ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡ​ដុត​កុលាលភាជន៍​ខ្មែរ​សម័យ​អង្គរ​រៀបចំ​បង្ហាញ​នៅ​អង្គរ​សង្ក្រាន្ត

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ការ​ធ្វើ​ឡើង​វិញ​ទ្រង់ទ្រាយ​ឡ​ដុត​កុលាលភាជន៍​សម័យ​បុរាណ​នឹង​ដាក់​តាំង​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​អង្គ​រស​ង្គ្រា​ន្ត ដើម្បី​លើកកម្ពស់​វិស័យ​សិល្បៈ​ឧស្សាហ៍កម្ម និង​វប្បធម៌​ខ្មែរ ដើម្បី​

ខេត្តសៀមរាប ៖ ការ​ធ្វើ​ឡើង​វិញ​ទ្រង់ទ្រាយ​ឡ​ដុត​កុលាលភាជន៍​សម័យ​បុរាណ​នឹង​ដាក់​តាំង​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​អង្គ​រស​ង្គ្រា​ន្ត ដើម្បី​លើកកម្ពស់​វិស័យ​សិល្បៈ​ឧស្សាហ៍កម្ម និង​វប្បធម៌​ខ្មែរ ដើម្បី​ឱ្យ​មហាជន​បាន​យល់​ដឹង​កាន់តែ​ស៊ីជម្រៅ ។

ឡ​នេះ​មា​នទី​តាំងនៅ​បរិវេណ​«​ភូមិ​ខ្ញុំ​» ហើយ​វា​នឹង​បើក​ឱ្យ​សាធារណជន​ចូល​ទស្សនា​ក្នុង​ថ្ងៃ​ព្រឹត្តិការណ៍​អង្គ​រស​ង្គ្រា​ន្ត ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពាក់កណ្តាល​ខែមេសា ២០១៧ ។

លោក​បណ្ឌិត​អ៊ា ដា​រិ​ទ្ធ អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ឱ្យ​ដឹង​ថា​ឡ​ដុត​កុលាលភាជន៍​ដែល​បាន​សាងសង់​នេះ គឺជា​​ប្រភេទ​ឡ​ដែល​យក​គំរូ​តាម​ឡ​បុរាណ​ដើម​សម័យ​អង្គរ ជា​ប្រភេទ​ឡ​ខ្នាត​តូច​មួយ​ដែល​អ្នក​ស្រាវជ្រាវ​បាន​ធ្វើ​កំណាយ​ស្រាវជ្រាវ​រក​ឃើញ ។ ការ​សង់​ឡ​ដុត​កុលាល​ភាជន៍​នេះ​គឺ​ក្នុង​ន័យ ដើម្បី​បង្ហាញ​ដល់​សាធារណជន​ឱ្យ​បានឃើញ ឱ្យ​ស្គាល់​ថា​សម្ភារ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ខ្មែរ​សម័យ​បុរាណ​ជា​ច្រើន​គឺ​កើត​ចេញពី​ឡ​មួយ​នេះ ។

ក្រៅពី​បានឃើញ​រូបរាង​ឡ​ហើយ​នោះ​សាធារណជន​ដែល​ចូលរួម​ទស្សនា​នៅ​ថ្ងៃ​អង្គរ​សង្ក្រាន្ត​ក៏​នឹង​បាន​យល់​ដឹង​ពី​បច្ចេកទេស​ធ្វើ​កុលាលភាជន៍​ផង​ដែរ ។ ជា​រួម​ពួក​គេ​អាច​រៀន​អំពី​បច្ចេកទេស​ធ្វើ​កុលាលភាជន៍​ពី​អ្នកជំនាញ​ផ្ទាល់​នៅ​ទីនោះ ។​ត្រង់​ចំណុច​នេះ​លោក ដា​រិ​ទ្ធ បញ្ជាក់​ថា​គឺ​ចង់ឱ្យ​សាធារណជន​ដឹង​ថា តើ​ការ​ធ្វើ​កុលាលភាជន៍​មាន​លំបាក​យ៉ាងណា​ខ្លះ ។

