ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំរីព្រៃ​ត្រូវ​បង្គោល​អគ្គិសនី​ឆក់​ងាប់​1​ក្បាល យក​ទៅ​កប់​នៅ​ភ្នំ​តា​ម៉ៅ

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ដំរី​ឈ្មោល​មួយ​ក្បាល​ដែល​មាន​ទម្ងន់​ជិត​៥​តោន ត្រូវ​បាន​អ្នកស្រុក​ប្រទះ​ឃើញ​ដេក​ងាប់ នៅ​ជាប់​បង្គោល​អគ្គិសនី​តង់ស្យុង​ខ្ពស់​ទំហំ​

ខេត្ត​ព្រះ​សីហ​នុ ៖ ដំរី​ឈ្មោល​មួយ​ក្បាល​ដែល​មាន​ទម្ងន់​ជិត​៥​តោន ត្រូវ​បាន​អ្នកស្រុក​ប្រទះ​ឃើញ​ដេក​ងាប់ នៅ​ជាប់​បង្គោល​អគ្គិសនី​តង់ស្យុង​ខ្ពស់​ទំហំ​ធំ​មួយ​ដើម​នៅ​ក្នុង​ដីចំការ​មួយ​កន្លែង ក្នុងភូមិ​ស្ទឹង​ច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មីនា ចំងាយ​ពី​ផ្លូវជាតិ​លេខ​៤​ប្រហែល​ពី​៤​ទៅ​៥​រយ​ម៉ែត្រ ។ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៧ ត្រូវ​បាន​ខាង​អង្គការ​វ៉ា​យ​អេ​ត បាន​យក​រថយន្ត​ស្ទូច​មួយ​គ្រឿង​ទៅ​ស្ទូច ក្នុង​បំណង​យក​ខ្មោច​ដំរី​នេះ​ទៅ​រមណីយដ្ឋាន​ភ្នំ​តា​ម៉ៅ រៀបចំ​ពិធី និង​កប់​ទុក​នៅ​ឧទ្យាន​សួនសត្វ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ស្រុក​បានឱ្យ​ដឹង​ថា ដំរី​ឈ្មោល​១​ក្បាល​នេះ​ជា​ដំរីព្រៃ ត្រូវ​បាន​គេ​សង្ស័យ​ថា ដោយសារ​តែ​វា​មក​ត្រដុស​នឹង​បង្គោល​អគ្គិសនី​ដែល​មាន​តង់ស្យុង​ខ្ព​ល់ (​ខ្សែ​ធំ​) ធ្វើ​ឱ្យ​បាក់​បង្គោល​នោះ ហើយ​ខ្សែកាប​ធំ​ៗ​ដែល​ពោរពេញ​ដោយ​ថាមពល​ខ្លាំង បាន​ធ្លាក់​លើ​សត្វ​ដំរី​ដ៏​ធំ​នោះ ទើប​បណ្តាល​ឱ្យ​ឆក់​ងាប់​តែ​ម្តង ។ គ្មាន​ប្រភព​ណាមួយ​បានឃើញ​ទេពី​សកម្មភាព​ដំរី​ត្រដុស ហើយ​ឆក់​ស្លាប់​កើតឡើង​នៅ​យប់​នោះ ឬ​ពេល​ម៉ោង​ប៉ុន្មាន​នោះ​ទេ លុះ​ព្រឹក​ឡើង​ទើប​គេ​ប្រទះ​ឃើញ ។

ប្រភព​ពី​ខាង​មន្ត្រី​អគ្គិសនី​(EDC) បានឱ្យ​ដឹង​ថា បង្គោល​អគ្គិសនី​ដែល​ត្រូវ​ដំរី​វាយប្រហារ​រហូត​បាក់​និង​ឆក់​ងាប់​នេះ គឺជា​បង្គោល​ដែល​បញ្ជូន​បណ្តាញ​ចេញពី​វា​រី​អគ្គិសនី​គី​រី​រម្យ មាន​កម្លាំង​១១៥​គីឡូវ៉ុល អូ​សត​ភ្ជាប់​ចែកចាយ​ប្រើប្រាស់​នៅ​តំបន់​ខ្លះ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​បន្ទាប់​ពី​កើតរឿង​នូវ​ករណី​នេះ ចរន្តអគ្គិសនី​ក៏​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ដែរ ។

តាម​ប្រភព​ពី​លោក អ៊ុំ វុ​ទ្ធី នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​កំពង់​សិលា បានឱ្យ​ដឹង​ថា ដំរីព្រៃ​ដែល​ចុះ​មកនេះ មិនមែន​មាន​តែ​១​ក្បាល​ដែល​ងាប់​នោះ​ទេ គឺ​មាន​ជា​ហ្វូង​ពី​២​ទៅ​៣​ក្បាល ឬ​ក៏​អាច​ច្រើន​ជាង​នេះ ហើយ​ហ្វូង​ដំរី​ទាំង​អស់នេះ គឺ​ចុះ​មក​ពី​តំបន់​ព្រៃ​ភ្នំ​ស្ថិត​ក្នុង​ឧទ្យាន​ជាតិ​គី​រី​រម្យ ។

មន្ត្រី​មេព្រៃ​បាន​និយាយ​ថា សកម្មភាព​របស់​ដំរីព្រៃ​ទាំងអស់ ចាប់ពី​ឆ្នាំ​២០០៨​មក តែងតែ​ចុះ​មក​អុកឡុក​ក្នុង​ចំការ​កាច់​ស៊ី​ដំណាំ​របស់​អ្នក​ភូមិ​បន្តបន្ទាប់ គឺ​ឡើង​ចុះ​ៗ ដែល​ពេល​ខ្លះ​បាត់​រយៈពេល​១​ឆ្នាំ ទើប​ឃើញ​ចុះ​មក​ទៀត ។ បើ​ទោះបី​យ៉ាងណា​ក្តី​គេ​មិនដឹង​ថា ហ្វូង​ដំរីព្រៃ​ទាំង​អស់នោះ មាន​ចំនួន​សរុប​ពិតប្រាកដ​ប៉ុន្មាន​ក្បាល​នោះ​ទេ ។ ហើយ​ការ​ចុះ​មក​រាតត្បាត កន្លង​មក​សត្វ​ទាំងនេះ​ក៏​ធ្លាប់​លើកគ្នា​ចុះ​មក​អុកឡុក​ធ្វើ​ឱ្យ​អ្នក​ភូមិ​ភ័យ​ខ្លាច​ច្រើន​លើក​ដែរ ដូច​ជា​ចូល​រាតត្បាត​ក្នុងភូមិ​មនោ​រម្យ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ដែល​ជា​តំបន់​ក្បែរ​គ្នា ធ្លាប់​បាន​បំផ្លាញ​ទីតាំង​ផលិត​ស្រាស​ក្នុង​លំនៅ​ឋាន​មួយ​ខ្ទេចខ្ទី​អស់​ទៀត​ផង​។ ប៉ុន្តែ​បន្ទាប់​មក​ក៏​បាន​បាត់​ខាន​ចុះ​មក​បំផ្លាញ​បែប​នេះ ជា​យូរ មក​ហើយ​ដែរ ៕