សហរដ្ឋអាមេរិក ៖ មន្ត្រីអាមេរិកបាននិយាយថា យន្តហោះដែលហោះហើរពីប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា និងអាហ្វ្រិក ឆ្ពោះមកកាន់សហរដ្ឋអាមេរិក ត្រូវតែតម្រូវឲ្យអ្នកដំណើរទុកគ្រឿងអេឡិចត្រូនិកតាមការឆែកអីុន (Check-in) និងមិនអនុញ្ញាតឲ្យពួកគេយកឧបករណ៍ទាំងនោះឡើងលើកាប៊ីនយន្តហោះដាច់ខាត ។
មន្ត្រីម្នាក់ទៀតនិយាយថា ឧបករណ៍ដែលបានលើកឡើងខាងលើ គឺរាល់ឧបករណ៍ដែលមានទំហំធំជាងទូរស័ព្ទដៃ ។
មន្ត្រីផ្លូវអាកាសម្នាក់បានប្រាប់ថា មានការព្រួយបារម្ភផ្នែកសន្តិសុខទាក់ទិននឹងអ្នកធ្វើដំណើរលើយន្តហោះ ដែលមិនចុះចតពីប្រទេសមួយចំនួនមកកាន់សហរដ្ឋអាមេរិក ។
ពួកគេបន្ថែមថា ការគំរាមកំហែងមកកាន់សហរដ្ឋអាមេរិក នឹងកាត់បន្ថយ ប្រសិនបើអ្នកធ្វើដំណើរត្រូវបានបញ្ជូនទៅកាន់ទីក្រុងទី២ និងឆ្លងកាត់ដំណើរការឆែកឆេរដែលគួរឲ្យទុកចិត្តជាមុន ។
មន្ត្រីម្នាក់ទៀតរបស់សហរដ្ឋអាមេរិកបាននិយាយថា ការហាមឃាត់លើគ្រឿងអេឡិចត្រូនិកមួយចំនួននេះ គឺទាក់ទិនជាមួយក្រុមភេរវជន Al Qaeda ក្នុងឧបទ្វីបអារ៉ាប់ (AQAP) ។
គួរបញ្ជាក់ថា ក្រុម AQAP បានព្យាយាមផលិតគ្រាប់បែកយ៉ាងសកម្មដោយប្រើប្រាស់លោហៈធាតុតិច ឬគ្មានសោះសម្រាប់យន្តហោះដឹកអ្នកដំណើរ ។ លោក Ibrahim al-Asiri ប្រធានផ្នែកផលិតគ្រាប់បែករបស់ក្រុមនេះបានបង្វឹកដល់អ្នកដទៃក្នុងការផលិតវា ។
មន្ត្រីទាំងនោះបន្តថា មកដល់ពេលនេះ ពួកគេគឺជាអង្គការភេរវកម្មតែមួយគត់ដែលបង្ហាញថា ព្យាយាមវាយប្រហារដល់យន្តហោះ ។
មន្ត្រីម្នាក់ទៀតនិយាយថា មានការព្រួយបារម្ភពីការវាយប្រហារតាមរយៈគ្រឿងអេឡិចត្រូនិកក្នុងអំឡុងពេលប៉ុន្មានខែមកនេះ ប៉ុន្តែនៅមិនទាន់មានព័ត៌មានគ្រប់គ្រាន់ក្នុងការដាក់ការហាមឃាត់បែបនេះនៅឡើយ ។
មន្ត្រីផ្លូវអាកាសបាននិយាយថា យន្តហោះអាមេរិកមិនត្រូវបានប៉ះពាល់ទេ ព្រោះគ្មានយន្តហោះមួយណាដែលហោះហើរពីប្រទេសខាងលើដោយមិនចុះចតឡើយ ពេលមកកាន់សហរដ្ឋអាមេរិក ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៤ រដ្ឋាភិបាលសន្តិសុខផ្នែកដឹកជញ្ជូនបានតម្រូវឲ្យអ្នកដំណើរមួយចំនួនបង្ហាញថា តើគ្រឿងអេឡិចត្រូនិករបស់ពួកគេអាចដំណើរការបានឬអត់ ដើម្បីចៀសវាងការលាក់ជាតិផ្ទុះក្នុងនោះ ៕
ចែករំលែកព័តមាននេះ