ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ធ្លាក់​ចុះ ខណៈ​កិច្ចព្រមព្រៀង​កាត់​បន្ថយ​ផលិតកម្ម​មិន​ច្បាស់លាស់

7 ឆ្នាំ មុន

តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​ដល់​៥០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​បារ៉ែល​នៅ​ថ្ងៃ​ចន្ទ ដោយសារ​ភាព​មិន​ច្បាស់លាស់​ថា តើ​ការ​កាត់​បន្ថយ​ផលិតកម្ម ដែល​ដឹកនាំ​ដោយ OPEC នឹង​ត្រូវ​បន្ត​ចាប់ពី​ខែមិថុនា​ឬ​យ៉ាងណា ដើម្បី​

តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​ដល់​៥០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​បារ៉ែល​នៅ​ថ្ងៃ​ចន្ទ ដោយសារ​ភាព​មិន​ច្បាស់លាស់​ថា តើ​ការ​កាត់​បន្ថយ​ផលិតកម្ម ដែល​ដឹកនាំ​ដោយ OPEC នឹង​ត្រូវ​បន្ត​ចាប់ពី​ខែមិថុនា​ឬ​យ៉ាងណា ដើម្បី​ទប់ស្កាត់​ការ​ផ្គត់ផ្គង់​ប្រេង​ឆៅ​លើស​តម្រូវការ ។

គណៈកម្មាធិការ​មក​ពី​សមាជិក OPEC និង​មិនមែន OPEC បាន​យល់ព្រម​កាលពី​ថ្ងៃអាទិត្យ ដើម្បី​ពិនិត្យ​លើ​ការ​ពន្យារពេល​កិច្ចព្រមព្រៀង​នេះ ហើយ​បញ្ឈប់​ភ្លាម​ៗ​នូវ​សេចក្តីថ្លែងការណ៍​ដែល​បាន​ព្រាង​មុន និង​ណែនាំ​ឲ្យ​រក្សា​វិធានការ​នៅ​ដដែល ។

តម្លៃ​ប្រេង​គោល​អន្តរជាតិ Brent បាន​ធ្លាក់​ចុះ​១៩​សេន មក​ត្រឹម​៥០,៦១​ដុល្លារ​អា​មេ​រិ​ក បន្ទាប់​ពី​ធ្លាក់​ចុះ​ទាប​ប្រហែល​៥០,២៦​ដុល្លារ​អា​មេ​រិ​ក ។ រីឯ​តម្លៃ​ប្រេង​ឆៅ​របស់​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​៣១​សេន មក​ត្រឹម​៤៧,៦៦​ដុល្លារ​អា​មេ​រិ​ក ។

លោក Stephen Brennock មក​ពី​ក្រុមហ៊ុន​ឈ្មួញកណ្តាល​ប្រេង PVM និយាយ​ថា ៖ «​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​លើសលប់​ដឹកនាំ​ដោយ​អង្គការ OPEC ដើម្បី​ធ្វើ​ឲ្យ​ការ​ស្តុក​ប្រេង​សកល​វិល​មក​ធម្មតា​វិញ និង​មាន​ផល​វិជ្ជមាន​ចំពោះ​ការ​ផ្គត់ផ្គង់​រយៈពេល​ខ្លី » ។

រដ្ឋមន្ត្រី​មួយ​ចំនួន​មក​ពី​បណ្តា​ប្រទេស​នាំ​ប្រេង​ចេញ និង​ក្រុមហ៊ុន​ផលិត​ប្រេង​ផ្សេង​ទៀត​បាន​ជួប​ប្រជុំ​គ្នា​នៅ​ប្រទេស​កូ​វ៉ែត ដើម្បី​ពិនិត្យ​មើល​ដំណើរការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​របស់​ខ្លួន ។

សមាជិក OPEC និង​អ្នក​ផលិត​១១ ប្រទេស​ទៀត​រួម​មាន​រុ​ស្ស៊ី បាន​ព្រមព្រៀង​គ្នា​នៅ​ខែធ្នូ ដើម្បី​កាត់​បន្ថយ​ទិន្នផល​រួម​គ្នា​ប្រមាណ​១,៨​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ នៅ​ឆមាស​ទី​១​ឆ្នាំ​នេះ ។

ខណៈ OPEC បាន​អំពាវនាវ​ឲ្យ​បន្ត​ទប់ស្កាត់​ផលិតកម្ម​ប្រេង ប៉ុន្តែ​ប្រទេស​រុ​ស្ស៊ី​មាន​ភាព​ច្បាស់លាស់​តិចតួច​ណាស់​លើ​បញ្ហា​នេះ ។

រដ្ឋមន្ត្រី​ថាមពល លោក Alexander Novak បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ថា វា​ឆាប់​ពេក​ក្នុង​ការ​និយាយ​ថា តើ​នឹង​បន្ត​កិច្ចព្រមព្រៀង​នេះ​ឬ​យ៉ាងណា ។

ក្រុម​អ្នកវិភាគ​នៅ JBC Energy បាន​និយាយ​ក្នុង​របាយការណ៍​នៅ​ថ្ងៃអាទិត្យ​ថា ៖ «​យើង​នឹង​ឃើញ​ពី​កង្វះខាត​ទាក់ទង​នឹង​តម្លៃ និង​គ្មាន​លទ្ធផល​ជាក់លាក់​ណាមួយ​នឹង​កើតឡើង​ឡើយ​នា​ពេល​ខាង​មុខ » ។

JBC បន្ថែម​ថា ៖ « ការ​សង្ស័យ​នឹង​កើនឡើង​នៅ​ក្នុង​ទីផ្សារ​នេះ ដោយសារ​មាន​ភាព​មិន​ច្បាស់លាស់​ទាក់ទង​នឹង​ការ​កាត់​បន្ថយ​ផលិតកម្ម » ។

តម្លៃ​ប្រេង​ខ្ពស់ គឺជា​លទ្ធផល​នៃ​ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​របស់ OPEC ខណៈ​មានការ​ផ្គត់ផ្គង់​នៅ​សហរដ្ឋអាមេរិក ។ ក្រុមហ៊ុន​អណ្ដូងប្រេង​សហរដ្ឋអាមេរិក​បាន​បន្ថែម​ការ​ខួង​ប្រេង​ក្នុង​ស​ប្តា​ហ៍​ទី​១០ ។ នេះ​បើ​តាម​ទិន្នន័យ​ពី​ក្រុមហ៊ុន​ផ្តល់​សេវា​ថាមពល Baker Hughes កាលពី​ថ្ងៃ​សុក្រ ។

ទោះបីជា​មានការ​ស្តុក​ប្រេង​ច្រើន និង​ទិន្នផល​របស់​សហរដ្ឋអាមេរិក​កើនឡើង​ក្តី ក្រុមហ៊ុន Goldman Sachs ឲ្យ​ដឹង​ថា ទីផ្សារ​នេះ​ត្រូវ​បាន​គេ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ជា​ថ្មី និង​មិន​ចាំបាច់​ទប់ស្កាត់​ទិន្នផល ៕