ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកគ្នា​មក​ទាមទារ​សំណង បន្ទាប់​ពី​ចូល​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ​បាត់​ម៉ូតូ​កង់​បី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​មួយ​ក្រុម​ប្រមាណ​ជាង​៣០​នាក់ បាន​លើកគ្នា​មក​មុខ​ភោជនីយដ្ឋាន ឈី​កា​ហ្គោ ដើម្បី​ទាមទារ​ឲ្យ​ម្ចាស់​ភោជនីយដ្ឋាន

រាជធានី​ភ្នំពេញ ៖ អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​មួយ​ក្រុម​ប្រមាណ​ជាង​៣០​នាក់ បាន​លើកគ្នា​មក​មុខ​ភោជនីយដ្ឋាន ឈី​កា​ហ្គោ ដើម្បី​ទាមទារ​ឲ្យ​ម្ចាស់​ភោជនីយដ្ឋាន ទទួលខុសត្រូវ បន្ទាប់​ពី​ពួក​គេ​នាំ​គ្នា​ប្រមាណ​៧​នាក់​ចូល​ផឹកស៊ី និង​ច្រៀង​ខារ៉ាអូខេ​សប្បាយ​តាំងពី​ក្បាល​ព្រលប់ រហូត​ដល់​ម៉ោង​ប្រមាណ​២​រំលង​អា​ធ្រា​ត្រ ពេល​ចេញ​មក​វិញ​ចោរលួច​ម៉ូតូ​កង់​៣​បាត់​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៧ នៅ​មុខ​ហាង ដែល​ស្ថិត​នៅ​ផ្លូវ​១០១៩(​ផ្លូវ​ភ្នំពេញ​ហាណូយ​) ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

ម្ចាស់​ម៉ូតូ​កង់​៣​ដែល​បាត់​នោះ​ឈ្មោះ ថន ថេ​ង អាយុ​៣៦​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​មានស្រុក​កំណើត​ភូមិ​ព្រែក​កក់ ឃុំ​ព្រែក​បាក់ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម​។ តាម​សម្ដី​អ្នក​បើក​កង់​បី​បាន​ឲ្យ​ដឹង​ថា  កាលពី​វេលា​ក្បាល​ព្រលប់ ថ្ងៃ​ទី​២៧ ខែមីនា ខ្លួន និង​មិត្ត​ទាំងអស់​៧​នាក់ បាន​នាំ​គ្នា​ចូល​ផឹកស៊ី នៅ​ក្នុង​ភោជនីយដ្ឋាន​នេះ​។ ក្រោយមក​ខ្លួន និង​មិត្ត​ភ​ក្កិ​៣​នាក់​ក៏​បាន​ចូល​ទៅ​ច្រៀង​នៅ​ក្នុង នៅ​សល់​៤​នាក់​ផឹក​នៅ​ខាងក្រៅ​។

នៅ​យប់​នោះ​ខ្លួន​បាន​ច្រៀង​លេង​រហូត​ដល់​ម៉ោង​ប្រមាណ​២​រំលង​អា​ធ្រា​ត្រ ចេញ​មក​វិញ​ស្រាប់តែ​ចោរលួច​ម៉ូតូ​កង់​៣​បាត់​។ នៅ​ពេល​បាត់​ម៉ូតូ ខ្លួន​ទាមទារ​ឲ្យ​ម្ចាស់​ហាង​ទទួលខុសត្រូវ សងការ​បាត់បង់​តែ​ម្ចាស់​មិន​ព្រម​។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ម្ចាស់​ហាង​មិន​ទទួលខុសត្រូវ ទើប​ព្រឹក​ឡើង​អ្នក​រត់​ម៉ូតូ​កង់​ក៏​បាន​លើកគ្នា​មក​មុខ​ហាង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​។ តាម​សម្ដី​ឈ្មោះ ប៊ុត សំណាង អាយុ​៤១​ឆ្នាំ ដែល​ជា​សន្តិសុខ​យាម​ម៉ូតូ បាន​ឲ្យ​ដឹង​ថា នៅ​យប់​នោះ​អ្នក​រត់​ម៉ូតូ​បាន​នាំ​គ្នា​មក​ផឹកស៊ី​ដោយ​ទុក​ម៉ូតូ​កង់​៣ នៅ​តាម​ចិញ្ចើម​ផ្លូវ​ក្បែរ​ហាង មិន​បាន​ផ្ញើ​នោះ​ទេ នៅ​ពេល​ដែល​ចេញពី​ច្រៀង​វិញ​បាត់​ម៉ូតូ​តែ​ម្តង​។

តាម​សម្ដី​ឈ្មោះ ហង់ វៃ អាយុ​៣៨​ឆ្នាំ ជា​តំណាង​ឲ្យ​ម្ចាស់​ហាង​បាន​ឲ្យ​ដឹង​ថា ការ​លើកគ្នា​មក​ទាមទារ​ឲ្យ​ម្ចាស់​ហាង​ទទួលខុសត្រូវ​ចំពោះ​ការ​បាត់បង់​នោះ គាត់​មិន​អាច​ទទួលយក​បាន​នោះ​ទេ ព្រោះ​ម៉ូតូ​កង់​បី​នោះ មិន​មាន​សំបុត្រ​ផ្ញើ ហើយ​ទុក​ក្រៅ​តំបន់​របស់​គាត់​គ្រប់គ្រង​។ នៅ​ព្រឹក​នោះ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​អន្តរាគមន៍ ហើយ ណែនាំ​ឲ្យ​តំណាង​ម្ចាស់​ហាង និង​ម្ចាស់​ម៉ូតូ​កង់​បី​ទៅ​ជួប​ដោះស្រាយ​គ្នា​នៅ​អធិការដ្ឋាន ខណ្ឌ​សែន​សុខ​។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​នោះ​សន្តិសុខ បាន​ចេញ​មុខ​ទទួលខុសត្រូវ ដោយ​ឲ្យ​១​ពាន់​ដុល្លារ តែ​ម្ចាស់​ម៉ូតូ​កង់​៣​ទាមទារ​សំណង់​២​ពាន់​ដុល្លារ មិន​ទាន់​ត្រូវ​គ្នា​នៅឡើយ​៕