ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាវ និង​ម៉ា​ឡេ​ស៊ី​ពង្រីក​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី

7 ឆ្នាំ មុន

ប្រទេស​ឡាវ ៖ ឡាវ និង​ម៉ា​ឡេ​ស៊ី​មាន​បំណង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ជា​ពិសេស ទាក់ទង​នឹង​ការ​វិនិយោគ ធនាគារ ហិរញ្ញវត្ថុ ការ​ដឹក​ជញ្ជូន ទេសចរណ៍ អប់រំ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់​

ប្រទេស​ឡាវ ៖ ឡាវ និង​ម៉ា​ឡេ​ស៊ី​មាន​បំណង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ជា​ពិសេស ទាក់ទង​នឹង​ការ​វិនិយោគ ធនាគារ ហិរញ្ញវត្ថុ ការ​ដឹក​ជញ្ជូន ទេសចរណ៍ អប់រំ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក ។ នេះ​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​ទ្វេភាគី​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​ម៉ា​ឡេ​ស៊ី លោក Anifah Aman និង​រដ្ឋមន្ត្រី​ការ​បរទេស​ឡាវ លោក Saleumxay Kommasith ។

ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក Saleumxay ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី គឺ​ចាប់ពី​ថ្ងៃ​ទី​១៦-១៨ មីនា កន្លង​ទៅ ។ ក្នុង​កិច្ច​ពិភាក្សា​កាលពី​ថ្ងៃ​សុក្រ ភាគី​ទាំង​ពីរ​បាន​បង្ហាញ​នូវ​គោលបំណង​របស់​ខ្លួន​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត ។

ភាគី​ទាំង​ពីរ​និយាយ​ថា ពួក​គេ​ឱ្យ​តម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក ជាមួយ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​ទ្វេភាគី​។ នេះ​បើ​យោង​តាម​ក្រសួងការបរទេស​ឡាវ ។

លោក Anifah ជឿជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក Saleumxay នឹង​មាន​លទ្ធផល​ផ្លែផ្កា​អាច​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​ម៉ា​ឡេ​ស៊ី (Bernama) ។

លោក​និយាយ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក Saleumxay ទៅ​កាន់​វិទ្យាស្ថាន​ការទូត និង​ទំនាក់ទំនង​ការ​បរទេស​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ រំពឹង​ថា នឹង​ផ្តល់​ឲ្យ​ឡាវ​យល់​ដឹង​មួយ​ចំនួន​សម្រាប់​ការ​បណ្តុះបណ្តាល​ការទូត​នៅ​ទីនោះ និង​វគ្គ​បណ្តុះបណ្តាល​មាន​ប្រយោជន៍​សម្រាប់​អ្នកចូលរួម​ពី​ប្រទេស​ឡាវ ។

នៅ​ឆ្នាំ​២០១៦ ពាណិជ្ជកម្ម​សរុប​របស់​ម៉ា​ឡេ​ស៊ី​ជាមួយ​ឡាវ មាន​ភាព​ប្រសើរ​ឡើង​យ៉ាង​ខ្លាំង​ក្នុង​អត្រា​១២០% ឬ​ស្មើនឹង​៣០,៩៦​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​៧៥% បើ​ធៀប​នឹង​ឆ្នាំ​មុន ។

បច្ចុប្បន្ន តម្លៃ​សរុប​នៃ​ការ​វិនិយោគ​របស់​ម៉ា​ឡេ​ស៊ី​នៅ​ឡាវ ស្មើ​៨២០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​គម្រោង​ចំនួន​១០៤ ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ​ក្លាយជា​វិនិយោគិន​ធំ​ជាងគេ​បំផុត​លំដាប់​ទី​៥ ក្នុង​ប្រទេស​ឡាវ ។

កាលពី​ខែវិច្ឆិកា​ឆ្នាំ​មុន ក្រុមហ៊ុន AirAsia បាន​បើក​ការ​ហោះហើរ​ថ្មី​មួយ​ត​ភ្ជាប់​ពី​ទីក្រុង​គូ​ឡា​ឡាំ​ពួ ទៅ​កាន់​តំបន់​បេតិកភណ្ឌ​អង្គការ​យូ​ណេ​ស្កូ គឺ​ក្រុង​ហ្លួងព្រះបាង​របស់​ឡាវ ដែល​មាន​ជើងហោះហើរ​៤​ជើង​ក្នុង​១​ស​ប្តា​ហ៍ ។

AirAsia គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង និង​តែ​មួយ​គត់ ដែល​បាន​ហោះហើរ​ត្រង់​ពី​ទីក្រុង​គូ​ឡា​ឡាំ​ពួ ទៅ​ហ្លួងព្រះបាង ។

លើស​ពី​នេះ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​ពី​ការ​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​លើក​ទី​៤ ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នា​ពេល​អនាគត​ផង​ដែរ ។ ភាគី​ឡាវ​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី សម្រាប់​ការ​គាំទ្រ​ឡាវ​ធ្វើ​ជា​ប្រធាន​អាស៊ាន​កាលពី​ឆ្នាំ​មុន ។

ឡាវ និង​ម៉ា​ឡេ​ស៊ី​បាន​បញ្ចប់សេចក្តី​ព្រាង​អនុស្សរណៈ​នៃ​ការ​យោគយល់ ស្តី​ពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​កិច្ច​សហប្រតិបត្តិការ​បង្កើត​ថ្មី ដែល​នឹង​ត្រូវ​ចុះហត្ថលេខា​ដោយ​វិស័យ​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ​នា​ពេល​អនាគត ។

លោក Saleumxay បាន​សម្តែង​ការ​ដឹងគុណ និង​កោតសរសើរ​រដ្ឋាភិបាល និង​ប្រជាជន​ម៉ា​ឡេ​ស៊ី ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់ ដោយ​នាំ​មក​នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កាន់តែ​ច្រើន​សម្រាប់​ប្រទេស​ឡាវ ។ លោក​ថ្លែង​ថា ៖ « កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​រយៈពេល​៥​ទសវត្សរ៍​បាន​បង្កើត​ផ្លែផ្កា​យ៉ាងច្រើន ដែល​នាំ​មក​នូវ​ផលប្រយោជន៍ និង​លទ្ធផល​ដល់​ភាគី​ទាំង​សងខាង » ។

ភាគី​ខាង​ឡាវ​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ម៉ា​ឡេ​ស៊ី ក្នុង​ការ​ជួយ​កែ​លម្អ​បណ្តាញ​ដឹក​ជញ្ជូន​នៅ​ទីក្រុង​វៀងចន្ទន៍ និង​ភាគ​ខាងជើង​ប្រទេស​ឡាវ ដែល​មាន​តម្លៃ​៦៥​លាន​ដុល្លារ​អា​មេ​រិ​ក ។

ចាប់តាំងពី​ឆ្នាំ​១៩៩១​មក ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​បញ្ជូន​ក្រុម​គ្រូពេទ្យ​មក​ពិនិត្យ​សុខភាព​ដោយ​ឥត​គិតថ្លៃ​ដល់​ប្រជាជន​នៅ​ស្រុក​សាង​ថង នៃ​ទីក្រុង​វៀងចន្ទន៍ ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក Saleumxay ក៏​បាន​អំពាវនាវ​ដល់​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក Najib Razak ឲ្យ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ថែម​ទៀត ៕