ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​មាន​ផែនការ​ប្តឹង PTTEP ពី​ករណី​កំពប់​ប្រេង​ឆ្នាំ​2009

7 ឆ្នាំ មុន

ទីក្រុង​ហ្សា​ការ​តា ៖ ក្រសួង​សម្របសម្រួល​កិច្ចការ​ផ្លូវទឹក​របស់​ឥណ្ឌូ​ណេ​ស៊ី​បាន​និយាយ​ថា ប្រទេស​នេះ​កំពុង​រៀបចំ​ប្តឹង​ក្រុមហ៊ុន PTTEP​របស់​ថៃ ពី​ការ​ប៉ះពាល់​បរិស្ថាន បន្ទាប់​ពី​បាន​កំពប់​ប្រេង​នៅ

ទីក្រុង​ហ្សា​ការ​តា ៖ ក្រសួង​សម្របសម្រួល​កិច្ចការ​ផ្លូវទឹក​របស់​ឥណ្ឌូ​ណេ​ស៊ី​បាន​និយាយ​ថា ប្រទេស​នេះ​កំពុង​រៀបចំ​ប្តឹង​ក្រុមហ៊ុន PTTEP​របស់​ថៃ ពី​ការ​ប៉ះពាល់​បរិស្ថាន បន្ទាប់​ពី​បាន​កំពប់​ប្រេង​នៅ Montara កាលពី​ឆ្នាំ​២០០៩ ។

ការ​សម្រេចចិត្ត​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​ការ​ព្យាយាម​ចរចា​លើ​រឿង​នេះ​ដែល​បាន​ផ្អាក​តាំងពី​ឆ្នាំ​២០១២​មក និង​ក្រោយ​មាន​បណ្តឹង​មួយទៀត​ពី​ក្រុម​កសិករ​សា​រ៉ា​យ​សមុទ្រ​ឥណ្ឌូ​ណេ​ស៊ី​ប្រមាណ​១​ម៉ឺន​៥​ពាន់​នាក់ ដោយ​ទាមទារ​ប្រាក់​១៥៤​លាន​ដុល្លារ​ពី PTTEP Australasia ដើម្បី​ជា​សំណង​សម្រាប់​ផល​ប៉ះពាល់​ពី​ការ​កំពប់​ប្រេង ។

មាន​ប្រេង​ប្រមាណ​៣​ម៉ឺន​ធុង​ត្រូវ​បាន​កំពប់​ចូល​ក្នុង​សមុទ្រ Timor ក្នុង​រយៈពេល​៧៤​ថ្ងៃ បន្ទាប់​ពី​មាន​ករណី​ផ្ទុះ​ក្នុង​កន្លែង​ជីក​ប្រេង Montara របស់ PTTEP នៅ​ជិត​ឆ្នេរ​ប៉ែក​ពាយ័ព្យ​ប្រទេស​អូស្ត្រាលី ក្នុង​ឆ្នាំ​២០០៩ ។

លោក Basilio Dias Araujo ជំនួយការ​អនុរដ្ឋមន្ត្រី​ផ្នែក​សុវត្ថិភាព និង​សន្តិសុខ​ឥណ្ឌូ​ណេ​ស៊ី បាន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​ចេញផ្សាយ​លើ​គេហទំព័រ​របស់​ក្រសួង​ថា ៖ « បញ្ហា​នេះ​ទាក់ទិន​ដល់​អធិបតេយ្យភាព និង​សហគមន៍​ក្រីក្រ​ដែល​រស់នៅ​ពឹងផ្អែក​លើ​វិស័យ​ផ្លូវទឹក​។ ដូច្នេះ ពួក​យើង​ត្រូវ​តែ​ប្រឆាំង​នឹង​វា​ដោយ​ហ្មត់ចត់ » ។

សេចក្តីថ្លែងការណ៍​បន្ត​ថា រដ្ឋាភិបាល និង​រដ្ឋ​អាជ្ញា​ឥណ្ឌូ​ណេ​ស៊ី​កំពុង​ប្រមូល​ភស្តុ​តាង និង​កោះហៅ​សាក្សី​ជា​អ្នកជំនាញ​ប្រមាណ​៥០​នាក់​ផង​ដែរ ។

លោក​បន្ថែម​ថា ៖ « រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី បាន​ស្នើ​ឲ្យ PTTEP សង​ប្រាក់​សំណង​ក្រៅ​ផ្លូវច្បាប់​រួច​មក​ហើយ ប៉ុន្តែ​ការ​ចរចា​មិន​អាច​តទៅ​មុខ​បាន​ក្នុង​ឆ្នាំ​២០១២ ។ ដូច្នេះ គ្មាន​ការ​ព្រមព្រៀង​ណាមួយ​ត្រូវ​បាន​សម្រេច​ចេញ​ឡើយ » ។

ប្រេង​ដែល​ចេញពី Montara បាន​ចូល​មក​ក្នុង​ទឹក​របស់​ឥណ្ឌូ​ណេ​ស៊ី និង​ជា​ឧ​ប​ទ្ទេវ​ហេតុ​ការ​ជីក​ប្រេង​លើ​ទឹកធំ​ជាងគេ​របស់​ប្រទេស​អូស្ត្រាលី ។

PTTEP Australasia បាន​និយាយ​លើ​គេហទំព័រ​របស់​ពួក​គេ​ថា ៖ « ប្រេង​ពី​ឧ​ប​ទ្ទេវ​ហេតុ Montara មិន​បាន​ចូល​ទៅ​កាន់​ដែនដី​របស់​ប្រទេស​អូស្ត្រាលី និង​ឥណ្ឌូ​ណេ​ស៊ី​ឡើយ​។ វា​បាន​ប៉ះពាល់​តិចតួច ឬ​មិន​ប៉ះពាល់​ពី​ការ​កំពប់​ប្រេង​នេះ​លើ​ប្រព័ន្ធ​អេកូឡូស៊ី និង​សត្វ​ក្នុង​សមុទ្រ Timor ឡើយ » ។

PTTEP ត្រូវ​បាន​កាត់ក្តី​ឲ្យ​សង​ប្រាក់​៣៩​ម៉ឺន​៤​ពាន់​ដុល្លារ​ដោយ​តុលាការ Darwin កាលពី​ឆ្នាំ​២០១១​ផង​ដែរ បន្ទាប់​ពី​ជាប់​ទោស​ទាក់ទិន​នឹង​រឿង​ផ្សេង​ទៀត​ដូច​ជា សុខភាព សុវត្ថិភាព​កន្លែងធ្វើការ និង​ការ​បរាជ័យ​ក្នុង​ការ​រក្សា​សណ្តាប់ធ្នាប់​នៅ​តំបន់​ប្រេង​ឲ្យ​បាន​ល្អ​ទៀត​ផង​។

កសិករ​សា​រ៉ា​យ​សមុទ្រ​ឥណ្ឌូ​ណេ​ស៊ី​មក​ពី​ខេត្ត Nusa Tenggara Timur បាន​ចាប់ផ្តើម​សកម្មភាព​របស់​ពួក​គេ​កាលពី​ខែសីហា មុន ៕