ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ត្រៀមខ្លួន​តបត​រាល់​ផល​ប៉ះពាល់​ពាណិជ្ជកម្ម​ពី​សហរដ្ឋអាមេរិក

7 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ រដ្ឋាភិបាល​ចិន​បាន​ងាក​ទៅ​រក​ក្រុម​ជំនាញ និង​ក្រុមប្រឹក្សា​ដើម្បី​ទទួល​បាន​ដំបូន្មាន​ក្នុង​ការ​តបត​នឹង​ផល​ប៉ះពាល់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក លោក Donald Trump ទាក់ទិន​នឹង​បញ្ហា​ធ្វើ​ពាណិជ្ជកម្ម ។

ទីក្រុង​ប៉េ​កាំ​ង ៖ រដ្ឋាភិបាល​ចិន​បាន​ងាក​ទៅ​រក​ក្រុម​ជំនាញ និង​ក្រុមប្រឹក្សា​ដើម្បី​ទទួល​បាន​ដំបូន្មាន​ក្នុង​ការ​តបត​នឹង​ផល​ប៉ះពាល់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក លោក Donald Trump ទាក់ទិន​នឹង​បញ្ហា​ធ្វើ​ពាណិជ្ជកម្ម ។

ក្រុមប្រឹក្សា​ជឿជាក់​ថា រដ្ឋាភិបាល​លោក Trump អាច​នឹង​ដាក់​ពន្ធ​ខ្ពស់​ជាង​មុន​លើ​វិស័យ​មួយ​ចំនួន ដែល​ប្រទេស​ចិន​នាំ​ចូល​ទៅ​កាន់​សហរដ្ឋអាមេរិក​ដូច​ជា ដែកថែប និង​គ្រឿងសង្ហារិម​ជាដើម ។

ពួក​គេ​និយាយ​ថា ចិន​អាច​ឆ្លើយ​តប​នឹង​ការ​សម្រេចចិត្ត​នេះ ដោយ​ការ​ស្វែងរក​អ្នក​ផ្គត់ផ្គង់​ផ្សេង​សម្រាប់​ផលិតផល​កសិកម្ម ឬ​ម៉ាស៊ីន និង​ផលិតផល​ពី​រោងចក្រ​ផ្សេង ខណៈ​កាត់​បន្ថយ​ការ​នាំ​ចេញ​ទូរស័ព្ទ​ដៃ ឬ​កុំព្យូទ័រ ។

ពួក​គេ​បន្ថែម​ថា ជម្រើស​ផ្សេង​ទៀត​រួម​មាន ដាក់​ពន្ធ ឬ​រឹត​បន្តិច​ទៅ​លើ​ក្រុមហ៊ុន​របស់​អា​មេ​រិ​ក ដែល​បើក​ដំណើរការ​ក្នុង​ប្រទេស​ចិន ឬ​ដាក់​កំហិត​លើ​ការ​ចូលរួម​ក្នុង​វិស័យ​សេវាកម្ម​ដែល​កំពុង​រីក​លូតលាស់​យ៉ាង​លឿន ។

អ្នក​ប្រឹក្សា​គោលនយោបាយ​ម្នាក់​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ៖ «​នៅ​មានឱកាស​សម្រាប់​ភាគី​ទាំង​សងខាង​ដោះស្រាយ​បញ្ហា​តាម​រយៈ​សហប្រតិបត្តិការ និង​ការ​ពិភាក្សា​ដោយ​មិន​ប្រើប្រាស់​ការ​សងសឹក  ប៉ុន្តែ​ពួក​យើង​គួរតែ​មាន​ផែនការ ប្រសិនបើ​ស្ថានការណ៍​មិន​អំណោយផល » ។

លោកនាយក​រដ្ឋមន្ត្រី​ចិន Li Keqiang បាន​និយាយ​កាលពី​ស​ប្តា​ហ៍​មុន​ថា ប្រទេស​ចិន​មិន​ចង់​ឃើញ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ទេ ហើយ​បាន​ជំរុញ​ឲ្យ​មានការ​ចរចា​រវាង​ភាគី​ទាំង​ពីរ​ផង​ដែរ ។

លោក Steven Mnuchin លេខាធិការ​រតនាគារ​សហរដ្ឋអាមេរិក និយាយ​ដែរ​ថា រដ្ឋាភិបាល​លោក Trump មិន​ចង់​ឲ្យ​កើត​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ទេ ប៉ុន្តែ​ទំនាក់ទំនង​ពាណិជ្ជកម្ម​មួយ​ចំនួន​ត្រូវការ​ត្រួតពិនិត្យ​ឡើង​វិញ ដើម្បី​ធ្វើ​ឲ្យ​មាន​សមភាព​សម្រាប់​ពលករ​អា​មេ​រិ​ក ។

