម​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន​បាន»។

អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal លោក​ឧកញ៉ា នួន រិ​ទ្ធី ថ្លែង​ថា ទីផ្សារ​លំនៅ​ឋាន​សម្រាប់​អ្នកមាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប និង​ប្រាក់​ចំណូល​ទាប​ជាទី​ផ្សារ​ធំ ព្រោះ​លំនៅ​ឋាន​សម្រាប់​អ្នកមាន​ប្រាក់​ចំណូល​ខ្ពស់ និង​មធ្យម​បាន​ធ្វើ​ច្រើន​រួច​ហើយ ។ ហេតុនេះ វិនិយោគិន​ពុះ​ដី​ឡូត៍​លក់ បើ​ធ្វើ​បាន​តាម​ស្តង់ដា​សម​ស្រប ពួក​គេ​អាច​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​សុខដុមរមនា ប៉ុន្តែ​បើ​ធ្វើ​ផ្ទះ​ក្នុង​តម្លៃ​ទាប ហើយ​ប្រជាពលរដ្ឋ​អាច​មាន​លទ្ធភាព​បង់​ក្នុង​តម្លៃ​តិចតួច និង​រយៈពេល​យូរ​ជា​ការ​ល្អ​ប្រសើរ ព្រោះ​ពួក​គេ​លែង​មាន​ហានិភ័យ​ខ្វះ​ផ្ទះសម្បែង​រស់នៅ​ហើយ ។

លោក​ឧកញ៉ា​បន្ត​ថា បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន​កាន់តែ​ច្រើន​ចាប់ផ្តើម​វិនិយោគ និង​ចាប់អារម្មណ៍​វិនិយោគ​លើ​លំនៅ​ឋាន​តម្លៃ​ទាប ដែល​ធ្វើ​ឲ្យ​ការ​ប្រកួតប្រជែង​កើនឡើង ។ ហេតុនេះ ក្រសួង ឬ​រាជរដ្ឋាភិបាល​គួរ​កំណត់​បទដ្ឋាន​លំនៅ​ឋាន​ជាក់លាក់​ដូច​ជា សំណង់ផ្ទះ ដី ទំហំ​សំណង់ និង​តម្លៃ ដើម្បី​កុំ​ឲ្យ​ប្រកួតប្រជែង​គ្នា​ក្នុង​វិស័យ​នេះ ៕