ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​ក្នុង​ខែកុម្ភៈ​ជួយ​ដល់​ផល​លើស​ពាណិជ្ជកម្ម​កើន​ខ្ពស់​ក្នុង​រយៈពេល​7​ឆ្នាំ

7 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ស​ប្ដា​ហ៍​មុន​ថា ខ្លួន​ទទួល​បាន​ផល​លើស​ពាណិជ្ជកម្ម​ប្រមាណ​៨១៣,៤​ប៊ី​លាន​យេ​ន ឬ​៧,២៩​ប៊ី​លាន​ដុល្លារ​ក្នុង​ខែកុម្ភៈ ដែល​ជា​កម្រិត​មួយ​ខ្ពស់​ជាងគេ

ប្រទេស​ជប៉ុន ៖ ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ស​ប្ដា​ហ៍​មុន​ថា ខ្លួន​ទទួល​បាន​ផល​លើស​ពាណិជ្ជកម្ម​ប្រមាណ​៨១៣,៤​ប៊ី​លាន​យេ​ន ឬ​៧,២៩​ប៊ី​លាន​ដុល្លារ​ក្នុង​ខែកុម្ភៈ ដែល​ជា​កម្រិត​មួយ​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល​៧​ឆ្នាំ​កន្លង​មកនេះ ខណៈ​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​លូតលាស់​យ៉ាង​រឹង​មាំ ។

ការ​កើនឡើង​យ៉ាងច្រើន​នូវ​ការ​នាំ​ចេញ​គ្រឿង​រថយន្ត​ទៅ​កាន់​ប្រទេស​ចិន និង​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ទៅ​កាន់​ហុងកុង បាន​ជួយ​ឲ្យ​ការ​នាំ​ចេញ​កើនឡើង​១១,៣%​បើ​ធៀប​នឹង​ឆ្នាំ​មុន មក​ត្រឹម​៦,៣៥​ទ្រី​លាន​យេ​ន ដែល​ជា​ការ​កើនឡើង​៣​ខែ​ជាប់​ៗ​គ្នា​មក​ហើយ ។

ក្រសួង​ខាងលើ​បាន​និយាយ​ក្នុង​សេចក្តីរាយការណ៍​មួយ​ថា ការ​នាំ​ចូល​បាន​កើនឡើង ១,២%​បើ​ធៀប​នឹង​ឆ្នាំ​មុន មក​ត្រឹម​៥,៥៣​ទ្រី​លាន​យេ​ន ខណៈ​ការ​នាំ​ចូល​ប្រេង​ឆៅ​កើនឡើង​។

ផល​លើស​ពាណិជ្ជកម្ម​ក្នុង​ខែ​មុន​នេះ គឺជា​កម្រិត​ខ្ពស់​ជាងគេ​តាំងពី​ខែមីនា ឆ្នាំ​២០១០​មក ដែល​ស្មើនឹង​៩៣១,៩​ប៊ី​លាន​យេ​ន ។

ជប៉ុន​ទទួល​បាន​ផល​លើស​ពាណិជ្ជកម្ម​ដំបូង​បង្អស់​ជាមួយ​ប្រទេស​ចិន តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១២ ។ ការ​នាំ​ចេញ​កើនឡើង​២៨,២% មក​ត្រឹម​១,២០​ទ្រី​លាន​យេ​ន ខណៈ​ការ​នាំ​ចូល​ធ្លាក់​ចុះ​១៧,៧% មក​ត្រឹម​១,០៨​ទ្រី​លាន​យេ​ន ។

តាម​មន្ត្រី​ក្នុង​ក្រសួង​ខាងលើ​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ក្នុង​ខែកុម្ភៈ បាន​ឆ្លុះ​បញ្ចាំង​ពី​ផល​ប៉ះពាល់​ពី​បុណ្យចូលឆ្នាំ​ចិន ដែល​ចាប់ផ្តើម​នៅ​ចុងខែ​កុម្ភៈ ។

ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​តែងតែ​ធ្លាក់​ចុះ​ក្នុងអំឡុងពេល​បុណ្យ​ជាតិ ។ ក្នុង​ខែមករា ការ​នាំ​ចូល​បាន​កើន​ច្រើន​ជាង​ការ​នាំ​ចេញ ធ្វើ​ឲ្យ​ប្រទេស​មាន​ឱនភាព​ពាណិជ្ជកម្ម​ដំបូង​គេ​ក្នុង​រយៈពេល​៥​ខែ​មកនេះ ស្មើនឹង​១,០៩​ទ្រី​លាន​យេ​ន ខណៈ​ការ​នាំ​ចូល​ពី​ប្រទេស​ចិន​កើនឡើង​៧,២% និង​ពី​សហរដ្ឋអាមេរិក​កើនឡើង ១១,៩% ។

ក្នុង​ខែកុម្ភៈ ប្រទេស​ជប៉ុន​មាន​ផល​លើស​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ស្មើនឹង ៦១១,២៧​បី​លាន​យេ​ន ។ ការ​នាំ​ចេញ​បាន​កើនឡើង​០,៤%​បើ​ធៀប​នឹង​ឆ្នាំ​មុន មក​ត្រឹម ១,២២​ទ្រី​លាន​យេ​ន ដោយសារ​ការ​នាំ​ចេញ​គ្រឿង​រថយន្ត និង​រថយន្ត ។ រីឯ​ការ​នាំ​ចូល​ធ្លាក់​ចុះ​០,៧% មក​ត្រឹម​៦១១,៩០​ប៊ី​លាន​យេ​ន ។

បើ​ទោះជា​ការ​នាំ​ចេញ​ងើបឡើង​វិញ​បាន​ជំរុញ​ដល់​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​ក្តី ប៉ុន្តែ​តម្រូវការ​ក្នុងស្រុក​នៅ​តែ​ទន់ខ្សោយ ។

ភាព​មិន​ប្រាកដប្រជា​នៃ​គោលនយោបាយ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump បាន​បន្ថែម​ភាព​មិន​ច្បាស់លាស់​ដល់​អនាគត​ប្រទេស​ជប៉ុន​ថែម​ទៀត ។ កាលពីមុន លោក Trump ក៏​បាន​លើក​ឡើង​ពី​ឱនភាព​ពាណិជ្ជកម្ម​រវាង​ប្រទេស​ដទៃ​ផង​ដែរ ដូច​ជា ចិន និង​ជប៉ុន ។

លោក Toru Suehiro ឧត្តម​សេដ្ឋវិទូ​ផ្នែក​ទីផ្សារ​ក្នុង Mizuho Securities Co. និយាយ​ថា ៖ « ពួក​យើង​ត្រូវការ​មើល​ទិន្នន័យ​បន្ថែម​ទៀត​ក្នុង​ខែមីនា ប៉ុន្តែ​យើង​អាច​និយាយ​បាន​ថា និន្នាការ​នាំ​ចេញ​ងើបឡើង​វិញ​កំពុង​តែ​បន្ត » ។

លោក​បន្ត​ថា ៖ « ខ្ញុំ​មិន​គិត​ថា ការ​លូតលាស់​នៃ​ការ​នាំ​ចេញ​នឹង​បន្ត​ក្នុង​ល្បឿន​នេះ​ទេ​»​។ លោក​កត់​សម្គាល់ថា គួរតែ​ប្រុង​ប្រយ័ត្ន និង​ព្យាករ​ថា ទីផ្សារ​យានយន្ត​ក្នុង​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​នឹង​អន់​ថយ ។

ការ​នាំ​ចេញពី​ប្រទេស​ជប៉ុន​ទៅ​កាន់​សហភាព​អឺរ៉ុប បាន​កើនឡើង​៣,៣% មក​ត្រឹម ៧០០,៥៨​ប៊ី​លាន​យេ​ន ខណៈ​ការ​នាំ​ចូល​ធ្លាក់​ចុះ​៧,៥% មក​ត្រឹម​៦៥៩,៤៥​ប៊ី​លាន​យេ​ន៕