ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ប្ដី​ហេងស៊យ​ធ្វើបាប​ប្រពន្ធ រួច​លួច​ទ្រព្យសម្បត្តិ​គេចខ្លួន​បាត់​ទៀត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ជួយ​ចាត់ការ​ប្ដី​របស់​ខ្លួន​ទៅ​តាម​ច្បាប់ ដោយ​នាង​បាន​ចោទប្រកាន់​បុរស​ជា​ប្ដី​នោះ​ថា

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ជួយ​ចាត់ការ​ប្ដី​របស់​ខ្លួន​ទៅ​តាម​ច្បាប់ ដោយ​នាង​បាន​ចោទប្រកាន់​បុរស​ជា​ប្ដី​នោះ​ថា បាន​ប្រើ​អំពើ​ហិង្សា​វាយ​ធ្វើបាប​នាង​ជា​ញឹកញាប់ ហើយ​កន្លង​មក​គ្រាន់តែ​ទៅ​ដាក់​ពាក្យបណ្ដឹង នៅ​ប៉ុស្ដិ៍​ចោម​ចៅ​រាប់​ដង​មិន​អស់​ទៅ​ហើយ​។ ប៉ុន្តែ​អ្វី​ដែល​នាង​ទៅ​ដាក់​ពាក្យបណ្ដឹង​ជា​ចុង​ក្រោយ​ទៀត​នេះ គឺ​នៅ​ពេល​ដឹង​ថា​នាង​ប្ដឹង​ពី​ការ​ប្រើ​ហិង្សា​ស្រាប់តែ​ប្ដី​គម្រក់​ម្នាក់​នោះ លួច​យក​ទ្រព្យសម្បត្តិ​លុយកាក់ និង​គ្រឿងអលង្ការ មាស ដែល​នាង​មាន​ទាំង​ប៉ុន្មាន រួច​គេចខ្លួន​បាត់​ស្រមោល​តែ​ម្ដង​។

ស្ត្រី​ខាងលើ​បាន​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី រសៀល​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៧ ដើម្បី​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ប្ដី​ម្នាក់​នោះ​ចាត់ការ​តាម​ផ្លូវច្បាប់​។ ស្ត្រី​ខាងលើ​នោះ​មានឈ្មោះ ម៉េ​ង សុខ​ឃាង អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​សណ្ដែក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ចំណែក​ប្ដី​ហេងស៊យ​ឈ្មោះ យឿ​ន សំ​អឿ​ន អាយុ​៣៦​ឆ្នាំ ស្នាក់​នៅ​ជាមួយ​គ្នា​ក្នុងភូមិ​ខាងលើ​។

ស្ត្រី​រូប​នោះ​បាន​រៀបរាប់​ប្រាប់​នគរបាល​ថា ប្ដី​របស់​នាង​បាន​រករឿង​ប្រើ​ហិង្សា វាយ​ធ្វើបាប​នាង​ជា​បន្តបន្ទាប់ គ្មាន​មូលហេតុ ហើយ​កាលពី​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៧ ខណៈ​ដែល​នាង​ចេញ​ទៅ​ធ្វើការ​បាត់ លោក​ប្ដី​ម្នាក់​នោះ​បាន​រើ​កកាយ លួច​យក​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ ព្រមទាំង​លុយ​ចំនួន​៧០០​ដុល្លារ និង​គ្រឿងអលង្ការ​មាស​ចំនួន​ជាង​២​តម្លឹង បន្ទាប់​មក​បាន​គេចខ្លួន​ទៅ​បាត់​ស្រមោល​។ ដោយសារ​តែ​បែប​នេះ​ហើយ ទើប​នាង​មិន​អាច​អត់ឱន​ឲ្យ​បាន​ឡើយ និង​បាន​ធ្វើ​ដំណើរ​ទៅ​ដាក់​ពាក្យបណ្ដឹង សុំ​ឲ្យ​នគរ​បាន​ប៉ុស្ដិ៍​ចោម​ចៅ ជួយ​អន្តរាគមន៍​ស្វែងរក​ចាប់ខ្លួន​ប្ដី​នាង​ចាត់ការ​តាម​ច្បាប់​។

នគរបាល​បាន​និយាយ​ថា ប្ដី​ប្រពន្ធ​មួយគូ​ខាងលើ​នោះ បាន​ឈ្លោះប្រកែក​គ្នា និង​ឈាន​ដល់​ប្ដី​ប្រើ​ហិង្សា​វាយ​ធ្វើបាប​ប្រពន្ធ​ជា​បន្តបន្ទាប់ ហើយ​គ្រាន់តែ​ទៅ​ដាក់​ពាក្យបណ្ដឹង​ដោះស្រាយ​គ្នា​រឿង​ហិង្សា​នោះ​៣​ទៅ​៤​ដង មក​ហើយ​គឺ​មានរឿង​រកាំរកូស​មិន​ឈប់​ឈរ​ឡើយ រហូត​អ្នក​ភូមិ​លាន់មាត់​គ្រប់​គ្នា​ថា ចុះ​គ្រួសារ​មួយ​នឹង​ហេតុ​ម៉េច​បាន​ចេះ​តែ​ឈ្លោះប្រកែក​គ្នា​និង​វាយដំច្រំធាក់​គ្នា​រហូត​បែប​នេះ​។

ចំណែក​នគរបាល​ក៏​ឈឺក្បាល ជាមួយនឹង​ពួក​គាត់​មិន​តិច​ដែរ ព្រោះតែ​ងាក​ប្ដឹង​ៗ​រហូត​យ៉ាងនេះ ហើយ​ពេល​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​ប្ដឹង ហើយ​នគរបាល​មិន​ទាន់​បាន​ហៅ​ឲ្យ​ចូលខ្លួន​ដោះស្រាយ​គ្នា​ផង ស្រាប់តែ​បុរស​ជា​ប្ដី​នោះ បាន​រើ​កកាយ​លួច​យក​ទ្រព្យសម្បត្តិ​ខាងលើ ខណៈ​ដែល​ប្រពន្ធ​ចេញ​ទៅ​ធ្វើការ​បាត់​។ លុះ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ស្រាប់តែ​បាត់​ទាំង​ប្ដី និង​ទ្រព្យសម្បត្តិ​ទើប​ធ្វើ​ដំណើរ​ទៅ​ដាក់​ពាក្យបណ្ដឹង​ជា​ថ្មី​ម្ដងទៀត​សុំ​ឲ្យ​ជួយ​ចាត់ការ​លើ​ប្ដី​នោះ​តាម​ច្បាប់​៕