យ៉ាងណា​ក្តី ភាព​មិន​ប្រាកដប្រជា​នា​ពេល​អនាគត​ត្រូវ​បាន​បង្ហាញ​ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ G20 ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ ដែល​បាន​បោះបង់​ការ​សន្យា​រក្សា​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី និង​បើក​ទូលាយ​ក្នុង​ពិភពលោក ។

ប្រភព​ឲ្យ​ដឹង​ដែរ​ថា ប្រទេស​ចិន​អាច​នឹង​បង្កើន​ការ​នាំ​ចូល​ពី​សហរដ្ឋអាមេរិក និង​ជំរុញ​ការ​វិនិយោគ​នៅ​ទីនោះ ដើម្បី​ជួយ​បង្កើត​ការងារ ប៉ុន្តែ​នឹង​មិន​ទទួលយក​រាល់​សកម្មភាព​ឯកតោភាគី​របស់​សហរដ្ឋអាមេរិក​ឡើយ ។

អ្នក​ប្រឹក្សា​គោលនយោបាយ​ម្នាក់​ទៀត​និយាយ​ថា ៖ « ពួក​យើង​មាន​ផែនការ​ទប់ទល់​នឹង​គោលនយោបាយ​អាក្រក់​ជាងគេ​របស់​លោក Trump » ។

គួរ​បញ្ជាក់​ថា លោក Trump ធ្លាប់​បាន​គំរាម​ថា នឹង​ដាក់​ពន្ធ​៤៥%​លើ​ការ​នាំ​ចេញ​របស់​ចិន និង​និយាយ​ជា​រឿយ​ៗ​កាលពី​អំឡុង​ពេល​យុទ្ធនាការ​ថា នឹង​ដាក់​ឈ្មោះ​ចិន​ជា​ប្រទេស​ទម្លាក់​តម្លៃ​ប្រាក់​ដើម្បី​បង្កើន​ការ​នាំ​ចេញ បើ​ទោះជា​ចិន​មិន​បាន​ទម្លាក់​តម្លៃ​ប្រាក់​យន់​ញឹក ញាប់​នា​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ក្តី ។

នៅ​ក្រោម​លក្ខខណ្ឌ​៣​ចំណុច​ត្រូវ​បាន​ដាក់​ដោយ​រតនាគារ​សហរដ្ឋអាមេរិក​ដើម្បី​ដឹង​ថា ប្រទេស​មួយ​ទម្លាក់​តម្លៃ​ប្រាក់​របស់​ខ្លួន ក្នុង​គោលបំណង​ទទួល​បាន​អត្ថប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​ឬ​អត់ ប្រទេស​ចិន​បំពេញ​គ្រប់​តែ​១​ចំណុច​ប៉ុណ្ណោះ គឺ​មាន​ផល​លើស​ពាណិជ្ជកម្ម​ច្រើន​ជាង​២០​ប៊ី​លាន​ដុល្លារ​ជាមួយ​សហរដ្ឋអាមេរិក ។

ក្រសួងពាណិជ្ជកម្ម​អា​មេ​រិ​ក​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ផល​លើស​ពាណិជ្ជកម្ម​របស់​ចិន​ជាមួយ​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​២០,១​ប៊ី​លាន​ដុល្លារ មក​ត្រឹម​៣៤៧​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ ។

កាលពី​ដើមខែ​នេះ អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្ម Gao Hucheng បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​សភា​ប្រចាំឆ្នាំ​ថា ចិន​មិន​ខ្លាច​សង្គ្រាម​ពាណិជ្ជកម្ម​ទេ ប៉ុន្តែ​ពួក​គេ​សង្ឃឹមថា អាច​នឹង​ចៀសវាង​បាន ។ លោក​ថ្លែង​ថា ៖ « ពួក​យើង​ចង់​ដោះស្រាយ​រឿង​នេះ​ឲ្យ​បាន​សមរម្យ ប៉ុន្តែ​យើង​មិន​ខ្លាច​ទេ​។ ប្រសិនបើ​ភាគី​សហរដ្ឋអាមេរិក​ចេញ​សកម្មភាព​ណាមួយ យើង​នឹង​វិភាគ​សកម្មភាព​នោះ​ហើយ​ឆ្លើយ​តប​តាម​ស្ថានការណ៍ » ៕