ខេត្តត្បូងឃ្មុំ ៖ ប្រជាកសិកររស់នៅក្នុងភូមិទួលខ្សាច់ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ចំនួន១០គ្រួសារ កំពុងសាកល្បងដាំពោតសាលី តាមរយៈក្រុមហ៊ុនចិនដែលបានផ្ដល់ពូជឲ្យដាំសាកល្បង សម្រាប់បង្កបង្កើនផល ដើម្បីជួយជំរុញឲ្យជីវភាពកាន់តែប្រសើរឡើង ។
លោក ថៀវ សំអាន អនុប្រធានភូមិទួលខ្សាច់ ដែលជាម្ចាស់ចម្ការពោតសាលី បានឱ្យដឹងថា លោកបានទទួលពូជពោតនេះមកពីក្រុមហ៊ុនចិន ដែលគេផ្ដល់ឱ្យតាមរយ:លោកមេឃុំទន្លេបិទ ដើម្បីចែកជូនប្រជាកសិករសម្រាប់ការដាំសាកល្បងចំនួន១០គ្រួសារ ។ ដំណាំនេះប្រើរយៈពេលត្រឹមតែ៣ខែ១០ថ្ងៃប៉ុណ្ណោះនឹងទទួលផល ។
លោកអនុប្រធានភូមិបន្តថា ចំណែកបច្ចេកទេសដាំដូចដំណាំពោតយើង ដោយមិនប្រើប្រាស់ជីក៏បាន ព្រោះដីមានជីជាតិស្រាប់ គឺស្រោចទឹកឲ្យជោកដីតែម្តងនៅពេលដើមវាដាក់គ្រាប់ ហើយការប្រមូលផលគឺច្រូតដូចដំណាំស្រូវដែរ ។
លោក ថៀវ សំអាន បានឲ្យដឹងទៀតថា បើតាមការបញ្ជាក់ពីក្រុមហ៊ុនចិន ពោតសាលីនេះឲ្យផលក្នុង១ហិកតាពី៧ទៅ៨តោន ហើយវាមានលក្ខណ:ពិសេស គឺធន់នឹងអាកាសធាតុ និងគ្មានជំងឺដូចពោតយើងទេ ។ លោកបន្តថា នេះជាលើកដំបូងហើយដែលអ្នកភូមិគាត់នាំគ្នាដាំពោតសាលី ហើយបើទិន្នផលនិងតម្លៃល្អ នោះប្រជាកសិករនឹងនាំគ្នាដាំពោតសាលីនេះវិញ ព្រោះថា ខាងក្រុមហ៊ុនចិនមកទទួលទិញក្នុងតម្លៃ១គីឡូក្រាម៧២០រៀល ។ ចំណែកដើមពោតសាលីអាចធ្វើជាចំណីគោក្របីបាន និងផ្លែរបស់វាយកទៅចម្រាញ់ធ្វើជាស្រាបៀរតែម្តង ។
លោក ភិន ឈុន មេឃុំទន្លេបិទ បានឲ្យដឹងថា ក្រុមហ៊ុនចិនដែលមានទីតាំងនៅរាជធានីភ្នំពេញ បានទៅទាក់ទងខាងអាជ្ញាធរឃុំ ហើយឃុំក៏បានបញ្ជូនគ្រាប់ពូជពោតសាលីនេះឲ្យទៅកសិករដើម្បីដាំសាកល្បង ។ បើបានទិន្នផលល្អ និងមានទីផ្សារត្រឹមត្រូវមែននោះ គាត់នឹងហៅក្រុមហ៊ុននោះមកធ្វើកិច្ចសន្យាត្រឹមត្រូវ ដើម្បីឲ្យកសិករមានទំនុកចិត្តតែម្តង ។
លោកមេឃុំទន្លេបិទបញ្ជាក់ថា ក្រុមហ៊ុនចិនដែលបានផ្តល់ពូជដល់ប្រជាកសិករដាំសាកល្បងនេះមិនយកលុយទេ ហើយថែមទាំងផ្តល់បច្ចេកទេសដាំ និងឲ្យប្រជាកសិករចំនួន១០គ្រួសារនោះខ្ចីលុយក្នុង១គ្រួសារ១០០ដុល្លារផងដែរ ៕
ចែករំលែកព័តមាននេះ