អ្នកជំនាញ​ពន្យល់​ថា ឡ​ថ្មី​នេះ​សង់​ឡើង​នៅ​លើ​ដី​ទួល​មួយ​ដោយ​ចាក់​ដី​កម្ពស់​ប្រហែល ៣​ម៉ែត្រ និង​មាន​សង់​ជា​ជម្រាល​ចុះ​ក្រោម ។ ដំណាក់កាល​ដំបូង​គេ​រៀបចំ​បាត​ឡ​ដោយ​ក្រាល​ដីឥដ្ឋ បន្ទាប់​មក​គេ​ដំឡើង​គ្រោងឆ្អឹង​ធ្វើ​ពី​ឫស្សី ហើយ​សង់​សសរ​នៅ​កណ្តាល​ឡ ដើម្បី​ទប់ដំបូល​ដែល​មាន​រាង​កោង ។ បន្ទាប់​មក​ទៀត គេ​បៀក​ដីឥដ្ឋ​ទាំង​ផ្នែក​ខាងលើ និង​ខាងក្រោម​គ្រោងឆ្អឹង​ឫស្សី ដើម្បី​ទប់​កុំឱ្យ​វា​ធ្លាក់ ឬ​ជ្រុះ ។

ឡ​នេះ​មាន​ទំហំ​ទទឹង​១,៨០​ម៉ែត្រ បណ្តោយ ៦,៥០​ម៉ែត្រ និង​កម្ពស់​ប្រហែល ១,២០​ម៉ែត្រ ។

តាម​ការ​បកស្រាយ​របស់​លោក​អ៊ា ដា​រិ​ទ្ធ ដែល​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​កុលាលភាជន៍ បានឱ្យ​ដឹង​ទៀត​ថា នៅ​សម័យ​បុរាណ​ក្រៅពី​ប្រទេស​កម្ពុជា ក្នុង​នោះ​ក៏​មាន​ប្រទេស​ជិតខាង​មួយ​ចំនួន​មាន​បច្ចេកទេស​ធ្វើ​ឡ​ដុត​កុលាលភាជន៍​ដូច​គ្នា​ដែរ​ដូច​ជា​ប្រទេស ភូមា ថៃ ឡាវ និង​វៀតណាម ។

ខ្មែរ​មាន​បច្ចេកទេស​ខ្ពស់​ដែល​អាច​ធ្វើ​ឱ្យ​កុលាលភាជន៍​មាន​ភាព​រឹង ស្រទាប់​រលោង​មានគុណ​ភាពល្អ និង​ប្លែក​ខុស​ពី​គេ ។ ឡ​ដុត​កុលាលភាជន៍​មានកា​រវិ​វ​ឌ្ឍ​ខ្លាំង​នៅ​សម័យ​អង្គរ ចាប់ពី​សតវត្ស​ទី​៩ ដល់ទី​១៥ ។

ឡ​ដុត​កុលាលភាជន៍ ដែល​អ្នក​បុរាណវិទ្យា​បាន​រក​ឃើញ​នៅ​ក្បែរ​ប្រាសាទ​ទ័ព​ជ័យ គឺជា​ឡ​ធំ​ជាងគេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​មាន​បណ្តោយ​២១​ម៉ែត្រ និង​ទទឹង​៣,២០​ម៉ែត្រ ។

កុលាលភាជន៍​ជា​សម្ភារ​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​ក្នុង​ពិធី​សាសនា​របស់​ពលរដ្ឋ​ខ្មែរ​នៅ សម័យ​បុរាណ ដែល​គេ​ប្រើ​វា​សម្រាប់​ដាក់​បាយ​ចម្អិនម្ហូប ដាក់​ទឹក និង​ស្រា ជាដើម ៕